លោក ពូ​ទីន ចាត់ទុក​ការហាម​រុស្ស៊ី​ពី ​World Cup​ និង​អូឡាំពិក​ថា «​មាន​ចរិត​នយោបាយ​»
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក ពូ​ទីន ចាត់ទុក​ការហាម​រុស្ស៊ី​ពី ​World Cup​ និង​អូឡាំពិក​ថា «​មាន​ចរិត​នយោបាយ​»
10, Dec 2019 , 2:18 pm        
រូបភាព
​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ប៉ូវ​កម្លាំង​ពិភពលោក (WADA) នៅ​ថ្ងៃ​ចន្ទ​ទី​៩ ខែធ្នូ បានដាក់​បម្រាម​រយៈពេល​៤​ឆ្នាំ​លើ​ប្រទេស​រុស្ស៊ី ពី​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សកល​ធំៗ ដូចជា អូឡាំពិក​នៅ​តូ​ក្យូ​ឆ្នាំ​២០២០ និង FIFA World Cup ឆ្នាំ​២០២២​នៅ​កាតា​។ ការសម្រេចចិត្ត​បែបនេះ ធ្វើឡើង​ក្រោយពី​ទីភ្នាក់ងារ​ដែលមាន​មូលដ្ឋាន​នៅ​កាណាដា​មួយ​នេះ បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ​ថា ក្លែងបន្លំ​ទិន្នន័យ​ពី មន្ទីរពិសោធន៍​ប្រឆាំង​សារធាតុ​ប៉ូវ​កម្លាំង​មួយ​។ ទាក់ទិន​នឹង​ដំណឹង​នេះ មេដឹកនាំ​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន  ខឹងសម្បារ​ជាខ្លាំង ដោយ​ចាត់ទុក​ទង្វើ​នេះ «​មាន​ចរិត​នយោបាយ​»​។ 

 
​ពី​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង លោក​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន បាន​ប្រតិកម្ម​ខ្លាំង​លើ​ការសម្រេចចិត្ត​នេះ ដោយ​ចាត់ទុកថា «​មាន​ចរិត​នយោបាយ​» ដែល​ផ្ទុយស្រឡះ​ពី​ធម្មនុញ្ញ​របស់ អូឡាំពិក​។ លោក គូសបញ្ជាក់​ដូច្នេះ​៖«​វា​គ្មាន​អ្វីដែល​ត្រូវ​ស្តីបន្ទោស​គណៈកម្មាធិការ​អូឡាំពិក​រុស្ស៊ី​សម្រាប់​រឿងនេះ​ឡើយ​»​។ ត្រង់នេះ លោក ទំនង​ចង់​សំដៅ​ដល់ ការចោទប្រកាន់​របស់​ទីភ្នាក់ងារ WADA ដែល​ឈានដល់​ការដាក់​បម្រាម​រុស្ស៊ី​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ពូ​ទីន សង្កត់ធ្ងន់​ទៀតថា ប្រសិនបើ​វា​គ្មាន​អ្វីដែល​ត្រូវ​ស្តីបន្ទោស​គណៈកម្មាធិការ​នេះ​ទេនោះ ប្រទេស​រុស្ស៊ី គួរ​អាច​ចូលរួម​ក្នុង​ប្រកួតប្រជែង​ដោយ​ប្រើប្រាស់​ទង់ជាតិ​ប្រទេស​ខ្លួន​ផ្ទាល់​។ 
 
​ដូចគ្នា​នឹង​ការលើកឡើង​របស់លោក​ពូ​ទីន លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ (Dmitry Medvedev) ក៏​ ​អះអាងថា ការដាក់​បម្រាម​នេះ គឺមាន​ចរិត​នយោបាយ​។ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​រុស្ស៊ី លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ទង្វើ​នេះ គឺជា​ការបន្ត​ប្រឆាំងនឹង​រុស្ស៊ី​ដែល​បានក្លាយ​ទៅជា​រ៉ាំរ៉ៃ​រួចទៅហើយ​»​។ 
 
​ក្រោយ​ជំនួប​ក្នុង Lausanne នៃ​ប្រទេស​ស្វី​ស គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ប៉ូវ​កម្លាំង​ពិភពលោក (WADA) បានសម្រេច​ព្យួរ​កៅអី​រុស្ស៊ី​រយៈពេល​៤​ឆ្នាំ បន្ទាប់ពី​ចោទ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ថា​លួច​ក្លែងបន្លំ​ទិន្នន័យ​ពី​មន្ទីរពិសោធន៍​ធ្វើតេស្ត​សារធាតុ​ប៉ូវ​កម្លាំង ដែល​ត្រូវ​បានប្រគល់​តួនាទី​ឲ្យ​បើក​ការស៊ើបអង្កេត កាលពីដើមឆ្នាំ​២០១៩​នេះ​។ ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដែល​ពុំ​ធ្លាប់មាន​ដែល​ដាក់​លើ​រុស្ស៊ី​នេះ នឹង​ហាមប្រាម​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ពី​ការចូល​ទស្សនា​ព្រឹត្តិការណ៍​ធំៗ​ទាំងអស់ ខណៈ​ប្រទេស​នេះ នឹង​បាត់បង់​សិទ្ធិ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ ឬ​ដេញថ្លៃ​សម្រាប់​ការប្រកួត​នានា​ផងដែរ​។ 
 
