ជាតិ
សិល្បះ
​អ្នកស្រាវជ្រាវ​បង្ហាញ​ទម្រង់​​កាយវិការ​ពិត​នៃ​បដិមា​ព្រះបាទ ជយ​វរ្ម័នទី​៧
10, Dec 2019 , 10:00 pm        
រូបភាព
ដោយ: រួបរួម
«​ទម្រង់​លើកដៃ​ប្រណម្យ​ត្រឹម​ដើមទ្រូង​» គឺជា​កាយវិការ​ពិតរ​បស់​ព្រះបាទ​ជយ​វរ្ម័នទី​៧​។ នេះ​បើតាម​ការអះអាង​របស់​ក្រុមការងារ​ចម្រុះ​មកពី​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា​។ អ្នកជំនាញ​ដែលមាន​លោក ជាវ ប៊ុន​ថង និង​លោក Eric Bourdonneau បានបង្ហាញ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ នា​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣ នៃ​គណៈ​ក​ម្មា​ធិ​កា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​។​



«​ចំពោះ​ការអះអាង​បែបនេះ ក្រុមការងារ​ចម្រុះ​បានបង្ហាញ​ភស្តុតាង​ជាច្រើន​ទាក់ទង​នឹង​ការសិក្សា​ស្រាវជ្រាវ​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថត​ស្កែ​ន​វិភាគ​បែប​វិទ្យាសាស្ត្រ​ទៅលើ​ទំហំ និង​ការ​ផ្គុំ​បំណែក​ព្រះ​ហត្ថ​ដែល​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ទៅនឹង​ដងខ្លួន​នៃ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ពិតជា​ត្រូវ​គ្នា​គ្រប់​ជ្រុងជ្រោយ​ត្រង់ចំណុច​ដែល​ត​ភ្ជាប់​គ្នា​»​។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាង​យ៉ាង​ដូច្នេះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន អមដោយ​រូបថត​ជាច្រើន​សន្លឹក​។​



អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​លើកឡើង​ផងដែរ​ថា លទ្ធផល​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​អ្នកជំនាញ​បារាំង​និង​អាជ្ញាធរ​ជាតិ​អប្សរា អាច​ស្រាយ​បំភ្លឺ​នូវ​ចម្ងល់ និង​ភាព​ប្រទាំង​ប្រទើស​គ្នា​លើ​ការយល់ឃើញ​ផ្សេងគ្នា​ទាក់ទង​នឹង​កាយវិការ​នៃ​បដិមា​ព្រះបាទ ជយ​វរ្ម័នទី​៧ ៕



© រក្សាសិទ្ធិដោយ thmeythmey.com