អន្តរជាតិ
ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី សម្រេច​ប្រើប្រាស់​យន្ត​ហោះ​ដ្រូ​ន​ដើម្បី​ល្បាត​ព្រំដែន​គោក​
11, Dec 2019 , 10:09 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី Muhyiddin Yassin នៅ​ថ្ងៃទី​១០ ខែធ្នូ បាន​បញ្ជាក់ថា ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​ទីក្រុង​ហ្សា​ការ​តា បានសម្រេច​យល់ព្រម​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន ដើម្បី​ត្រួតពិនិត្យ​ព្រំដែន​។ ក្រៅពី​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន ត្រួតពិនិត្យ​ព្រំដែន ភាគី​ទាំងពីរ​ក៏បាន​សហការគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លង​ព្រំដែន​ផងដែរ​។  


 
​តាមរយៈ​ការអះអាង​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី Muhyiddin Yassin អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​ពាណិជ្ជកម្ម និង​ការឆ្លងកាត់​ព្រំដែន នឹងត្រូវ​បាន​គេ​សម្រេច និង​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំ​២០២០​។ ក្នុង​កិច្ចព្រមព្រៀង​មួយ​នេះ ភាគី​ទាំងពីរ បានសម្រេច​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន ដើម្បី​ត្រួតពិនិត្យ​ព្រំដែន​គោក​ជាមួយគ្នា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រាប់​អ្នកកាសែត បន្ទាប់ពី​ជំនួប​រវាង​រូបលោក និង​រដ្ឋមន្ត្រី​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស​ឥណ្ឌូណេស៊ី Yasonna Laoly ។ 
 
​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​យន្តហោះ​ដ្រូ​ន​នេះ លោក​រដ្ឋមន្ត្រី Yassin បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ « ព្រំដែន​គោក រវាង​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី (​សា​បា​, សា​រ៉ា​វ៉ា​ក់​, កាលី​ម៉ាន់​តាន់​) មាន​ប្រវែង​ច្រើនជាង ១០០០​គីឡូម៉ែត្រ​។ វា​គឺ​ពិបាក​ណាស់ ក្នុងការ​ត្រួតពិនិត្យ​។ ដូច្នេះ វា​ត្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​»​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី មិនបាន​បញ្ជាក់​ពី​បញ្ហាលំបាក​ទាំងនោះ​ឲ្យ​បានច្បាស់លាស់​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama​។ 
 
​ក្រៅពី​បញ្ហា​ខាងលើ ភាគី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ក៏បាន​សហការគ្នា ក្នុងការ​ទប់ស្កាត់​បទ​ឧក្រិដ្ឋ​មួយចំនួន​ផងដែរ​។ ក្នុងនោះ​មានដូចជា ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ព្រំដែន​ជាដើម​។​
 
​បន្ថែម​ពីលើ​នេះ ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​ហ្សា​ការ​តា ក៏​កំពុង​ពិនិត្យមើល​កិច្ចព្រមព្រៀង​មួយ ដើម្បី​បើកផ្លូវ​ឲ្យ​ប្រទេស​ទាំងពីរ អាច​ដោះដូរ​អ្នកទោស​ទៅវិញទៅមក​បាន​ផងដែរ​។ ទាក់ទង​នឹង​បញ្ហា​នេះ វា​នៅតែមាន​ឧបសគ្គ ព្រោះ​ឥណ្ឌូណេស៊ី មិនទាន់មាន​ច្បាប់​ស្តីពី​ការដោះដូរ​អ្នកទោស​នៅឡើយ​ទេ​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​ជនជាតិ​ម៉ាឡេស៊ី បាន​ជាប់ពន្ធនាគារ​ក្នុង​ឥណ្ឌូណេស៊ី​បាន​ប្រមាណ​ជា ៣០០​នាក់ ខណៈពេល​ជនជាតិ​ឥណ្ឌូណេស៊ី បាន​ជាប់ពន្ធនាគារ​នៅក្នុង​ម៉ាឡេស៊ី មាន​រហូតដល់ ៥០០០​នាក់​ឯណោះ​៕ 

Tag:
 ម៉ាឡេស៊ី​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com