កីឡាជាតិ
ជាតិ
សង្គមជាតិ
អ្នករៀបចំ​ពាក់កណ្តាល​ម៉ារ៉ាតុន បកស្រាយ​ករណី​ដប​ទឹក​សុទ្ធ​រាយពពាយ​
10, Dec 2019 , 12:17 pm        
រូបភាព
លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល់​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ និងដបទឹកសុទ្ធរាយពពាយ។​រូបថត ហ្វេសប៊ុក
លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល់​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ និងដបទឹកសុទ្ធរាយពពាយ។​រូបថត ហ្វេសប៊ុក
សៀមរាប​៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ ដែលមាន​អ្នកចូលរួម​ជាង​១,២​ម៉ឺន​នាក់ នៅ​ខេត្តសៀមរាប បង្ក​ឲ្យ​មានការ​រិះគន់ថា ព្រឹត្តិការណ៍​នេះ បាន​បន្សល់​សំរាម ពិសេស​សំបក​ទឹក​សុទ្ធ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​។ ប៉ុន្តែ ជាទូទៅ​កីឡាករ​រត់ប្រណាំង​ម្នាក់ ដើម្បីឱ្យ​ខ្លួន​ឆាប់​ដល់ទី​ក្នុង​ល្បឿន​មួយ​ដ៏​ខ្លី មិនអាច​ដើររក​ធុងសំរាម សម្រាប់​ដាក់​សំរាម​បានទេ​។ លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល់​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ បាន​លើកឡើងថា ថ្វី​ដ្បិត​ក្រុមការងារ​ពិបាក​បញ្ជា​អ្នករត់​កុំឱ្យ​ចោល​សំរាម​តាមផ្លូវ ប៉ុន្តែ​ក្រុមការងារ ក្រោយ​ចប់​កម្មវិធី​នេះ​ភ្លាម​បាន​ចុះ​ប្រមូល​សំរាម​ភ្លាមៗ​ផងដែរ​។​



​លោក សែម ផល្លា បាន​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នា​ព្រឹក​ថ្ងៃទី​៩​ធ្នូ ថា កីឡាករ​រត់​ម៉ារ៉ាតុន​ម្នាក់ៗ ក្រោយ​ផឹកទឹក និង​ស្រោច​នៅលើ​ក្បាល ដែល​ទទួលបាន​ពី​ស្ថានីយ៍​ទឹក​នីមួយៗ​នៅតាម​ផ្លូវ​រត់ គឺ​តែងតែ​បោះចោល​សំបក​ដក​ទឹក​សុទ្ធ​ទាំងនោះ​ភ្លាមៗ ដើម្បី​បន្ថែម​ល្បឿន​ឆ្ពោះទៅរក​គោលដៅ​ដល់ទី​។ ការបកស្រាយ​បែបនេះ ធ្វើឡើង​ក្រោយ​មានមតិ​មួយចំនួន​រិះគន់​ពាក់ព័ន្ធ​បញ្ហា​សំបក​ដប​ទឹក​សុទ្ធ ដែល​បន្សល់​ក្រោយ​ចប់​ការប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​កាលពី​ថ្ងៃទី​៨ ធ្នូ​។ 

​សម្រាប់​កីឡាករ​រត់ប្រណាំង គឺ​ផ្តោត​សំខាន់​លើ​ពេលវេលា ទោះ​ព្រឹត្តិការណ៍​នោះ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី​ក៏ដោយ ព្រោះ​ពួកគេ​ចង់​រក្សា ឬ​បំបែក​កំណត់ត្រា​ចាស់​របស់​ពួកគេ ពិសេស​ចង់​ទទួលបាន​ជ័យជម្នះ​ពី​ក្នុងការ​ប្រកួត​។ កត្តា​នេះ​ជា​មូលហេតុ ដែល​ពួកគេ ត្រូវ​បង្ខំចិត្ត​បោះ​សំបក​ដប​ទឹក​សុទ្ធ​ចោល​នៅតាម​ដងផ្លូវ ក្រោយ​បរិភោគ ឬ​ស្រោច​លើ​ដងខ្លួន​រួច​។ នេះ​បើតាម​ការបន្ថែម​របស់​លោក សែម ផល្លា ដែល​អះអាង​បញ្ហា​នេះ​មិនមែន​កើតមាន​នៅតែ​កម្ពុជា​នោះទេ សូម្បី​ប្រទេស​ធំៗ​លើ​ពិភពលោក ក៏​ជួប​បញ្ហា​នេះដែរ​។
 
