អន្តរជាតិ
លោក ស៊ី ប្រាប់មេដឹកនាំថ្មីអឺរ៉ុបថា ចិនមិនមែនជាការគំរាមកំហែង តែជាឱកាសសម្រាប់អឺរ៉ុប ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ដែលទើបឡើងកាន់តំណែងថ្មីៗ។
× ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៩ ខែធ្នូ បានធានាតាមទូរសព្ទទៅកាន់មេដឹកនាំអឺរ៉ុបថ្មីថា ចិន មិនមែនជាការគំរាមកំហែងរបស់អឺរ៉ុបឡើយ តែចិនជាឱកាសសម្រាប់ប្លុកដ៏ធំមួយនេះ។ លើសពីនោះ គោលនយោបាយចិនចំពោះអឺរ៉ុប ក៏មិនមានប្រែប្រួលអ្វីដែរ ដោយសារចិនចាត់ទុកអឺរ៉ុបជាដៃគូដ៏សំខាន់ ហើយមានបញ្ហាដែលត្រូវបំពេញរួមគ្នា។ ការធានារបស់លោក ស៊ី ធ្វើឡើងខណៈដែលប្រទេសអឺរ៉ុបកំពុងប្រុងប្រយ័ត្នខ្លាំងនឹងការងើបឡើងរបស់ចិន។
ប្រធានាធិបតីចិន ស៊ី ជិនភីង បានជជែកតាមទូរសព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល (Charles Michel) នៅថ្ងៃទី៩ ខែធ្នូ លើបញ្ហាមួយចំនួនក្នុងទំនាក់ទំនងទ្វេភាគីដែលត្រូវបានមើលឃើញថា ជួបបញ្ហាខ្លះដ្បិតអឺរ៉ុបសង្ស័យគោលដៅរបស់ចិននៅក្នុងប្លុករបស់ខ្លួន ពិសេសសំណុំរឿងបច្ចេកវិទ្យា 5G ដែលអាមេរិកប្រាប់ឲ្យអឺរ៉ុបដកឃ្លាពីចិន។ លោក មីឈែល អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក ទើបឡើងកាន់តំណែងនៅពេលថ្មីៗនេះប៉ុណ្ណោះ។
បើតាមក្រសួងការបរទេសចិន លោក ស៊ី ប្រាប់លោក មីឈែល ថា ចិនមើលទុកទំនាក់ទំនងជាមួយអឺរ៉ុបក្នុងគោលដៅវែងឆ្ងាយ កម្រិតខ្ពស់ និងជាយុទ្ធសាស្ត្រផងដែរ។ ប្រធានាធិបតីចិនបន្តថា ចិន និងអឺរ៉ុប ជាដៃគូដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយមិនមែនជាគូប្រកួតប្រជែងគ្នាអ្វីទាំងអស់។
«ការអភិវឌ្ឍរបស់ចិន ជាឱកាសសម្រាប់អឺរ៉ុប មិនមែនជាបញ្ហាប្រឈមឡើយ។» នេះជាការបញ្ជាក់របស់លោក ស៊ី ដែលទំនងជាការផ្ដល់ទំនុកចិត្តទៅឲ្យអឺរ៉ុបដែលនៅសង្ស័យការងើបឡើងរបស់ចិនទាំងនៅក្របខណ្ឌពិភពលោក និងនៅតំបន់អឺរ៉ុបផងដែរ។ បើតាមលោក ស៊ី ចិន ក៏នឹងបន្តចាប់ដៃអឺរ៉ុបដើម្បីសម្រេចគោលដៅនៃកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុប៉ារីស និងការជំរុញកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មី ក៏ឆ្លើយវិញថា ចិន និងអឺរ៉ុប បានផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក និងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលជាអាទិភាពនៅឆ្នាំខាងមុខផងដែរ។ នៅឆ្នាំ២០២០ បន្ថែមពីលើជំនួបប្រចាំឆ្នាំរវាងមេដឹកនាំកំពូល ចិន និងអឺរ៉ុប នឹងមានជំនួបកំពូលមួយទៀតនៅអាល្លឺម៉ង់ ដោយលោក ស៊ី នឹងមានវត្តមានផងដែរ។ នៅឆ្នាំក្រោយ ភាគីទាំងពីរ ក៏គ្រោងបញ្ចប់កិច្ចព្រមព្រៀងវិនិយោគផងដែរ។ លោក ស៊ី ផ្ទាល់ ចង់ឃើញកិច្ចព្រមព្រៀងនេះលេចរូបរាងបានឆាប់។
តាមពិតទៅ បើទោះជាទំនាក់ទំនងទ្វេភាគីមើលទៅល្អប្រសើរមែន អឺរ៉ុបហាក់មានប្រុងប្រយ័ត្នចំពោះចិន។ នាពេលកន្លងទៅ អឺរ៉ុបបានដាក់ចេញវិធានការដើម្បីទប់ទល់ឥទ្ធិពលចិនក្នុងតំបន់ ពិសេសប្រទេសប៉ែកខាងកើត និងកណ្ដាលដែលមានចំណងសេដ្ឋកិច្ចល្អជាមួយប៉េកាំង។ ជាក់ស្ដែង សហភាពអឺរ៉ុបដែលមាន២៨ប្រទេស បានរឹតបន្តឹងការវិនិយោគបរទេស បន្ទាប់ពីក្រុមហ៊ុនបានទិញក្រុមហ៊ុននៅតំបន់អឺរ៉ុបជាបន្តបន្ទាប់៕
Tag:
ចិន
អឺរ៉ុប
ស៊ី ជិនភីង
Charles Michel
© រក្សាសិទ្ធិដោយ thmeythmey.com