ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ស្រងាកចិត្ត​ខ្លាំង ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​លោក​គន់ គីម និង លោក​ទ្រី ភាព
10, Dec 2019 , 2:56 pm        
រូបភាព
លោក គន់ គីម (ឆ្វេងដៃ) និង លោក ទ្រី ភាព
លោក គន់ គីម (ឆ្វេងដៃ) និង លោក ទ្រី ភាព
ដោយ: ថ្មីៗ
អាមេរិក រកឃើញថា ឧកញ៉ា ទ្រី ភាព និង ទេសរដ្ឋមន្រ្តី គន់ គីម បានប្រព្រឹត្តអំពើពុករលួយ ហើយក៏សម្រេចដាក់ទណ្ឌកម្មលើលោកទាំងពីរ។ អ្នកនាំពាក្យការបរទេស និងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មព្រមគ្នាទៅនឹងអាមេរិក។

 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា សម្តែង​ការខកចិត្ត ចំពោះ​អាមេរិក ដែល​បានដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា​ទ្រី ភាព និង លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង ជា​អនុប្រធាន​ទីមួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​ចោទប្រកាន់​លោក​ទាំងពីរ ថា​ប្រព្រឹត្ត​អំពើពុករលួយ​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ចេញ​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ អ្នកនាំពាក្យ​ការបរទេស តប​នឹង​អាមេរិក​ដូច្នេះ​ថា​៖«​ទង្វើ​នេះ ធ្វើ​ឲ្យ​មានការ​ស្រងាកចិត្ត​យ៉ាងខ្លាំង នៅពេល​បុគ្គល​សាធារណៈ​របស់​ប្រទេសមួយ ត្រូវបាន​ក្លាយទៅជា​កម្ម​វត្ថុ​នៃ​វិធានការ​ទណ្ឌកម្ម​របស់​ប្រទេស​ដទៃទៀត ដោយ​ផ្អែកលើ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​គ្មាន​ការគោរព​ទាល់តែសោះ ចំពោះ​ឯករាជ្យ​នៃ​ច្បាប់​និង​យុត្តិធម៌​របស់​ប្រទេសមួយ​...»​។ 
 
​អ្នកនាំពាក្យការបរទេស បន្តថា ទង្វើ​របស់​អាមេរិក គឺជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​គោលការណ៍​ស្តីពី​ស្មើភាព​នៃ​អធិបតេយ្យ និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ផ្សេងទៀត​។ 
 
​លើសពីនេះ អ្នកនាំពាក្យការបរទេស បាន​ហៅ​ការដាក់ទណ្ឌកម្ម​នេះ ថា​ជាការ​វាយប្រហារ​ប្រឆាំងនឹង​កិច្ចប្រឹងប្រែង​ក្នុងការ​ស្តារ​ទំនុកចិត្ត​រវាង​កម្ពុជា​និង​អាមេរិក តាមរយៈ​សារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ផ្ញើ​ឲ្យ​គ្នា​ទៅវិញទៅមក​នាពេល​ថ្មីៗ​នេះ​។ 
 
​ប្រតិកម្ម​នឹង​អាមេរិក​ដូច្នេះ​រួចហើយ អ្នកនាំពាក្យការបរទេស ក៏​សរសើរថា លោក គន់ គីម ត្រូវបាន​ទទួលស្គាល់​ជា​សាធារណៈ ចំពោះ​ការរួមចំណែក​យ៉ាងច្រើន ក្នុង​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម ហើយ​លោក ទ្រី ភាព បាន​ដើរតួនាទី​ដ៏​សកម្ម​ក្នុងការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏មិននៅស្ងៀមដែរ។ លោក សរសេរលើគណនីហ្វេសប៊ុកបែបនេះថា៖«ជាការភ្ញាក់ផ្អើលមួយ នៅពេល ដែលខ្ញុំទទួលបានព័ត៌មានផ្សព្វផ្សាយជាសាធារណៈពីការចោទប្រកាន់ និងការដាក់ទណ្ឌកម្ម ក្នុងលក្ខណៈឯកតោភាគីពីស្ថាប័នហិរញ្ញវត្ថុរបស់អាមេរិកមកលើប្រជាពលរដ្ឋខ្មែរ»។ 

ប៉ុន្តែ លោក ផៃ ស៊ីផាន យល់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាមរិក មិនមានអ្វីប៉ះពាល់ឡើយ ពោលគឺ ប្រទេសទាំងពីរ នៅតែបន្តគោរពគ្នាទៅវិញទៅមក។
 
​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ដែលជាទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ក្រសួង​រតនាគារ​អាមេរិក បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការអនុវត្ត​ច្បាប់ Global Magnitsky ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​លោក ទ្រី ភាព និង លោក គន់ គីម​។
 
​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក រកឃើញថា លោក ទ្រី ភាព និង លោក គន់ គីម បាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដូចគ្នា ដូចជា ការកេងបន្លំ​យក​ទ្រព្យសម្បត្តិ​រដ្ឋ និង ការ​ដកហូតយក​ទ្រព្យសម្បត្តិ​ឯន​ជន ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បន្តថា លោក​ទាំងពីរ ក៏បាន​ប្រព្រឹត្ត​អំពើពុករលួយ​ផ្សេងទៀត​ដែរ ដូចជា ការចុះកិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ក្នុងការ​ទាញយក​ធន​ធាន​ធម្មជាតិ និង ការស៊ីសំណូក​សូកប៉ាន់​។   
 
