កីឡាជាតិ
ជាតិ
សោកស្តាយ! U22 កម្ពុជាខកឱកាសបានមេដាយសំរឹទ្ធ ក្រោយប៉េណាល់ទីចាញ់មីយ៉ាន់ម៉ា
× ក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំកម្ពុជា រងនូវការខកចិត្តក្រោយទាត់ប៉េណាល់ចាញ់មីយ៉ាន់ម៉ានាការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ៩០នាទីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ហើយមីយ៉ាន់ម៉ា បានទាត់បាល់ប៉េណាល់ទីឈ្នះ ៥-៤។
បន្ទាប់ពីលោកអាជ្ញាកណ្តាលតៃវ៉ាន់ Chen Hsin-chuan ផ្លុំកញ្ចែផ្តើមការប្រកួត កីឡាករកម្ពុជាបានបញ្ជូនបាល់ឲ្យគ្នារហូតដល់ទៅ៧ប៉ះ ដោយ សៀង ចន្ធា ជាអ្នកស៊ុតចុងក្រោយដែលជួយឲ្យកម្ពុជានាមុខ ១-០ ត្រឹម១៧វិនាទីដំបូង។
៨នាទីក្រោយមក Mann Aung Kaung បានវាយបកតាមស្មើសម្រាប់មីយ៉ាន់ម៉ា មុនពេលដែល Myat Kaung Khant រកបានគ្រាប់នាំមុខកម្ពុជា ២-១ នៅនាទី៣៥។ នៅចុងតង់ទីមួយ ស៊ិន សុផាណាត់ ដែលនាំឈរដាច់តែម្នាក់ឯង ខកឱកាសតាមស្មើសម្រាប់កម្ពុជា។
ឈានដល់នាទី៧២ កម្ពុជាមានឱកាសបាល់ពិន័យពីចម្ងាយ ហើយ កែវ សុខផេង បានទាត់បាល់ពីចម្ងាយចូលទីយ៉ាងល្អ ដែលនាំឲ្យមានលទ្ធផលស្មើ ២-២។
ការប្រកួតឈានដល់ការសម្រេចបាល់ប៉េណាល់ទី ហើយមីយ៉ាន់ម៉ាឈ្នះ ៥-៤។
ជម្រើសកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), សេត រ៉ស៊ីប, ទេស សម្បត្តិ, អ៊ុក សុវណ្ណ, សឿត បារាំង, ស៊ិន សុផាណាត់ (រ៉ឹង ប៊ុនហៀង ៥៣), អន ចាន់ប៉ូលីន (យ៉ើ មូស្លីម ៥០), អ៊ិន សូដាវីដ, កាន់ ពិសាល, សៀង ចន្ធា (ម៉ៅ ពិសិដ្ឋ ៨២), កែវ សុខផេង៕
© រក្សាសិទ្ធិដោយ thmeythmey.com