អន្តរជាតិ
អគ្គ​អធិការកិច្ច​ថា​ទីភ្នាក់ងារ FBI មាន​ហេតុផល​សមរម្យ​នៅក្នុង​ការបើក​ការស៊ើបអង្កេត​លើ​ទំនាក់ទំនង​រវាង​លោក Trump និង​រុស្ស៊ី​
11, Dec 2019 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ លោក Michael Horowitz ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​គណៈកម្មាធិការ​នីតិកម្ម​របស់​ព្រឹទ្ធសភា កាលពី​ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០១៨។
រូប​ឯកសារ៖ លោក Michael Horowitz ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​គណៈកម្មាធិការ​នីតិកម្ម​របស់​ព្រឹទ្ធសភា កាលពី​ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០១៨។
ដោយ: VOA
​អគ្គ​អធិការកិច្ច​នៃ​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​បានបញ្ជាក់​នៅក្នុង​របាយការណ៍​ថ្មី​មួយ​ទៅលើ​ទីភ្នាក់ងារ FBI ដែល​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ទំនាក់ទំនង​ដែល​គួរ​ឲ្យ​សង្ស័យ​រវាង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​ឆ្នាំ​២០១៦ និង​ប្រទេស​រុស្ស៊ី​ដែល​បាន​អះអាងថា ក្រុមមន្ត្រី FBI មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បើក​ការស៊ើបអង្កេត​ចោទប្រកាន់​ប្រធានាធិបតី​។​

 
​របាយការណ៍​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ផ្ទុយ​ពី​ការលើកឡើង​របស់​ពួក​អ្នកគាំទ្រ​របស់លោក Trump និង​គណបក្ស​សាធារណរដ្ឋ​របស់លោក ដែល​បាន​លើកឡើងថា ការស៊ើបអង្កេត​របស់​ក្រុមមន្ត្រី​ជាន់ខ្ពស់​ទីភ្នាក់ងារ FBI មានការ​ជំរុញ​ផ្នែក​នយោបាយ​ប្រឆាំងនឹង​លោក Trump​។ ហើយ​ក្រោយមក​ស្មាក្តី​ពិសេស​លោក Robert Mueller បាន​ដឹកនាំ​ការស៊ើបអង្កេត​នេះ​វិញ​។​
 
​ក៏ប៉ុន្តែ​អគ្គ​អធិការកិច្ច​លោក Michael Horowitz ក៏បាន​រិះគន់​យ៉ាងខ្លាំង​លើ​កំហុស​ធំ​មួយចំនួន​របស់​ទីភ្នាក់ងារ FBI នៅក្នុង​ការទទួល​ការអនុញ្ញាត​ពី​តុលាការ​ឃ្លាំមើល​កិច្ចការ​សម្ងាត់​បរទេស​ដើម្បី​ស៊ើបអង្កេត​លោក Carter Page អតីត​ទីប្រឹក្សា​យុទ្ធនាការ របស់លោក Trump ដែល​សង្ស័យថា​មាន​ទំនាក់ទំនង​ជាមួយនឹង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី​។​
 
​កំហុស​ធ្ងន់ធ្ងរ​មួយ​ក្នុងចំណោម​កំហុស​នានា​ដែល​អគ្គ​អធិការកិច្ច​ចោទ​ទីភ្នាក់ងារ FBI គឺ FBI មិនបាន​ប្រាប់​តុលាការ និង​ក្រសួងយុត្តិធម៌​ថា លោក Page ត្រូវបានតែងតាំង​ឲ្យ​ធ្វើ​កិច្ចការ​សម្រាប់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA និង​បាន​ប្រាប់​ភ្នាក់ងារ​ចារកម្ម​អំពី​ទំនាក់ទំនង​របស់លោក​ជាមួយនឹង​ក្រុមមន្ត្រី​ស៊ើប​ការសម្ងាត់​រុស្ស៊ី​។ នេះ​យោងតាម​របាយការណ៍​។ របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា ទោះបីជា​ភ្នាក់ងារ FBI បាន​ប្រាប់​តុលាការ​និង​ក្រសួង​យុ​តិ្ត​ធម៌​ក៏ដោយ ក៏​តុលាការ​នៅតែ​ផ្តល់​ការអនុញ្ញាត​ឲ្យ​ស៊ើបអង្កេត​លើ​លោក Page ដដែល​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com