ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
នេះ​ជា​ថ្ងៃ​ចុងក្រោយ ដែល ១០​ធ្នូ ស្ថិតក្នុង​ប្រតិទិន​ឈប់សម្រាក​សាធារណៈ​!
10, Dec 2019 , 11:26 am        
រូបភាព
ដោយ: រួបរួម
​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​នេះ ជា​ថ្ងៃ​ចុងក្រោយ ដែល «​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​» (International Human Rights Day) ស្ថិតក្នុង​ប្រតិទិន​ថ្ងៃ​ឈប់សម្រាក​សាធារណៈ (Public Holiday)​។ តាម​អនុក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​២ ខែសីហា ថ្ងៃ​១០​ធ្នូ និង​ថ្ងៃបុណ្យ​មួយចំនួនទៀត លែង​ជា​ថ្ងៃ​វិស្សមកាល​ទៀតហើយ ដូច្នេះ​ចាប់ពី​ឆ្នាំ​២០២០ ទៅ នៅសល់តែ​ប្រទេស​ណា​មី​ប៊ី និង​កោះ​គិរី​បាទី ប៉ុណ្ណោះ ដែល​យក «​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​» ជា​ថ្ងៃ​ឈប់សម្រាក​។​

 
​បុណ្យជាតិ​សំខាន់ៗ ដែល​រដ្ឋាភិបាល​សម្រេច​លុប​ចេញពី​ប្រតិទិន​ឆ្នាំ​២០២០​នោះ រួមមាន បុណ្យមាឃបូជា​, ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃទី​២០ ឧសភា​, ទិវា​កុមារ​អន្តរជាតិ ១ មិថុនា​, កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា និង​ថ្ងៃទី​១០ ធ្នូ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ជាដើម​។​
 
​តាមពិតទៅ កន្លងមក ទិវា​សិទ្ធិមនុស្ស​មិនមែនជា​ថ្ងៃ​ឈប់សម្រាក​ឡើយ សម្រាប់​បណ្តា​ប្រទេស​ស្ទើរតែ​ទាំងអស់​លើ​ពិភពលោក ដោយ​លើកលែងតែ​កម្ពុជា ណា​មី​ប៊ី កោះ​គិរី​បាទី និង​អាហ្វ្រិក​ខាងត្បូង ប៉ុណ្ណោះ​។ ណា​មី​ប៊ី (Namibia) ដែល​ស្ថិតនៅ​ទ្វីបអាហ្វ្រិក បាន​យក​ទិវា​សិទ្ធិ​ជា​ថ្ងៃ​ឈប់សម្រាក​តាំងពី​ទសវត្សរ៍​៩០​មក ដោយ​បញ្ចូល​ជាមួយ​ទិវា​សិទ្ធិនារី (International Human Rights Day and Namibian Women’s Day)​។ ការ​ប្រារព្ធ​នៅ​ឆ្នាំ​ខ្លះ​ចំ​ថ្ងៃទី​១០ ខែធ្នូ រីឯ​ឆ្នាំ​ខ្លះទៀត​នៅ​ថ្ងៃទី​១១ ខែធ្នូ​។​
 
​ដោយឡែក​គិរី​បាទី (Kiribati) ដែលជា​ប្រទេស​កោះ​នៅ​តំបន់​អូ​សេ​អា​នី នឹង​យក​ទិវា​សិទ្ធិមនុស្ស​ធ្វើជា​ថ្ងៃ​ឈប់សម្រាក ចាប់ពី​ឆ្នាំ​២០១៩ នេះ​តទៅ ដោយ​បញ្ចូល​ជាមួយ​ទិវា​សន្តិភាព (Human Rights and Peace Day)​។ ការ​ប្រារព្ធ​ត្រូវ​កំណត់​យក​ថ្ងៃ​ចន្ទ ឬ​ថ្ងៃ​សុក្រ ដែល​នៅ​កៀក​បំផុត​នឹង​ថ្ងៃទី​១០ ខែធ្នូ ពោលគឺ​មិនមែន​កំណត់​យក​ថ្ងៃទី​១០ ខែធ្នូ ចំ​នោះឡើយ​។​
 
 អាហ្វ្រិក​ខាងត្បូង ក៏មាន​ប្រតិទិន​ឈប់សម្រាក​សម្រាប់​ទិវា​សិទ្ធិមនុស្ស​ផងដែរ ប៉ុន្តែ​ពួកគេ​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែមីនា ដើម្បី​រំលឹក​ដល់​ការសម្លាប់​រង្គាល​នៅ​ក្រុង Sharpeville នា​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​១៩៦០ ពេល​តវ៉ា​ប្រឆាំង​របប​អាប៉ាថេត (Apartheid)​។ អាហ្វ្រិក​ខាងត្បូង​បានប្រកាស​ជា​ថ្ងៃ​ឈប់សម្រាក ក្រោយ​ពេលដែល​លោក Nelson Mandela ក្លាយជា​ប្រធានាធិបតី​ទីមួយ​ដែលជា​ប់​ដោយសារ​ការបោះឆ្នោត​៕

© រក្សាសិទ្ធិដោយ thmeythmey.com