ជាតិ
សេដ្ឋកិច្ច
ខេត្តព្រះវិហារ និង​ពោធិ៍សាត់ មាន​សិទ្ធិ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី​
11, Dec 2019 , 8:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម ប្រគល់​សិទ្ធិ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រះវិហារ និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី (CO​ទម្រង់​D) ។ នេះ​ជាការ​ដាក់​ឲ្យ​ដំណើការ​សាកល្បង ដែល​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​តទៅ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩​ខែធ្នូ​។​


 
​ក្រសួងពាណិជ្ជកម្ម ស្នើ​ឲ្យ​ផលិតករ និង​អ្នក​នាំចេញ​កសិផល​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម តាមរយៈ​គេហទំព័រ https://co.moc.gov.kh ហើយ​ត្រូវ​ចុះហត្ថលេខា និង​ទទួលយក​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដែល​ទីស្នាក់ការ​ក្រុមហ៊ុន​របស់ខ្លួន​ស្ថិតនៅ​។​
 
​កន្លងមក​ក្រសួងពាណិជ្ជកម្ម​បានផ្ដល់​សិទ្ធិ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់​ឌី ជា​បន្តបន្ទាប់ ដែល​រួមមាន​មន្ទីរ​ខេត្តតាកែវ កំពត កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រៃវែង និង​ស្វាយរៀង​។ ក្នុងចំណោម​នេះ មន្ទីរ​ខេត្ត​មួយចំនួន​ទទួលបាន​សិទ្ធិ ក្នុង​ដំណើការ​សាកល្បង​នៅឡើយ​។​
 
​គួរ​បញ្ជាក់ថា CO មាន​ច្រើន​ទម្រង់​។ ហើយ​ទម្រង់ D នេះ​គឺជា​ឈ្មោះ CO មួយ​ប្រភេទ​សម្រាប់​បញ្ជាក់​ប្រភពដើម​ទំនិញ​សម្រាប់​នាំចេញ​ពី​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។ នេះ​បើតាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងមក​៕



Tag:
 CO​ទម្រង់​D
  វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​
© រក្សាសិទ្ធិដោយ thmeythmey.com