កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ចូលខ្លួន​សម្រុះសម្រួល​ក​រ​ណី WADA ដែល​ហាម​រុស្ស៊ី​មិន​ឲ្យ​លេង World Cup ២០២២
10, Dec 2019 , 3:29 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បាន​ទាក់ទង​ជាមួយ​ទីភ្នាក់ងារ ប្រឆាំង​ការប្រើ​សារធាតុ​ញៀន​ពិភពលោក (WADA) ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​របៀប​ដែល​ស្ថាប័ន​នេះ ហាម​រុស្ស៊ី​មិន​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក ជាពិសេស​កីឡាបាល់ទាត់​។ FIFA បង្ហាញ​បំណង​ចង់​ឲ្យ WADA កុំ​ដាក់ពិន័យ​រុស្ស៊ី​លើ​ក្រុមកីឡា​បាល់ទាត់​។​

 
​រុស្ស៊ី​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ធំៗ​រយៈពេល​៤​ឆ្នាំ បន្ទាប់ពី WADA រកឃើញថា ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​រុស្ស៊ី (RUSADA) បាន​បន្លំ​ទិន្នន័យ​ក្នុង​មន្ទីរពិសោធន៍​ដែល​ធ្វើ​ឲ្យ​ឯកសារ​ស៊ើបអង្កេត​មិន​ស៊ីចង្វាក់​គ្នា​ជុំវិញ​ការប្រើប្រាស់​សារធាតុ​ប៉ូវ​កំលាំង​ខុសច្បាប់​នេះ​។ RUSADA មាន​រយៈពេល ២១ ថ្ងៃ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​លើ​ករណីនេះ មុន​បញ្ជូនទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា​។​
 
​ការហាម​នេះ នឹងធ្វើ​ឲ្យ​អត្ត​ព​លិ​ក​រុស្ស៊ី​មិនអាច​ប្រកួតប្រជែង​នៅក្រោម​ទង់ជាតិ​រុស្ស៊ី​នា​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០ នៅ​តូ​ក្យូ ឬ​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២ ឡើយ ខណៈដែល​វត្តមាន​របស់​ក្រុមកីឡា​បាល់ទាត់​រុស្ស៊ី ក្នុង​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០២២ នៅ​កាតា ក៏​ស្ថិតក្នុង​គ្រោះថ្នាក់​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ សហព័ន្ធ​កីឡាបាល់ទាត់​រុស្ស៊ី (RFU) សង្ឃឹមថា ផ្នែក​កីឡាបាល់ទាត់​នឹងមិន​រង​ផលប៉ះពាល់​អ្វី​នោះទេ ស្របពេល​ប្រទេស​នេះ​កំពុង​រង់ចាំ​ស្តាប់​ដំណឹង​ពី FIFA​។​
 
​មកទល់ពេលនេះ FIFA នៅ​មិនទាន់​បង្ហាញ​ជំហរ​របស់ខ្លួន​ណាមួយ​ជុំវិញ​ការដាក់ពិន័យ​លើ​អត្ត​ព​លិ​ក​រុស្ស៊ី​នៅឡើយ​ទេ ប៉ុន្តែ​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​មួ​នេះ​នេះ បញ្ជាក់ប្រាប់​ទូរទស្សន៍ Omnisport ថា​ខ្លួន​កំពុង​ទាក់ទង​ជាមួយ WADA និង​សហព័ន្ធ​កីឡា​អូឡាំពិក​អន្តរជាតិ​រដូវក្តៅ (ASOIF) ដើម្បី​ដោះស្រាយ​សម្រាប់​ក្រុម​ជម្រើសជាតិ​បាល់ទាត់​រុស្ស៊ី​។​
 
«FIFA បានកត់សំគាល់​ពី​ការសម្រេចចិត្ត​របស់​គ​ណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ WADA នៅថ្ងៃនេះ​។ FIFA កំពុង​ទាក់ទង​ជាមួយ WADA និង ASOIF ដើម្បី​បញ្ជាក់​ពី​ទំហំ​នៃ​ការសម្រេចចិត្ត​ទាក់ទង​នឹង​កីឡាបាល់ទាត់​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ FIFA ខណៈដែល​ស្ថាប័ន​ហាក​មិន​ចង់​ឲ្យ​មានការ​ដាក់ពិន័យ​លើ​ក្រុមកីឡា​ទាត់​រុស្ស៊ី​នៅ​ព្រឹត្តិការណ៍ World Cup 2020 នោះឡើយ​។​
 
​លោក Jonathan Taylor ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ដែល​បានផ្តល់​យោបល់​ដល់​ការដាក់ទណ្ឌកម្ម​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នេះ​ជាការ សម្រេចចិត្ត​ដ៏​សំខាន់បំផុត​សម្រាប់​រាល់​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ដែល​ត្រូវ​ហាមឃាត់​។ លោក​បន្ថែមថា កីឡា​នីមួយៗ​ត្រូវ​វាយតម្លៃ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ខុសៗ​គ្នា​។​
 
«​សូម​ឲ្យ​ច្បាស់​អំពី​ចំនួន​កីឡា​សរុប​ដែល​ស្ថិតក្នុង​កញ្ចប់​ពិន័យ​នេះ​។ វា​ជា​កញ្ចប់​ពិន័យ​រយៈពេល​៤​ឆ្នាំ ហើយ​កីឡា​នីមួយៗ​គឺ​ខុសគ្នា​។ ដូច្នេះ​ត្រូវ​សម្រេច​ឲ្យ​បាន​ទៅតាម​ស្តង់ដារ​ច្បាស់លាស់​បំផុត​»​។ នេះ​ជាការ​លើកឡើង​របស់លោក Taylor​។​
 
​ប្រសិនបើ​រុស្ស៊ី​ត្រូវ​ហាម​លេង World Cup ឆ្នាំ​២០២២ តាម​ការអនុវត្ត​រប​ស់ WADA ក៏ដោយ ប៉ុន្តែ​សម្រាប់​ពាន​អឺរ៉ុប Euro2020 ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Stanislav Cherchesov នៅតែ​អាច​ចូល​លេង​បាន ដ្បិត UEFA មិនបាន​ចុះបញ្ជី​សម្រាប់​ប្រទេស​ហត្ថលេខី​ជាមួយ WADA នោះទេ​៕

Tag:
 WADA
  FIFA
  World Cup
  សារធាតុ​ហាមឃាត់​
© រក្សាសិទ្ធិដោយ thmeythmey.com