ជាតិ
សង្គម​ស៊ីវិល ស្នើ​រដ្ឋា​បា​ភិ​បាល​ពង្រឹង​សិទ្ធមនុស្ស​និង​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​
11, Dec 2019 , 3:52 pm        
រូបភាព
ការប្រារព្ធទិវាសិទ្ធមនុស្សលើកទី៧១
ការប្រារព្ធទិវាសិទ្ធមនុស្សលើកទី៧១
​អង្គការ​សង្គម​ស៊ីវិល​នានា បាន​ប្រារព្ធ​ទិវា​សិទ្ធមនុស្ស​អន្តរជាតិ​លើក​ទី​៧១ ក្នុង​គោលបំណង​បង្ហាញថា ការអភិវឌ្ឍ​ត្រូវតែមាន​ការគោរព​សិទ្ធមនុស្ស ប្រជាធិបតេយ្យ និង នីតិរដ្ឋ ដែល​កម្ពុជា​មិនអាច​ខ្វះ​បាន​។


 
​លោក ណៃ វ៉ង់​ដា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) បាន​លើកឡើងថា ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​លើក​នេះ គឺ​ចង់​ផ្ដល់​សារ​ដល់​សារ​ធា​រណ​ជន និង​រដ្ឋាភិបាល​ថា ការអភិវឌ្ឍ គឺ​ត្រូវតែមាន​ការគោរព​សិទ្ធមនុស្ស​។ ទិវា​សិទ្ធមនុស្ស​នេះ ត្រូវ​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​សង្កាត់​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ពាន់​នាក់​។​


លោក ណៃ វ៉ង់ដា នាយកប្រតិបត្តិនៃអង្គការ Chrac
 
​លោកស្រី ម៉ម ស៊ីថា ប្រធាន​គ​គណៈកម្មាធិកា​រ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ (CIACC) អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល ពិចារណា​ពី​ការគោរព​សិទ្ធមនុស្ស និង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ដំណើរការ​ឡើងវិញ ស្របតាម​គោល​ការ​សហគមន៍​អឺរ៉ុប​។ 


លោកស្រី ម៉ម ស៊ីថា  នាយិកាអង្គការ CIACC (រូបពីគណនីហ្វេសប៊ុករបស់លោកស្រី ម៉ម ស៊ីថា)
 
​អ្នកស្រី បញ្ជាក់​ដូច្នេះ​ថា​៖«[​យើង​] ស្នើ​ឲ្យ​រដ្ឋាភិបាល​កែតម្រូវ​សិទ្ធិមនុស្ស ឬ​ប្រើប្រាស់​មធ្យោបាយ​គ្រប់គ្រង​ប្រកបដោយ​ការគោរព​សិទ្ធិមនុស្ស ជាពិសេស​ក្នុង​បរិយាកាស​សិទ្ធិមនុស្ស​ចុងក្រោយ​នេះ​»​។  
 
​លោកស្រី ចាន់ រ៉ា​មី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) មើលឃើញថា ស្ថានភាព​សិទ្ធិមនុស្ស​សព្វថ្ងៃ គឺមាន​ការធ្លាក់ចុះ​។ លោកស្រី បាន​លើក​ជា​ទឡ្ហីករណ៍​មួ​យមក​បញ្ជាក់ថា យុវជន ពិបាក​ក្នុង​ការធ្វើសកម្មភាព​តាម​មូលដ្ឋាន​របស់ខ្លួន​។ 


លោកស្រី ចាន់ រ៉ាមី នាយិកាអង្គការ YRDP
 
​លោកស្រី បន្ថែមថា កម្ពុជា មាន​គោលនយោបាយ​អភិវឌ្ឍ​យុវជន ដោយ​ផ្តល់ឱកាស​ឲ្យ​ពួកគេ ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ ប៉ុន្តែ ពួកគេ តែងតែមាន​ការសួរនាំ​ផ្សេងៗ ដូចជា អាជ្ញាធរ សួរថា មានការ​អនុញ្ញាត ឬ​មាន​លិខិត​ចុះបញ្ជី​ដែរឬទេ​? 
 
​លោកស្រី មានប្រសាសន៍​ដូច្នេះ​ថា​៖«​បរិយាកាស ដែល​យុវជន​ទទួលបាន គឺ​គ្មាន​ការគាំទ្រ​»​។ លោកស្រី និយាយថា អង្គការ​សង្គម​ស៊ីវិល ចង់​ឲ្យ​រដ្ឋបាល​ធានា​ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​បញ្ចេញមតិ និង​ប្រើប្រាស់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com