កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ U22 កម្ពុជា​ដណ្តើម​មេដាយ​សំរឹទ្ធ​ជាមួយ​មី​យ៉ាន់​ម៉ា​នៅ​ម៉ោង​៣​រសៀល​នេះ​
10, Dec 2019 , 10:24 am        
រូបភាព
ខ្សែបម្រើស៊ិន កក្កដា (ខៀវ) របស់​កម្ពុជា​ ប្រជែងយកបាល់ជាមួយខ្សែការពារមីយ៉ាន់ម៉ា SOE AUNG WUNN នាការប្រកួត​ក្នុងពូល A កន្លងមក ដែល​មីយ៉ាន់ម៉ាឈ្នះ ២-១។ រូបថត FFC
ខ្សែបម្រើស៊ិន កក្កដា (ខៀវ) របស់​កម្ពុជា​ ប្រជែងយកបាល់ជាមួយខ្សែការពារមីយ៉ាន់ម៉ា SOE AUNG WUNN នាការប្រកួត​ក្នុងពូល A កន្លងមក ដែល​មីយ៉ាន់ម៉ាឈ្នះ ២-១។ រូបថត FFC
ដោយ:
​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​មី​យ៉ាន់​ម៉ា ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន វេលា​ម៉ោង​៣​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១០ ធ្នូ នេះ​។ ចំណែក​ក្រុម​វៀតណាម​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ឥណ្ឌូណេស៊ី វេលា​ម៉ោង​៧​យប់​។ ការប្រកួត​ទាំងពីរ​រៀបចំ​នៅ​កីឡដ្ឋាន Rizal Memorial Stadium ដូចគ្នា​។​

 
​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម ៤-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Felix Dalmas ត្រូវ​ប៉ះ​ជាមួយ​មី​យ៉ាន់​ម៉ា ដែល​ចាញ់​ឥណ្ឌូណេស៊ី ៤-២ ដើម្បី​ដណ្តើម​មេដាយ​សំរឹទ្ធ​ប្រចាំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​។ ក្រុម​ទាំងពីរ​ធ្លាប់​គ្នា​ម្តង​រួចមកហើយ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល A ដោយ​មី​យ៉ាន់​ម៉ា​យកឈ្នះ​កម្ពុជា​ក្នុង​លទ្ធផល ២-១​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា ២-១ លោក Felix Dalmas គ្រូបង្វឹក​ក្រុម U22 កម្ពុជា​រំពឹង​ជួប​មី​យ៉ាន់​ម៉ា​ម្តងទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ដូច្នេះ​ការជួបគ្នា​លើក​នេះ វា​ជា​ឱកាស​សងសឹក​សម្រាប់​ក​ម្ពុ​ជា ហើយ​វា​ក៏​ជា​អ្វីដែល​លោក Felix ប៉ង​ផងដែរ គ្រាន់តែ​ខុស​វគ្គ​ប៉ុណ្ណោះ​។ 
 
​ដោយឡែក​ក្នុង​វគ្គ​ជម្រុះ​ពូ​ល B ក្រុម U22 វៀតណាម​បាន​យកឈ្នះ​ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ២-១ ផងដែរ​។ បើតាម​លទ្ធផល​នេះ​វៀតណាម​អាចមាន​ភាគរយ​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។ តែ​យ៉ាងណា យើង​ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ចប់​ការប្រកួត​៩០​នាទី​សិន ព្រោះ​បាល់ទាត់​អ្វីៗ​ក៏​អាច​កើតមាន​ដែរ​៕ 

Tag:
 បាល់ទាត់​
  U22 កម្ពុជា​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com