អន្តរជាតិ
បក្សប្រជាធិបតេយ្យ បង្ហាញបទចោទពីរប្រឆាំងលោក ត្រាំ លោកប្រធានាធិបតី ដូណាល់ ត្រាំ (AFP)
× មេដឹកនាំបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១០ ខែធ្នូ បានបង្ហាញមាត្រាចំនួនពីរនៃបទចោទប្រកាន់ (Impeachment) ប្រឆាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ។ មាត្រាទាំងពីរដែលចោទលោក ត្រាំ ថា រំលោភអំណាច និងរារាំងនីតិវិធីរបស់សភា (Congress) គឺផ្អែកទាំងស្រុងលើរឿងអាស្រូវអ៊ុយក្រែន ។
បើតាមការប្រកាសជាផ្លូវការរបស់ប្រធានគណៈកម្មាធិការយុត្តិធម៌សភាតំណាង លោក Jerry Nadler លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រព្រឹត្ត «បទល្មើសតូចធំ (High Crimes and Misdemeanours)» ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិក។ ត្រង់នេះ លោក ដាក់ចេញមាត្រាចំនួន២ ដែលក្នុងនោះ ការចោទប្រកាន់ទី១គឺ លោក ត្រាំ បានអនុវត្តអំណាចប្រធានាធិបតីដើម្បីបានផលចំណេញផ្ទាល់ខ្លួន ខណៈមិនខ្វាយខ្វល់ ឬប៉ះពាល់ដល់ប្រយោជន៍ជាតិ ដោយដាក់សម្ពាធលើអ៊ុយក្រែនឲ្យជ្រៀតជ្រែកការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ២០២០។
ការចោទប្រកាន់ទី២គឺ នៅពេលត្រូវបានចាប់កំហុសបាន, នៅពេលសភាតំណាងបានបើកការស៊ើបអង្កេត និងស៊ើបសួរក្នុងនីតិវិធីដកតំណែងប្រធានាធិបតីនោះ លោកត្រាំបានព្យាយាមរារាំងដំណើរការរបស់សភានេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Nadler បញ្ជាក់ថា លោក ត្រាំ យល់ឃើញថាខ្លួនលោកឈរនៅលើច្បាប់ ហើយសហរដ្ឋអាមេរិក ត្រូវធានាថា គ្មាននរណាម្នាក់សម្បីតែប្រធានាធិបតី អាចឈរនៅលើច្បាប់នោះទេ។
ប្រសិនបើគណៈម្មាធិការយុត្តិធម៌សភាតំណាង សម្រេចបោះឆ្នោតអនុម័តមាត្រាទាំងពីរ ដែលគ្រោងធ្វើឡើងក្នុងសប្តាហ៍នេះ មាត្រានៃបទប្រកាន់លើលោកត្រាំនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងដើម្បីបោះឆ្នោតពេញអង្គ។ បន្ទាប់មក ប្រសិនបើពួកគេ ត្រូវបានអនុម័យដោយសភាតំណាងអាមេរិកដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ ការជំនុំជម្រះ (Trial) ក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ នឹងរៀបចំឡើង ហើយពេលវេលាដែលអាចទៅរួចគឺនៅដើមឆ្នាំ២០២០។
សូមបញ្ជាក់ថា ដំណើរការនៃការចោទប្រកាន់ ដែលអាចឈានដល់ការដកហូតតំណែងប្រធានាធិបតីនេះ បានធ្វើឡើងក្រោយមន្ត្រីចារកិច្ចអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះ (whistleblower) បានដាក់ពាក្យបណ្តឹងទៅសភាក្នុងខែកញ្ញា អំពីការជជែកគ្នាតាមទូរសព្ទរវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន។ អំឡុងការជជែកគ្នាតាមរយៈទូរសព្ទក្នុងខែកក្កដានេះ លោក ត្រាំ បានដាក់សម្ពាធលោក Zelensky បើកការស៊ើបអង្កេតលើលោក ចូ បៃឌិន ដែលបច្ចុប្បន្នជាបេក្ខជនបក្សប្រជាធិបតេយ្យឈានមុខម្នាក់ក្នុងការបោះឆ្នោតឆ្នាំក្រោយ ដោយភ្ជាប់ទៅនឹងជំនួយយោធា៕
Tag:
សហរដ្ឋអាមេរិក
ដូណាល់ត្រាំ
បទចោទប្រកាន់
© រក្សាសិទ្ធិដោយ thmeythmey.com