ទោះបីក្រុមកីឡាជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ខកខានទទួលបានមេដាយសំរឹទ្ធក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនក៏ដោយ តែលោក Felix Dalmas មិនឈឺចាប់នោះទេ។ តែអ្វីដែលសំខាន់សម្រាប់ លោក គឺកីឡាករត្រូវចេះប្រើភាពឈឹចាប់ពីការបរាជ័យទៅអភិវឌ្ឍសមត្ថភាព។ គ្រូបង្វឹកអាហ្សង់ទីនរូបនេះជឿជាក់ថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការប្រកួតក្រោយៗ បើសិនកីឡាករម្នាក់ៗខិតប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់។
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ហាក់ឲ្យតម្លៃខ្លាំងទៅលើការអភិវឌ្ឍក្រុម ជាជាងលទ្ធផល។ សម្រាប់ លោក ទោះបីក្រុម U22កម្ពុជាមិនទទួលបានមេដាយពីប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីនឆ្នាំនេះក៏ពិតមែន តែលោកមិនឈឺចាប់ និងសោកស្តាយឡើយ។ អ្វីដែលសំខាន់ គឺលោកចង់ឃើញការអភិវឌ្ឍរបស់កីឡាករកម្ពុជា។
«យើងត្រូវចេះឈឺចាប់ កុំឲ្យភាពឈឺចាប់នឹងកើតឡើងក្នុងជីវិតយើងម្តងទៀត។ ខ្ញុំមិនសោកស្តាយទេ តែត្រូវចេះប្រើភាពឈឺចាប់ធ្វើជាភ្លើងកំហឹងជំរុញឲ្យយើងខិតខំទៅមុខទៀត។ យើងនៅចាំទេពេលចាញ់វៀតណាម បើសិនយើងអាចផ្លាស់ប្តូរទម្លាប់ និងចិត្តរបស់យើង ហើយធ្វើឲ្យប្រសើរជាងនេះ គឺប្រសើរជាងឈ្នះមេដាយទៅទៀត»។ លោក Felix Dalmas លើកឡើងបែបនេះពេលជួបជុំគ្នាជាមួយថ្នាក់ដឹកនាំ និងក្រុមកីឡាករ U22 ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្រោយជំនួបជាមួយមីយ៉ាន់ម៉ា។
គ្រូបង្វឹកអាហ្សង់ទីនរូបនេះអះអាងថា លោកពិតជាមានមោទកភាពមែនទែន ដែលបានធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងបានដឹកនាំក្រុម U22 ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ជាមួយគ្នានេះ លោក ជំរុញឲ្យកីឡាករបន្តខិតប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមប្រជែងក្នុងពានរង្វាន់លក្ខណៈអន្តរជាតិលើកក្រោយៗទៀត។ លោកជឿជាក់ថា ក្រុមកីឡាករកម្ពុជានឹងអាចនាំយកជ័យលាភីពីការប្រកួតលក្ខណៈអន្តរជាតិជូនជាតិមាតុភូមិ បើសិនពួកគេមិនបាក់ទឹកចិត្ត ហើយបន្តការប្រឹងប្រែងរបស់ខ្លួន។
ជាមួយការវាយតម្លៃខ្ពស់ចំពោះទម្រង់លេង និងលទ្ធផលរបស់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ លោក Felix Dalmas ដាស់តឿនឲ្យកីឡាករគ្រប់រូប ពិនិត្យសកម្មភាពប្រកួតឡើងវិញ ដើម្បីស្វែងរកចំណុចខ្វះខាតមកកែតម្រូវ។ លោកជឿជាក់ថា កម្ពុជានឹងបោះជំហានទៅមុខ បើកីឡាករម្នាក់ៗមានស្មារតី និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់។
