អន្តរជាតិ
មន្ត្រី​កូរ៉េខាងជើង ឌឺ​លោក ត្រាំ ថា ទីក្រុង​ព្យុងយ៉ាង​គ្មានអ្វី​ត្រូវ​បាត់បង់​ឡើយ​
10, Dec 2019 , 10:14 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅក្នុងតំបន់គ្មានយោធា ក្នុងឧបទ្វីបកូរ៉េ។ រូបភាព៖ AP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅក្នុងតំបន់គ្មានយោធា ក្នុងឧបទ្វីបកូរ៉េ។ រូបភាព៖ AP
​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង បាន​ឌឺដង​ដាក់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ វិញ​ថា ទីក្រុង​ព្យុងយ៉ាង គ្មានអ្វី ត្រូវ​បាត់បង់​ឡើយ​។ ការលើកឡើង​បែបនេះ គឺ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​កូរ៉េខាងជើង​ថា ប្រសិនបើ​នៅតែ​បង្ក​សកម្មភាព​អរិភាព​បន្តទៀត ទីក្រុង​ព្យុងយ៉ាង នឹង​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​៩ ខែធ្នូ​។


 
​បន្ទាប់ពី​ពាក្យ​ព្រមាន​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដាក់​កូរ៉េខាងជើង​យ៉ាងច្បាស់ៗ ពេលនេះ​លោក Kim Yong-chol អតីត​អ្នកចរចា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង បាន​ឆ្លើយតប​ក្នុងន័យ​ឌឺដង​ដាក់​អាមេរិក​វិញ​ថា​៖ « យើង​គ្មានអ្វី ដែល​ត្រូវ​បាត់បង់​ទៀតឡើយ​»​។ បើតាម​លោក Kim អាមេរិក​ស្គាល់​កូរ៉េខាងជើង​តិចពេក​ហើយ ហើយ​លោក​ដូ​ណា​ល់ ត្រាំ មានរឿង​ជាច្រើន ដែល​ត្រូវ​ដឹង​ពី​កូរ៉េខាងជើង​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA អតីត​អ្នកចរចា​នុយ​ក្លែ​អ៊ែរ​កូរ៉េខាងជើង​រូបនេះ បាន​រំឭក​លោក ត្រាំ ដែរ​ថា អាមេរិក​កុំ​សូវ​ព្រមាន​កូរ៉េខាងជើង​ពេក ព្រោះ​វា​នឹង​បង្ក​ឲ្យ​មាន​ភាព​ល្អក់កករ ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ក្នុងនោះ​លោក Kim បាន​ណែនាំ​ឲ្យ​អាមេរិក​ស្វែងរក​ផ្លូវ ដែល​ទប់ស្កាត់​ការ​ទាស់​គ្នា​រវាង​ប្រទេស​ទាំងពីរ គឺ​វា​ល្អ​ជាង​។ 
 
​ជាការ​ពិត ពាក្យ​ព្រមាន​លោក ត្រាំ បានធ្វើ​ឡើង បន្ទាប់ពី​កូរ៉េខាងជើង បានប្រកាសថា ខ្លួន​បានទទួល​ជោគជ័យ​យ៉ាង​ធំធេង​លើ​ការសាកល្បង​របស់​មួយ ប៉ុន្តែ​មកទល់ពេលនេះ គឺ​មិនទាន់​ដឹងថា កូរ៉េខាងជើង​សាកល្បង​អ្វី​នៅឡើយ​ទេ​។ បើតាម​អ្នកជំនាញ​មួយចំនួន កូរ៉េខាងជើង អាច​សាកល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត​។ ប្រសិនជា​ម៉ាស៊ីន​នោះ​មែន វា​នឹង​កាន់តែ​គ្រោះថ្នាក់ ព្រោះ​វា​អាច​នឹង​បាញ់​បង្ហោះ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​កាន់តែ​ឆ្ងាយ​ជាង​មុន​។ 
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ កូរ៉េខាងជើង និង​អាមេរិក មានការ​ឆ្លើយឆ្លង​ពាក្យសម្តី​ឌឺដង ព្រមាន​ដាក់គ្នា​យ៉ាងខ្លាំង ខណៈពេល​ឱ​សាទរ​បស់​កូរ៉េខាងជើង ដែល​ទាមទារ​អាមេរិក​ផ្លាស់ប្តូរ​របៀបវារៈ​ចេញ ជិត​ដល់​ថ្ងៃ​កំណត់​។ ចំណែក​នៅឯ​អង្គការសហប្រជាជាតិ​ឯណោះ​វិញ ក្រុមប្រឹក្សាសន្តិសុខ នឹង​បើក​កិច្ចប្រជុំ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​កូរ៉េខាងជើង បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង ប្រកាស​ពី​ការទទួល​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Sohae ក្នុង​ទីតាំង​សាកល្បង​អាវុធ Tongchang-ri៕ 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com