​សម្រាប់​បញ្ហា​សំបក​ដប​ទឹក​សុទ្ធ​នៅ​កម្ពុជា លោក សែម ផល្លា បាន​និយាយ​ដូច្នេះ​ថា​៖«​ពេល​ចប់​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ភ្លាម ក្រុមការងារ​ដែល​យើង​ត្រៀម​ទុក​នោះ នឹង​ចុះ​ប្រមូល និង​បោសសម្អាត សំរាម ក៏ដូចជា​សំបក​ដប​ទឹក​សុទ្ធ​ទាំងនោះ​ចេញពី​ផ្លូវ​ឱ្យអស់ ភ្លាម​ផងដែរ​។ យើង​មិនមែន​ទុក​សំរាម​ទាំងនោះ រាប់​ថ្ងៃ​...​រាប់​ខែ​ចោល  ដោយ​គ្មាន​ការរៀបចំ និង​ប្រមូល​ចេញ​នោះទេ ហើយក៏​មិនមែន​ទុក​សំរាម​ទាំងនោះ ឱ្យ​បំផ្លាញ​បរិស្ថាន ផងដែរ​»​។

​លោក​បាន​បន្តទៀតថា ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ម៉ារ៉ាតុន ពិសេស​នៅក្នុង​តំបន់​ទេសចរណ៍ ក្រុមការងារ​ពាក់ព័ន្ធ តែងតែ​គិត​ទៅដល់​បញ្ហា​សំរាម​នានា ហើយ​ក្រុមការងារ​បានរៀបចំ​ធុងសំរាម នៅតាម​ផ្លូវ​រត់​ម៉ារ៉ាតុន​ទាំងនោះ និង​ស្នើ​ដល់​អ្នកប្រចាំការ​នៅ​ស្ថានីយ៍​ផ្តល់​ទឹក​នីមួយៗ ជួយ​រើស​សំរាម ឬ​សំបក​កំប៉ុង និង​សំបក​ដប​ទឹក​នានា ទាំងនោះ​នៅតាម​កន្លែង​រៀងៗ ពិសេស​នៅលើ​ផ្លូវ​រត់​តែម្តង ដើម្បី​កុំឱ្យ​ជាន់រ​ដួល ក៏​ដូច​ដើម្បី​សម្រួល​ដល់​ការសម្អាត​ក្រោយ​ចប់​កម្មវិធី​នេះ ផងដែរ​។​

«​បើ​ឲ្យ​ប្រមូល​ភ្លាមៗ​គឺ​ពិបាក​ណាស់ ពីព្រោះ​គេ​រត់​ពេញ​នឹង ប្រមូល​មួយ​គេ​បោះ​មួយ យើង​មិនមាន​កម្លាំង​គ្រប់គ្រាន់​នោះទេ​។ បើ​ចង់​ប្រមូល​ភ្លាមៗ​យើង​ត្រូវការ​កម្លាំង​យ៉ាងតិច​៥​ពាន់​នាក់ ដោយសារ​យើង​ត្រូវ​ពង្រាយ​ពី​៣​ទៅ​៤​ម៉ែត្រ​ម្នាក់​តាម​ដងផ្លូវ ដែល​ត្រូវ​រត់​រហូត​»​។ នេះ​ជាការ​លើកឡើង​របស់លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​។​

​ពាក់ព័ន្ធ​បញ្ហា​រឿង​សំរាម​នេះដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទទួលស្គាល់ថា នៅមាន​បញ្ហា​ខ្វះខាត​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​។ តែ​យ៉ាងណា លោក សង្កេតឃើញថា អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​មានការ​យល់ដឹង​កាន់តែច្រើន​ពាក់ព័ន្ធ​បញ្ហា​នេះ​។

«​ឆ្នាំនេះ បញ្ហា​បរិស្ថាន​ខ្ញុំ​កត់សម្គាល់​ឃើញថា មាន​ភាពល្អប្រសើរ​ជាង​មុន គឺ​បងប្អូន​គាត់​យកចិត្តទុកដាក់​ចូល​រួម​ណាស់ នៅមាន​ចំណុច​ខ្វះខាត​តិចតួច ប៉ុន្តែ​យើង​សង្កេតឃើញថា ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​អ្នកចូលរួម​កើនឡើង និង​មានការ​យល់ដឹង​ច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រឹត្តិការណ៍​ខាងលើ​ថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។ ជាពិសេស​អ្នករត់​ទាំងនោះ រត់​ដោយ​ស្នាមញញឹម និង​ប្រកបដោយ​ការ​អធ្យាស្រ័យ​។ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ រំពឹងថា នៅ​ឆ្នាំក្រោយ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ នឹង​អាច​រក្សា​កំណើត​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដូច​ឆ្នាំនេះ​។

​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ចំនួន​១២,១៧៥​នាក់​បាន​ចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ដែល​ធ្វើឡើង​ដើម្បី​ស្វែងរក​ជំនួយ​សម្បុ​រសធម៌​នៅ​ឆ្នាំនេះ​។ ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ​២០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន មាន​អ្នកចូលរួម​ត្រឹមតែ​១០,៥០០​នាក់​។ ក្រៅពី​ស្វែងរក​ថវិកា​ជួយ​មន្ទីរ​ពេ​ទ្រ​គន្ធ​បុ​ប្ឆា​, កុមារ​អង្គរ និង​អង្គការ​សប្បុរសធម៌​នានា ការការពារ​បរិស្ថាន ការទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​៕  

 


Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com