ជាតិ
សង្គមជាតិ
គណៈកម្មការ៖ «ទូកវែងជាងគេ» មិនទាន់អាចរំកិលទៅសាលាខេត្តបានឡើយ ដោយរង់ចាំដល់ទឹកឡើងសិន ទូក«ង»វែងជាងគេលើពិភពលោក ដែលបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក ត្រួវបានយកមកតាំងបង្ហាញជាសាធារណៈនៅទល់មុខខាងកើតវាលព្រះមេរុ រាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨
× ភ្នំពេញ៖ គណៈកម្មការផលិតទូកបានរៀបចំទីសម្រាប់តម្កល់ទូក«ង»វែងជាងគេនៅក្នុងសាលាខេត្តរួចហើយ តែមិនទាន់អាចរំកិលទូកទៅទីតាំងតម្កល់បានឡើយ ដោយសារតែកម្ពស់ទឹកទាបពេក។ ទូក«ង»វែងជាងគេ ដែលមានបណ្តោយប្រវែង៨៧,៣ម៉ែត្រ និងទទឹងប្រវែង១,៩៤ម៉ែត្រ ត្រូវបានគណៈកម្មការផលិតទូក តម្កល់នៅទីតាំងបណ្តោះអាសន្នសិន រង់ចាំំដល់ទឹកឡើងទើបអាចរំកិលបាន។
លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូកខ្នាតវែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រុមការងារគណៈកម្មាការផលិតទូកបានរៀបចំទីកន្លែងតម្កល់ ទូក«ង»វែងជាងគេរួចជាស្រេចហើយ ដែលនឹងតម្កល់នៅក្នុងសាលាខេត្តព្រៃវែង សម្រាប់ឲ្យសាធារណជនបានទស្សនា។
«ការលើកទូកឡើងទៅលើ វាមិនមែនជារឿងសាមញ្ញទេ។ កន្លងមកពេលទឹកឡើងខ្ពស់យើងអាចលើកបាន ដល់ពេលទឹកជាស្រកវិញ យើងពិបាកលើកណាស់។ យើងកំពុងតែរកវិធីសាស្ត្រដើម្បីលើកវាឡើងមកហើយ។ យើងមានប្លង់ និងទីតាំងហើយ។យើងរង់ចាំតែពេលវេលាអំណោយផល យើងនឹងធ្វើតែម្តង»។ នេះជាការលើកឡើងរបស់លោក ងិន បាណាល់ អនុប្រធានគណៈកម្មាការផលិតទូកខ្នាតវែង ដែលបានឆ្លើយតបនឹងពលរដ្ឋមួយចំនួនដែលបានរិះគន់ថាមានការរៀបចំទុកដាក់ និងតម្កល់ទូកងនៅកន្លែងបណ្តោះអាសន្នមិនសមរម្យ។
បើតាមអនុប្រធានគណៈកម្មាការផលិតទូកខ្នាតវែង ទីសម្រាប់តម្កល់ទូកងវែងជាងគេមិនទាន់អាចតម្កល់បានក៏ដោយសារតែ ទីតាំងរដ្ឋបាលសាលាខេត្តកំពុងតែស្ថិតនៅក្នុងដំណើរការសាងសង់នៅឡើយ។ គណៈកម្មាការផលិតទូក ទទួលស្គាល់ថារោងសម្រាប់តម្កល់ទូកងបណ្តោះអាសន្ននោះពិតជាមានការធ្លុះធ្លាយដំបូលបន្តិចមែន។ គណៈកម្មាការផលិតទូកខ្នាតវែងក៏បានរៀបចំការជួសជុលរោងបណ្តោះអាសន្នសាជាថ្មីវិញ ដើម្បីឲ្យទាន់ពេលទឹកឡើង សម្រាប់រំកិលទូកមកតាំងនៅក្នុងសាលាខេត្ត។
សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបានបំបែកឯតទគ្គកម្មទូក«ង»វែងជាងគេលើពិភពលោក Guinness World Record បន្ទាប់ពីកម្ពុជាបានបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែង ១១២៩,៨ម៉ែត្រ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com