ជាតិ
សម្ដេច ហ៊ុន សែន គិតថា​លែង​ទៅ​ព្យាបាល​ក្រៅប្រទេស នៅពេល​ពេទ្យ​កាល់ម៉ែត​ធ្វើ​ទំនើបកម្ម​រួច​
11, Dec 2019 , 11:13 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បាន​ពិ​ចារណា​ឈប់​ទៅពិនិត្យ​ព្យាបាល​នៅក្រៅ​ប្រទេស ដោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​តែម្ដង នៅពេល​មន្ទីរពេទ្យ​នេះ​ធ្វើ​ទំនើបកម្ម​រួចរាល់​។ សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នៅ​ថ្ងៃទី​១១​ខែធ្នូ​។​


 
​ប្រសាសន៍​សម្ដេច ហ៊ុន សែន ៖ 



 
«​អ្នកមាន​លទ្ធភាព ទៅ​ព្យាបាល​នៅ​វៀតណាម នៅ​ថៃ នៅ​សាំង​ហ្គា​ពួ ប៉ុន្តែ​នៅពេលណា​ដែល​មន្ទីរពេទ្យ​នេះ​រៀបចំ​សព្វគ្រប់ ទៅជា​ពហុ​ឯកទេស ខ្ញុំ​កំពុង​គិត​ខ្លួន​ថា ខ្ញុំ​បញ្ចប់​ការ​ទៅពិនិត្យ​និង​ព្យាបាល​នៅ​ខាងក្រៅ ខ្ញុំ​ប្រើប្រាស់​អ្នកឯកទេស​ខ្មែរ​តែម្ដង ព្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​ទីកន្លែង​រៀបចំ​សម្រាប់ តាំងពី​ព្រះមហាក្សត្រ តាំងពី​ឥស្សរជន​នានា​»​។ នេះ​ជា​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​។ សម្ដេច កន្លងមក បាន​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​។​
 
​គួរ​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី​បានសម្រេច​បញ្ចេញ​ថវិការដ្ឋ ៣០​លាន​ដុល្លារ និង​បាន​រៃអង្គាស​ថវិកា​សប្បុរស​ជន ដើម្បី​សាងសង់​អគារ និង​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ គិត​ត្រឹម​ថ្ងៃទី​៦​ធ្នូ ទឹកប្រាក់​សប្បុរសជន រួមទាំង​ថវិការដ្ឋ គឺ​សរុប ១០០​លាន​ដុល្លារ​។ រដ្ឋាភិបាល​មានបំណង​រៀបចំ​មន្ទីរពេទ្យ​កាល់ម៉ែត​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ព​ហុប​ច្ចេកទេស សម្រាប់​ការពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ មន្ទីរពេទ្យ​នេះ​កំពុង​សាងសង់​អគារ​ថ្មី​កម្ពស់​១៤​ជាន់ (១២​ជាន់​លើដី​និង​២​ជាន់​ក្រោម​ដី​) ដោយ​នឹងត្រូវ​បំពាក់​សម្ភារ​ទំនើប​ទាំង​អគារ​ថ្មី​នេះ និង​អគារ​ចាស់​។ សម្ដេច​បញ្ជាក់ថា បន្ទប់សង្គ្រោះបន្ទាន់​នឹងត្រូវ​ពង្រីក​ដល់​ទៅ​៣០​បន្ទប់​។​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​គូសបញ្ជាក់ថា ការពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​បណ្ណ​ក្រីក្រ បណ្ណ​សមធម៌ បណ្ណ​បេឡា​របប​សន្តិសុខ​សង្គម នឹងមិន​ត្រូវ​បង់ក​ម្រៃ​នោះទេ​។ មន្ទីរ​ពេទ្យដែលជា​សហគ្រាស​សាធារណៈ​មួយ​នេះ យក​កម្រៃ​តែ​ពី​អ្នកមាន​លទ្ធភាព ដើម្បី​យកមក​ទ្រទ្រង់​ដំណើរការ​​ខ្លួនឯង​ផ្ទាល់ និង​ផ្ដល់​ប្រាក់ចំណូល​មួយផ្នែក​ជួយ​ដល់​វិស័យ​សុខាភិបាល​ផង​៕

Tag:
 ហ៊ុន សែន​
  កាល់ម៉ែត​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com