U22 កម្ពុជាខកឱកាសទទួលមេដាយជាលើកដំបូងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប៉ុន្តែក្រុមបាល់ទាត់មួយនេះ បានផ្តល់ស្នាមញញឹមសម្រាប់អ្នកគាំទ្រ។ ក្រៅពីកំណត់ត្រាចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងការប្រកួតប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានបង្កើតកំណត់ត្រាពិសេសផ្ទាល់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទីនាំមុខមីយ៉ាន់ម៉ា ១-០ នាការប្រកួតដណ្តើមមេដាយសំរឹទ្ធ ខណៈការប្រកួតដំណើរបានតែ១៧វិនាទីប៉ុណ្ណោះ។
វ័យត្រឹម១៧ឆ្នាំ សៀង ចន្ធា បានក្លាយជាកីឡាករបាល់ទាត់ដ៏អស្ចារ្យសម្រាប់ក្រុមអ្នកគាំទ្រ មិនថា ឈុតយុវជន ឈុតជម្រើសជាតិ ឬឈុតស៊ីហ្គេមនេះឡើយ។ ក្រោយអវត្តមាននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយវៀតណាម ដោយសារការជាប់ពិន័យ ចន្ធា ស្ថិតក្នុងជម្រើសដំបូងនាជំនួបដណ្តើមមេដាយសំរឹទ្ធជាមួយមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃទី១០ ខែធ្នូ។
ក្រោយលោកអាជ្ញាកណ្តាលតៃវ៉ាន់ Chen Hsin-chuan ផ្លុំកញ្ចែផ្តើមការប្រកួត ស៊ិន សុផាណាត់ បានទាត់បាល់ចេញដំបូងហើយកីឡាករកម្ពុជាបានបញ្ជូនឲ្យគ្នាទៅវិញទៅមក ដោយឆ្លងកាត់៦ប៉ះ មុនពេល កែវ សុខផេង បញ្ជូនទៅឲ្យ សៀង ចន្ធា។
ចន្ធា បានប្រើល្បឿន ប្រជែងយកបាល់ពីខ្សែការពារមីយ៉ាន់ម៉ា Soe Moe Kyaw។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បន្តនាំបាល់ទៅប្រអប់គ្រោះថ្នាក់ ហើយ ស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យនៅត្រឹម១៧វិនាទីដំបូង ខណៈកីឡាករមីយ៉ាន់ម៉ា Aung Wunna Soe, Ye Min Thu, Ye Yint Aung និងអ្នកចាំទី Sann Satt Naing បានត្រឹមឈរស្រឡាំងកាំង។
គ្រាប់បាល់បញ្ចូលទីនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម មិនត្រូវបានកត់ត្រាបញ្ចូលទាំងអស់នោះឡើយ ប៉ុន្តែសារព័ត៌មាន ThmeyThmey ពឹងផ្អែកតែទៅលើលទ្ធផលមួយចំនួនដែលជាមួយនឹងពេលវេលានៃការស៊ុតបាល់បញ្ចូលទីតែប៉ុណ្ណោះ។
កំណត់ត្រាបានបង្ហាញថា សៀង ចន្ធា ធ្វើបានល្អប្រសើរជាងខ្សែប្រយុទ្ធឥណ្ឌូណេស៊ី Patrich Wanggai ដែលបានស៊ុតបាល់បញ្ចូលទីនៅ៤៤វិនាទីដំបូង នាជ័យជម្នះ ២-០ លើសិង្ហបុរី នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីឆ្នាំ២០១១ ។
កីឡាករ និងអតីតកីឡាករផ្សេងទៀតដែលបានស៊ុតបាល់បញ្ចូលទីក្នុងរយៈពេល២នាទីដំបូងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម មានដូចជា កីឡាករម៉ាឡេស៊ី James Wong នាជ័យជម្នះ ៩-១ លើមីយ៉ាន់ម៉ា (ឆ្នាំ១៩៧៧), Fandi Ahmad គ្រូបង្វឹក U22 សិង្ហបុរីបច្ចុប្បន្ន ពេលឈ្នះហ្វីលីពីន ៥-០ (ឆ្នាំ១៩៨៣), Sarayuth Chaikamdee គ្រូបង្វឹកបច្ចុប្បន្ននៃក្លិប Khon Kaen United ពេលថៃឈ្នះឡាវ ៦-០ (ឆ្នាំ២០០៣) ខ្សែបម្រើថៃ Thitipan Puangchan នាជ័យជម្នះ ៣-១ លើទីម័រខាងកើត (ឆ្នាំ២០១៣), ខ្សែបម្រើថៃ Pokklaw Anan ពេលឈ្នះឥណ្ឌូណេស៊ី ៤-១ (ឆ្នាំ២០១៣) និងខ្សែប្រយុទ្ធសិង្ហបុរី Taufik Suparno ពេលឈ្នះឡាវ ២-០ កាលពីឆ្នាំ២០១៧៕