កីឡាអន្តរជាតិ
អន្តរជាតិ
Herrera អតីត​ខ្សែបម្រើ Man Utd ជាប់​បទ​ចោទ​កំណត់​លទ្ធផល​ទុក​មុន​
10, Dec 2019 , 6:01 pm        
រូបភាព
Ander Herrera អតីត​ខ្សែបម្រើ Manchester United ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ ៣៦ នាក់​ផ្សេងទៀត​ដែល​តុលាការ​អេ​ស្ប៉ា​ញ​ត្រូវ​ជម្រះក្តី​ជុំវិញ​បទ​ចោទ​ពុករលួយ​ដោយ​ការកំណត់​លទ្ធផល​ការប្រកួត​ទុក​មុន​។​

 
Herrera សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៣០​ឆ្នាំ ដែល​សព្វថ្ងៃ​កំពុង​ប្រកប​អាជីព​ជាមួយ​ក្រុម Paris Saint-Germain រួមជាមួយ​លោក Javier Aguirre គ្រូបង្វឹក​ក្រុម Leganes និង​កីឡាករ Gabi អតីត​ប្រធាន​ក្រុម Atletico Madrid ត្រូវបាន​ស៊ើបអង្កេត​លើ​ការសង្ស័យ​នៃ​ការកំណត់​លទ្ធផល​ទុក​មុន​នា​ជំនួប​រវាង​ក្រុម Levante និង Real Zaragoza ក្នុង​ក្របខណ្ឌ LaLiga កាលពី​រដូវ​កាល ២០១០-២០១១​។ Herrera ជា​កីឡាករ​ឈុត​ធំ​របស់ Zaragoza ចន្លោះ​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១១ ហើយ​រូបគេ​ក៏​ពាក់ព័ន្ធ​ករណី​នោះដែរ​។​
 
​កាលនោះ Zaragoza បានឈ្នះ​ការប្រកួត​ដ៏​សំខាន់​នេះ​ដើម្បី​រក្សា​កៅអី​លេង​ក្នុង​លី​គ​លំដាប់​កំពូល​អេ​ស្ប៉ា​ញ​បន្តទៀត ប៉ុន្តែ​ពួកគេ​ត្រូវបាន​ចោទប្រកាន់ថា​បាន​បង់ប្រាក់​ឲ្យ​កីឡាករ​របស់ Levante ចំនួន ៩៦៥,០០០ អឺរ៉ូ (១០៦០០០០​ដុល្លារ​អាមេរិក​) ដើម្បី​ធ្វី​ចាញ់​ការប្រកួត​នេះ​។ 
 
​ជុំវិញ​ករណីនេះ មាន​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ចំនួន​៤១​នាក់ ហើយ​ពួកគេ​ត្រូវ​ចូលរួម​ការជំនុំជម្រះ​ពី​ការចោទប្រកាន់​ពី​សំណាក់​តុលាការ Valencian ផងដែរ​។ យ៉ាងណាក៏ដោយ​តុលាការ​បាន​ដោះលែង​ពួកគេ​វិញ ដោយ​អះអាងថា​នៅមាន​ការខ្វះ​ភ័ស្តុតាង​នៅឡើយ ទោះបី​អតីតមន្ត្រី Zaragoza ពីរ​នាក់​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​កំណត់​ទ​ល្ធ​ផល​នេះហើយ​ក៏ដោយ​។​
 
​អតីត​ប្រធាន​ក្លិប Zaragoza លោក Agapito Iglesias និង​ជា​អតីត​នាយក​ហិរញ្ញវត្ថុ​លោក Javier Porquera ក៏​ត្រូវបាន​រកឃើញថា​មាន​កំហុស​ពី​ការប្រើប្រាស់​ទឹកប្រាក់​ជាង ១,៨៨​លា​ដុល្លារ​ពី​គណនី​របស់​ក្លិប​នេះ ដើម្បី​ទូទាត់​ប្រាក់​ក្រោយ​ចប់​រដូវ​កាលនោះ​។​
 
​អ្នក​ទាំងពីរ​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៥​ខែ ទោះបី​ច្បាប់​នៅ​អេ​ស្ប៉ា​ញ​មានការ​ព្យួរទោស​ចំពោះ​អ្នកមាន​កំហុស​ណាមួយ​ជា​លើកដំបូង​ក៏ដោយ​៕
 

Tag:
 Ander Herrera
  កំណត់​លទ្ធផល​ទុក​មុន​
© រក្សាសិទ្ធិដោយ thmeythmey.com