អន្តរជាតិ
លោកមហាធៀ៖ តំណែងនាយករដ្ឋមន្ត្រីនៅតែត្រូវឲ្យលោកអាន់វ៉ា តែក្រោយខែវិច្ឆិកា ២០២០
× លោក មហាធៀ មហាម៉ាត់ នៅតែប្រកាន់ពាក្យសម្ដីពាក់ព័ន្ធរឿងផ្ទេរតំណែងឲ្យលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយមិនមានប្រែប្រួលឡើយ ប៉ុន្តែរឿងនេះមិនអាចកើតឡើងមុនខែវិច្ឆិកា ឆ្នាំ២០២០នោះទេ។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែធ្នូ លោក មហាធៀ បញ្ជាក់ថា អ្វីដែលបានសន្យាហើយ នៅតែត្រូវអនុវត្តដដែល តែរឿងដែលមានអ្នកមិនពេញចិត្តបេក្ខភាពរបស់លោក អាន់វ៉ា នោះ លោកមិនដឹងអ្វីទាំងអស់។
រឿងផ្ទេរអំណាច នៅតែជាប្រធានបទក្ដៅនៅម៉ាឡេស៊ី បើទោះជាមានការធានាម្ដងជាពីរដងពីសំណាក់នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ ក្ដី។ ក្រោមកិច្ចព្រមព្រៀងក្នុងសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ដែលឈ្នះការបោះឆ្នោតឆ្នាំ២០១៨ គួរឲ្យភ្ញាក់ផ្អើល លោក មហាធៀ ត្រូវដឹកនាំប្រទេសរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំ រួចទើបប្រគល់តំណែងទៅឲ្យលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានបក្សធំក្នុងសម្ព័ន្ធភាពដឹកនាំប្រទេស។
លោក មហាធៀ បញ្ជាក់ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters ថា លោកនៅតែគោរពាក្យសន្យាខាងលើឥតងាករេឡើយ។ ពីការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងរដ្ឋបាលពូត្រាចាយ៉ា នាយករដ្ឋមន្ត្រីរូបនេះអះអាងថា លោក នឹងចុះចេញពីតំណែង ហើយប្រគល់ញញួរ (អំណាច) ឲ្យលោក អាន់វ៉ា។ យ៉ាងណាមិញ លោក មហាធៀ ក៏ឆ្លៀតនិយាយដល់រឿងចម្រូងចម្រាស់ក្នុងផ្ទៃក្នុងសម្ព័ន្ធភាពកាន់អំណាចជុំវិញការដណ្ដើមតំណែងអ្នកបន្តវេននេះ។
ទោះលោក អាន់វ៉ា ជាអ្នកត្រូវស្នងតំណែងមែន មានអ្នកខ្លះសង្ស័យថា តំណែងនាយករដ្ឋមន្ត្រីអាចធ្លាក់លើលោក អាស្មីន អាលី រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច និងជាមនុស្សជិតស្និទ្ធនឹងលោក មហាធៀ ផ្ទាល់។ បច្ចុប្បន្ន លោក អាន់វ៉ា និងលោក អាស្មីន ក៏កំពុងមិនត្រូវគ្នាផងដែរ ខណៈលោក អាន់វ៉ា ក៏រងការចោទប្រកាន់ពីបទបំពានផ្លូវភេទលើអតីបុគ្គលិករបស់ខ្លួន។ ករណីនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងបង្អាក់ដំណើររបស់លោក អាន់វ៉ា ។
«ប្រសិនបើមានអ្នកមិនពេញចិត្តគាត់ នោះជារឿងរបស់ពួកគេ ប៉ុន្តែខ្ញុំនឹងបំពេញតាមពាក្យសន្យា ទោះមានការចោទប្រកាន់អ្វីក៏ដោយ។ ខ្ញុំបានសន្យា។ ខ្ញុំរក្សាសន្យា។» នេះជាការបញ្ជាក់របស់លោក មហាធៀ ដែលធ្លាប់ជាគូប្រជែងនយោបាយរបស់លោក អាន់វ៉ា ។
ដ្បិតរក្សាសម្ដីរឿងផ្ទេរអំណាចមែន លោក មហាធៀ ក៏បញ្ជាក់ដែរថា ការចុះចេញរបស់លោក នឹងមិនអាចកើតឡើងនៅពេលខាងមុខឡើយ។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកនឹងមិនប្រគល់តំណែងនាយករដ្ឋមន្ត្រីនេះមុនជំនួបកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២០ឡើយ។ សម្រាប់លោក ការដោះដូរតំណែងបែបនេះ មិនល្អសម្រាប់ជំនួប APEC ឡើយ៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
អាន់វ៉ា អ៊ីប្រាហ៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com