​ក្រៅពីនេះ ក្រសួង​រតនាគារ​អាមេរិក នៅរកឃើញថា លោក​ទាំងពីរ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ផ្សេង​ពីគ្នា​ទៀត​។ 
 
​ចំពោះ​លោក ទ្រី ភាព ត្រូវ​ក្រសួង​រតនាគារ​អាមេរិក ចោទថា បាន​បង្កើត​បណ្តាញ​កាប់​ឈើ​ខុ​ច្បាប់​យ៉ាង​ធំធេង ដោយមាន​បង្អែក​ពី​មន្ត្រី​រដ្ឋាភិបាល។ ក្រសួង​រតនាគារ​អាមេរិក អះអាងថា លោក ទ្រី ភាព ទទួលបាន​ការការពា​រ​ផ្នែក​យោធា ហើយ លោក បាន​ប្រើប្រាស់​កម្លាំងយោធានោះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​សកម្មភាព​នាំ​ឈើ​ចេញទៅ​វៀតណាម ចិន អឺរ៉ុប និង រុស្សី​។  
 
​ក្រសួង​រតនាគារ​អាមេរិក សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដូច្នេះ​ថា​៖«​ការទទួលបាន​ការគាំទ្រ​ពី​មន្ត្រី​រដ្ឋាភិបាល​នេះ ធ្វើ​ឲ្យ​អាជ្ញាធរ ពិបាក​ក្នុងការ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក ទ្រី ភាព​។ ឧទាហរណ៍ ដូចជា​ករណី​ដែល​លោក ទ្រី ភាព បាន​ឲ្យ​លុយ​ដល់​មន្ត្រី​ឧទ្យាន​ជាតិ ដើម្បី​ឲ្យ​រក្សា​ការសម្ងាត់ កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ដឹងឮ​ពី​អំពើ​របស់លោក​»​។​
 
​ចំណែក លោក គន់ គីម ត្រូវបាន​ក្រសួង​រតនាគារ​អាមេរិក ចោទថា ទទួលបាន​លុយ​ជាច្រើន​ពី​​អង្គភាព​រដ្ឋ​មួយ​របស់​ចិន​។ ក្រសួង​រតនាគារ​អាមេរិក លាតត្រដាង​ថា លោក គន់ គីម ដែល​ធ្លាប់ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​បំភិតបំភ័យ និង​រុះរើ (​ផ្ទះសម្បែង​) ហើយ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ ទៅ​ឲ្យ​អង្គភាព​រដ្ឋ​របស់​ចិន ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក​។ 
   
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​រតនាគារ​អាមេរិក រិះគន់​បែបនេះ​ថា​៖«​ឥស្សរជន​កម្ពុជា ដូច​លោក គន់ គីម ជាដើម បាន​ប្រើប្រាស់​បណ្តាញ​ជា​គ្រួសារ​របស់​ពួកគេ បង្កើតជា​រចនាសម្ព័ន្ធ​ស្រមោល ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដែល​បានមក​ដោយ​អំពើ​ទុច្ចរិត​»​។ 
 
​ក្រសួង​រតនាគារ​អាមេរិក ចាត់ទុក​អំពើពុករលួយ​បែបនេះ ថា​អាច​បង្ក​មហន្តរាយ​ដល់​ចក្ខុវិស័យ​របស់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែលមាន​លក្ខណៈ​សេរី​និង​បែក​ចំហ ដូច្នេះ អាមេរិក ត្រូវ​ចែករំលែក​ព័ត៌មាន​នេះ ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង ដៃគូ​ផ្សេងទៀត នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​»​។​
 
​ក្រសួង​រតនាគារ​អាមេរិក គ្រាន់តែ​ប្រើពាក្យ​ថា ដាក់ទណ្ឌកម្ម​លើ​លោក ទ្រី ភាព និង លោក គន់ គីម តែ​ពុំបាន​បញ្ជាក់​ឲ្យ​ច្បាស់​ឡើយ​ថា ការ​ទណ្ឌកម្ម​លើ​អ្វីខ្លះ​។ យ៉ាងណា Global Magnitsky គឺ​ជាច្បាប់​មួយ​ប្រភេទ ដែល​អាមេរិក យកមកប្រើ​ប្រាស់ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​ប្រទេស​ដទៃ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។ ទណ្ឌកម្ម​ទាំងនោះ មានដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ និង​ការមិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ចូល​ទឹកដី​អាមេរិក ជាដើម។ 

សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ទ្រី ភាព ដើម្បីសុំការឆ្លើយតបឡើយ ឯលោក គន់ គីម ហៅទូរស័ព្ទចូលដែរ តែលោក មិនបានលើក។

មិនមែនជាលើកទីមួយទេ កន្លងមក អាមេរិក បានដាក់ទណ្ឌកម្មលើមន្រ្តីនិងឧកញ៉ាកម្ពុជាមួយចំនួនរួចហើយ ដោយចោទថា អ្នកទាំងនោះ បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ទណ្ឌកម្មដែលដាក់នោះ គឺបង្កកទ្រព្យរបស់ពួកគេ ដែលផ្ញើនៅអាមេរិក និង មិនឲ្យពួកគេជាន់ទឹកដីអាមេរិក៕  

អត្ថបទទាក់ទង

Tag:
 អាមេរិក​
  ទណ្ឌកម្ម​
  អំពើពុករលួយ​
  គន់ គីម​
  ទ្រី ភាព​
  ក្រសួងការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com