​ប្រធាន​ទីភ្នាក់ងារ WADA លោក Craig Reedie បញ្ជាក់ថា ជា​យូរ​មកហើយ ការប្រើ​សារធាតុ​ប៉ូវ​កម្លាំង​ពី​សំណាក់​អត្ត​ព​លិ​ក​រុស្ស៊ី បាន​ឲ្យ​បាត់បង់​តម្លៃ​វិស័យ​កីឡា​ស្អាតស្អំ​។ លោក បន្តថា រុស្ស៊ី ត្រូវបាន​ផ្តល់ឱកាស​ជានិច្ច​សម្រាប់​រៀបចំ​ទង្វើ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ចូលរួម​ឡើងវិញ​ជាមួយ​សហគមន៍​ប្រឆាំង​សារធាតុ​ប៉ូវ​កម្លាំង​សកល​ដែល​ល្អ​សម្រាប់​អត្ត​ព​លិ​ក​ខ្លួន និង​សេចក្តីថ្លៃថ្នូរ​នៃ​វិស័យ​កីឡា ក៏ប៉ុន្តែ រុស្ស៊ី បានជ្រើសរើស​បន្តសកម្មភាព​ខ្លួន ដោយ​ឈរលើ​ជំហរ​រឹងត្អឹង​។​
 
​ក្រោម​ទណ្ឌ​កម្មនេះ កីឡាករ និង​កីឡា​ការ​នី​របស់​រុស្ស៊ី នឹង​នៅតែ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួតប្រជែង​នៅ​ព្រឹត្តិការណ៍​កីឡា អូឡាំពិក ឆ្នាំក្រោយ និង​កីឡា​អូឡាំពិក នៅ​ប៉េកាំង ឆ្នាំ​២០២២ ក៏ប៉ុន្តែ​តម្រូវ​ឲ្យ​ពួកគេ​រក្សា​ជំហរ​អព្យាក្រឹត ហើយ​ប្រសិនបើ​ពួកគេ​អាច​បង្ហាញ​ឲ្យ​ឃើញថា ពួកគេ​មិន​ស្ថិត​ជា​ផ្នែក​មួយ​នៃ​អ្វីដែល​ទីភ្នាក់ងារ WADA ជឿជាក់ថា​គឺ​ប្រព័ន្ធ​គាំទ្រ​ដោយ​រដ្ឋ​ក្នុង​ការប្រើ​សា​ធារ​ធាតុ​ប៉ូវ​កម្លាំង​។ ទន្ទឹមនេះ ប្រទេស​រុស្ស៊ី នឹង​នៅតែ​អាច​ចូល​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២២​។ យ៉ាងណាមិញ អគ្គនាយក​នៃ​ទីភ្នាក់ងារ WADA លោក Olivier Niggli បន្ថែមថា ពួកគេ​គួរ​អាច​ឆ្លងកាត់​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កាតា តែ​ក្រុម​នេះ​នឹងមិន​តំណាង​សហព័ន្ធរុស្ស៊ី​ឡើយ​។​
 
​ទោះជា​បែបនេះ​ក្តី ការចូលរួម​របស់​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ UEFA Euro ២០២០ និង​ការធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ក្រុង Saint Petersburg  ដែលមាន​បួន​ប្រកួត​នោះ គឺ​មិន​ប៉ះពាល់​ដោយ​ការអនុវត្ត​បម្រាម​នេះឡើយ ព្រោះថា ព្រឹត្តិការណ៍​ទាំងនេះ ពុំ​ត្រូវបាន​ចាត់ថ្នាក់​ជា «​ព្រឹត្តិការណ៍​ធំ​» សម្រាប់​គោលដៅ​ប្រឆាំង​សារធាតុ​ប៉ូវ​កម្លាំង​នោះឡើយ​។ 
 
​សូមបញ្ជាក់ថា រឿងរ៉ាវ​ជុំវិញ​ការផ្តល់​សារធាតុ​ប៉ូវ​កម្លាំង​ដល់​អត្ត​ព​លិ​ក​ដែល​គាំទ្រ​ដោយ​រដ្ឋ ក្នុងប្រទេស​រុស្ស៊ី ចន្លោះ​ពី​២០១១ និង ២០១៥ ត្រូវបាន​ទម្លាយ​ក្នុង​របាយការណ៍​ឯករាជ្យ​មួយ ដែល​ចុះផ្សាយ​ក្នុង​ឆ្នាំ​២០១៦ ដោយ​មេធាវី​កីឡា​ម្នាក់ លោក Richar McLaren ។ វា​បានធ្វើ​ឲ្យ​ទីភ្នាក់ងារ​ប្រឆាំង​សារ​ធា​ត​ប៉ូវ​កម្លាំង​របស់​រុស្ស៊ី (RUSADA) ត្រូវបាន​ព្យួរ​រយៈពេល​៣​ឆ្នាំ ជុំវិញ​កម្មវិធី​សារធាតុ​ប៉ូវ​កម្លាំង​ដែល​គាំទ្រ​ដោយ​រដ្ឋ​៕

Tag:
 ​រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  World Cup
  អូឡាំពិក​
© រក្សាសិទ្ធិដោយ thmeythmey.com