អន្តរជាតិ
ភរិយាលោក អូបាម៉ា ប្រាប់សិស្សស្រីជនបទវៀតណាមកុំបោះបង់ការសិក្សា
× អតីតស្រីទីមួយសហរដ្ឋអាមេរិក អ្នកស្រី មីឈែល អូបាម៉ា (Michelle Obama) បានធ្វើដំណើរទៅកាន់វិទ្យាល័យជនបទមួយក្នុងប្រទេសវៀតណាម នៅថ្ងៃចន្ទ ៩ ធ្នូ ។ នៅចំពោះមុខសិស្សស្រីជាច្រើន អ្នកស្រី បានទទូចឲ្យពួកគេផ្តោតសំខាន់លើការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីប្រែក្លាយជីវិតពួកគេឲ្យកាន់តែប្រសើរឡើង។
ពីវិទ្យាល័យមួយឈ្មោះថា Can Giuoc ដែលស្ថិតនៅភាគខាងត្បូងខេត្ត Long An តាមដីសណ្ដទន្លេមេគង្គ អ្នកស្រី មីឈែល និយាយថា៖«នៅពេលអ្នកអប់រំមនុស្សស្រីម្នាក់ អ្នកផ្តល់អំណាច និងសំឡេង និងឱកាសមួយដល់ពួកគេដើម្បីលើកស្ទួយជីវភាពពួកគេ និងក្រុមគ្រួសារ និងសហគមន៍ពួកគេទាំងមូល»។ អមដំណើរដោយតារាសម្តែងហូលីវូត Julia Roberts និង កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក George W Bush គឺ Jenna Bush Hager អ្នកស្រី មីឈែល បានជំរុញទឹកចិត្តឲ្យសិស្សនារីៗបន្តការសិក្សានៅសាលារៀន កុំបោះបង់វាចោល។
«ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាតាំងចិត្ត និងផ្តោតអារម្មណ៍»។ អ្នកស្រី អះអាងបែបនេះដោយសង្កត់ធ្ងន់ថា ការសិក្សារៀនសូត្រ មិនងាយស្រួលឡើយ ក៏ប៉ុន្តែវាពិតជាសមនឹងតម្លៃ ប្រសិនបើសិស្សប្រឹងប្រែង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នកស្រី អះអាងទៀតថា៖ «បើទោះជាក្រុមគ្រួសារអ្នក ពុំយល់ពីតម្លៃរបស់ការសិក្សានៅថ្ងៃនេះ ជឿខ្ញុំចុះ ពួកគេនឹងយល់ នៅពេលអ្នកចូលរៀនដល់ថ្នាក់ឧត្តមសិក្សា ឬចាប់ផ្តើមអាជីវកម្មខ្លួនឯង»។
ជាមួយនឹងសន្ទុះប្រជាជនវ័យក្មេង និងកំណើនសេដ្ឋកិច្ចដ៏លឿនរហ័ស វៀតណាម ផ្តើមយកឈ្នះបណ្តាប្រទេសជិតខាងខ្លួន ក្នុងចំណាត់ថ្នាក់អប់រំ ជាពិសេស ក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា។ អត្រាចុះឈ្មោះចូលរៀន ក៏ខ្ពស់ផងដែរ ស្មើនឹង ៩១,៧ភាគរយ ក៏ប៉ុន្តែគុណភាពអប់រំ ហាក់ធ្លាក់ចុះក្នុងតំបន់ជនបទ ហើយក្នុងតំបន់ដែលខ្វះការអភិវឌ្ឍនេះ ដាក់គំនាបដល់សិស្សនារីឲ្យបង្ខំចិត្តបញ្ឈប់ការសិក្សា ហើយចេញទៅប្រកបការងារ ចិញ្ចឹមជីវិត។
សិស្សនារីម្នាក់ឈ្មោះថា Truong Thi Hai Yen អះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ទស្សនកិច្ចរបស់អ្នកស្រី មីឈែល អូបាម៉ា និងការរៀបរាប់ពីខ្សែជីវិតតស៊ូរបស់អ្នកស្រី គឺជាការលើកទឹកចិត្តយ៉ាងធំធេងមួយសម្រាប់រូបនាង។ យុវតីវ័យ១៦ឆ្នាំរូបនេះ លើកឡើងបែបនេះ៖«អ្នកស្រី បន្តព្យាយាមរៀងរាល់ថ្ងៃ ដើម្បីក្លាយជាមនុស្សប្រសើរជាងមុន ហើយឥឡូវនេះ យើងអាចឃើញថា អ្នកស្រី ពិតជាក្លាយជាមនុស្សជោគជ័យម្នាក់»។
សូមបញ្ជាក់ថា ការលើកកម្ពស់ការអប់រំសម្រាប់មនុស្សស្រី គឺជាមូលដ្ឋាននៃការងារមូលនិធិរបស់ប្តីប្រពន្ធ អូបាម៉ា មួយគូរនេះ គិតចាប់ប្តីអ្នកស្រី លោក ប៉ារ៉ាក អូបាម៉ា បានបញ្ចប់អាណត្តិជាប្រធានាធិបតីក្នុងឆ្នាំ២០១៧ បន្ទាប់ពីកាន់ពីរអាណត្តិមក។ កាលពីសប្តាហ៍មុន អ្នកស្រី បានប្រកាសបរិច្ឆាគប្រាក់៥០ម៉ឺនដុល្លារដើម្បីជួយដល់ការអប់រំសកល ដែលជាលុយលោកស្រីរកបានពីការលក់សៀវភៅ៕
Tag:
សហរដ្ឋអាមេរិក
បារ៉ាក់ អូបាម៉ា
មីឈែល អូបាម៉ា
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com