អន្តរជាតិ
នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ​ផ្ដាំ​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​៖ កុំ​ភ្លេច​សួរ​យោបល់​មនុស្ស​ចាស់
11, Dec 2019 , 4:36 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ដែលជា​ប្រមុខ​រដ្ឋាភិបាល​ចាស់​ជាងគេ​លើ​ពិភពលោក​នៅ​ថ្ងៃទី​១០ ខែធ្នូ បានផ្ដល់​យោបល់​ឲ្យ​អ្នកស្រី សាន់​ណា ម៉ា​រី​ន (Sanna Marin) នាយករដ្ឋមន្ត្រី​ថ្មី​របស់​ហ្វាំ​ង​ឡង់​ឲ្យ​រៀន​ពីបទ​ពិសោធ​មនុស្ស​ចាស់​។ បច្ចុប្បន្ន អ្នកស្រី ម៉ា​រី​ន ជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ​របស់​ពិភពលោក​។

 
​ក្នុង​វ័យ​៣៤​ឆ្នាំ អ្នកស្រី សាន់​ណា ម៉ា​រី​ន ត្រូវបាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​ហ្វាំ​ង​ឡង់​ទាំង​វ័យក្មេង ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​បី​របស់​ប្រទេស និង​ជា​ប្រមុខ​រដ្ឋាភិបាល​ក្មេង​ជាងគេ​លើ​លោក​ផងដែរ​។ អ្នកស្រី ម៉ា​រី​ន បាន​ស្បថ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ជំនួស​លោក Antti Rinne ដែល​បាត់បង់​ទំនុកចិត្ត​ពី​បក្ស​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច​។​
 
​ពី​ទីក្រុង​គួ​ឡា​ឡាំ​ពួ លោក មហា​ធៀ មហាម៉ាត់ ដែលជា​នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ​លើ​លោក ក៏បានផ្ដល់​មតិ​ខ្លះ​សម្រាប់​អ្នកនយោបាយ​ជំនាន់​ក្រោយ​វ័យក្មេង​ដូច​អ្នកស្រី ម៉ា​រី​ន ។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក មហា​ធៀ ដែលមាន​វ័យ​៩៤​ឆ្នាំ​និយាយថា ខណៈ​យើង​ជឿជាក់​លើ​ឧ​ត្ត​ម​គតិ​របស់​មនុ​ស្សវ័យ​ក្មេង វា​ក៏​ជា​រឿង​សំខាន់​សម្រាប់​ពួកគេ​ក្នុងការ​ពិចារណា​ពីបទ​ពិសោធ​របស់​មនុស្ស​ចាស់​។ 
 
«​បន្ទាប់មក នឹងមាន​គំនិត​ពីរ​បញ្ចូល​គ្នា ហើយ​នោះ​ជា​រឿង​ល្អ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក មហា​ធៀ ដែល​កំពុង​ដឹកនាំ​ម៉ាឡេស៊ី​លើក​ទី​ពីរ​ក្រោយ​ដឹកនាំ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​លើកដំបូង​រយៈពេល​២៣​ឆ្នាំ​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០០៣ ។ 
 
​បើទោះជា​មាន​វ័យក្មេង​ក្ដី បទពិសោធ​ផ្នែក​នយោបាយ​របស់​អ្នកស្រី ម៉ា​រី​ន ក៏​មិន​ខ្ចី​ដែរ​។ អាជីព​នយោបាយ​របស់​អ្នកស្រី បាន​រះ​ត្រដែត​បន្ទាប់ពី​ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ទីក្រុង​ឧស្សាហកម្ម Tampere នៅ​វ័យ​ត្រឹម​២៧​ឆ្នាំ​។ បន្ត​បន្ទាប់មក អ្នកស្រី ក៏​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ និង​ក្លាយជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន និង​គមនាគមន៍​នៅ​ខែមិថុនា ឆ្នាំ​២០១៩ មុននឹង​ត្រូវ​ជ្រើសរើស​ជា​ប្រមុខ​រដ្ឋាភិបាល​ហ្វាំ​ង​ឡង់​វ័យក្មេង​បំផុត​៕ 

Tag:
 ម៉ាឡេស៊ី​
  ហ្វាំ​ង​ឡង់​
  មហា​ធៀ មហាម៉ាត់​
  សាន់​ណា ម៉ា​រី​ន
© រក្សាសិទ្ធិដោយ thmeythmey.com