គ្រូបង្វឹករូបនេះ លើកទឹកចិត្តកីឡាករ ពិសេសកីឡាករ កែវ សុខផេង កុំបាក់ទឹកចិត្ត និងបន្តការខិតខំប្រឹងប្រែងបន្ថែម ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៅថ្ងៃអនាគត។ ទោះបីមានមតិមួយចំនួនរិះគន់កីឡាករ កែវ សុខផេង ចំពោះការស៊ុតប៉េណាល់ទីមិនចូលក៏ដោយ តែលោក Felix បានចេញមកការពារថា កីឡាកររូបនេះ ដែលជួយឲ្យកម្ពុជាឈានដល់ទាត់បាល់ប៉េណាល់ទីកាត់សេចក្តីជាមួយមីយ៉ាន់ម៉ា។
ភ្លាមៗក្រោយទាត់ប៉េណាល់ទីចុងក្រោយមិនបានសម្រេច ខ្សែប្រយុទ្ធ កែវ សុខផេង បានសរសេរសារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា«កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ»។ បន្ថែមលើការបង្ហាញការសោកស្តាយ សុខផេង បានសុំទោសគ្រូបង្វឹក ថ្នាក់ដឹកនាំ និងមិត្តរួមក្រុមចំពោះកំហុស ដែលកើតឡើងដោយអចេតនានេះផងដែរ។
ពេលជួបជុំជាមួយគ្រូបង្វឹក ថ្នាក់ដឹកនាំ និងមិត្តរួមក្រុមក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្រោយជំនួបជាមួយមីយ៉ាន់ម៉ា អតីតកីឡាករភ្នំពេញក្រោនរូបនេះបាននិយាយដូច្នេះថា៖«សុំទោសអ្នកទាំងអស់គ្នាចំពោះកំហុសដដែលៗ លើកក្រោយខ្ញុំនឹងកែ ខ្ញុំសុំទោសលោកគ្រូ និងមិត្តរួមក្រុមទាំងអស់ដែលមានកំហុសដដែល»។
ការធ្វើមិនបានសម្រេចក្នុងការស៊ុតប៉េណាល់ទីជាបន្តបន្ទាប់ក្នុងជំនួបជាមួយវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជាមួយមីយ៉ាន់ម៉ានៅវគ្គដណ្តើមមេដាយសំរឹទ្ធ សុខផេង ត្រូវបានមតិមួយចំនួនតូចរិះគន់ដោយផ្សារភ្ជាប់ជាមួយប្រវត្តិគ្រួសារ។ តែអ្នកគាំទ្របាល់ទាត់ពិតប្រាកដ មិនត្រឹមតែមិនស្តីបន្ទោសនោះទេ ថែមទាំងលើកទឹកចិត្តឲ្យរូបគេបន្តខិតខំប្រឹងប្រែងទៀតផង។
នាពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) នៅព្រឹកថ្ងៃទី១១ ខែធ្នូ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកតាមដានកីឡាបាល់ទាត់ម្នាក់ ក៏បានលើកទឹកចិត្តដល់ កែវ សុខផេង ផងដែរ។ សម្តេចបានបង្ហាញការហួសចិត្ត ដែលកីឡាកររូបនេះ ត្រូវបានរងការស្តីបន្ទោស និងលាបពណ៌ពីសំណាក់អ្នកគាំទ្រមួយក្តាប់តូច ដោយសាររឿងទាត់ប៉េណាល់ទីមិនចូល។
«ពីពីម្សិលមិញ(ថ្ងៃអង្គារ)ខ្ញុំបានចូលទៅកាន់ផេក ឬទំព័រហ្វេសប៊ុកក្មួយ កែវ សុខផេង។ ប៉ុន្តែចូលទៅអត់ឃើញ ឃើញតែថ្មីៗ(សារព័ត៌មានថ្មី)បានសរសេរថា សុខផេង បានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនថា«អ្វីៗជាកំហុសរបស់ខ្ញុំ» ដូច្នេះខ្ញុំចង់ចូលទៅកាន់ហ្វេសប៊ុកនឹង(កែវ សុខផេង) ដើម្បីផ្តល់មតិយោបល់(Comment)ថា កុំឲ្យបាក់ទឹកចិត្ត»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន។
ជាមួយការលើកទឹកចិត្តប្រមុខដឹកនាំរាជរដ្ឋាភិបាលរូបនេះបានឆ្លៀតថ្លែងការពារកីឡាករ កែវ សុខផេង ដូច្នេះថា៖«ខ្ញុំសុំនិយាយការពារដោយត្រង់ នៅពេលកីឡាករបាល់ទាត់យើងទាត់ចាញ់វៀតណាម បែរជាចោទកីឡាករ កែវ សុខផេង ថាជាកូនរបស់វៀតណាម នេះជារឿងអកុសលបំផុតៗ នៅពេលទាត់ឈ្នះម៉ាឡេស៊ី កែវ សុខផេង ជាវីរៈបុរស នៅពេលចាញ់វៀតណាមថា សុខផេង ជាកូនមានម្តាយវៀតណាម»៕