ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៖កាលពីចុងសប្តាហ៍ សិស្សវិទ្យាល័យឆ្នើមកម្ពុជាចំនួន ២០ នាក់ ទទួលបានអាហារូបករណ៍ SmartEdu ដែលជួយបង់ថ្លៃការសិក្សា នៅសាកលវិទ្យាល័យ និងមានផ្ដល់ថវិកាចំណាយប្រចាំខែ រហូតដល់ពួកគេបញ្ចប់ការសិក្សា។ ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ជុន វ៉ាត ប្រធានលេខាធិការដ្ឋាននៃមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវ។ ពិធីផ្ដល់អាហារូបករណ៍នេះ ប្រពឹត្តឡើងស្របពេលជាមួយគ្នា នឹងការចាប់ផ្តើមសិក្ខាសាលាបំប៉នជំនាញ កម្មវិធី SmartEdu សម្រាប់និស្សិតទាំងអស់ផងដែរ។
នេះគឺជាឆ្នាំទី៤ នៃក្រុមសិស្សវិទ្យាល័យដែលទទួលបានអាហារូបករណ៍ SmartEdu ចាប់តាំងពីឆ្នាំ ២០១៦មក។ ឥឡូវនេះ មាននិស្សិតកម្ពុជា ៧០នាក់ ទទួលបានអាហារូបករណ៍ពីកម្មវិធីនេះ ដែលមានតម្លៃរហូតដល់ ១៥,០០០ ដុល្លារសម្រាប់អាហារូបករណ៍នីមួយៗ។
កម្មវិធីអាហារូបករណ៍នេះ ចាប់ផ្តើមឡើងដោយផ្ដល់អាហារូបករណ៍ចំនួន ១០ កន្លែង ហើយចំនួនអាហារូបករណ៍ ត្រូវបានបង្កើន ១០ កន្លែង បន្ថែមទៀត ក្នុងឆ្នាំ២០១៧ សម្រាប់សិស្សដែលចង់បន្តការសិក្សានៅវិទ្យាស្ថានជាតិ ប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា (NIPTICT) តាមរយៈការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាល។ និស្សិតអាហារូបករណ៍ SmartEdu ឆ្នាំទី១ នឹងបញ្ចប់ការសិក្សានៅពាក់កណ្ដាលឆ្នាំក្រោយ ហើយកំពុងត្រៀមចាប់យកអាជីពជោគជ័យ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងសូមអបអរសាទរ និងស្វាគមន៍និស្សិតអាហារូបករណ៍ SmartEdu ឆ្នាំទី៤ មុនពេលចាប់ផ្តើមដំណើរសិក្សានៅសាកលវិទ្យាល័យពួកគេ ហើយយើងពិតជារីករាយដែលបានឃើញក្រុមនិស្សិតអាហារូបករណ៍ SmartEdu ដំបូងបង្អស់របស់យើងនៅថ្ងៃនេះ មានភាពចាស់ទុំជាងកាលពីរ ឫបីឆ្នាំមុន ប៉ុន្តែក៏ត្រៀមខ្លួនសម្រាប់អាជីពក្នុងពិភពការងារផងដែរ»។
លោក ថូម៉ាស បានបន្ថែមថា៖ «ការផ្តល់ឱកាសសម្រាប់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាត ដើម្បីបន្តការសិក្សាគឺជាកិត្តិយស ដ៏ពិតប្រាកដសម្រាប់ពួកយើងនៅក្រុមហ៊ុន Smart ហើយយើងក៏ព្យាយាមស្វែងរកឱកាសបន្ថែមសម្រាប់អ្នកមានជីវភាពខ្វះខាត ដើម្បីជួយលាតត្រដាងទេពកោសល្យនិងជំនាញរបស់ពួកគេដែល ប្រហែលជាពួកគេមិនបានដឹងពីមុនមក»។
ជ័យលាភីអាហារូបករណ៍ SmartEdu ឆ្នាំមុនៗក៏បានចូលរួមអបអរសាទរ និងស្វាគមន៍និស្សិតថ្មីចំនួន ២០ នាក់ផងដែរ ដែលក្រោយបញ្ចប់កម្មវិធីពួកគេ បានធ្វើដំណើរជាមួយនិស្សិតអាហារូបករណ៍ផ្សេងទៀត ដើម្បីចូលរួមសិក្ខាសាលាបំប៉នជំនាញកម្មវិធី SmartEdu នៅឯរមណីយដ្ឋាន វីគីរីរម្យ ( vKirirom)។ កម្មវិធីដែលមានរយៈពេល ៣ ថ្ងៃនេះ រួមមានសិក្ខាសាលាស្តីអំពីគំនិតច្នៃប្រឌិត ជំនាញត្រិះរិះពិចារណា ជំនាញទំនាក់ទំនង និងជំនាញអាជីវកម្មសំខាន់ផ្សេងៗទៀត ដើម្បីត្រៀមពួកគេសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ និងទីផ្សារការងារ។
អាហារូបករណ៍ SmartEdu ក៏ផ្តល់នូវដំបូន្មានណែនាំ និងឱកាសផ្សេងៗទៀត ដើម្បីអភិវឌ្ឍជំនាញរបស់ពួកគេ តាមរយៈការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាការចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នៃក្រុមហ៊ុន Smart។ និស្សិតអាហារូបករណ៍ SmartEdu ដែលទទួលបានជោគជ័យ នឹងត្រូវផ្តល់ឱកាសការងារនៅក្រុមហ៊ុនSmart បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រសាកលវិទ្យាល័យ។
លុយ លីស៊ាំង និស្សិតជ័យលាភីអាហារូបករណ៍ឆ្នាំទី១ បានឲ្យដឹងថា៖«អាហារូបករណ៍ SmartEdu មិនត្រឹមតែផ្តល់ឱ្យខ្ញុំនូវឱកាសសិក្សាដោយឥតគិតថ្លៃ និងថវិកាប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យខ្ញុំ នូវឱកាសដើម្បីចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ជាច្រើនទៀត។ សិក្ខាសាលាបំប៉នជំនាញកម្មវិធី SmartEdu នេះ ផ្ដល់ឲ្យខ្ញុំនូវកម្មវិធីអ្នកណែនាំអាជីព និងជំរុញឱ្យខ្ញុំកាន់តែជិត ទៅនឹងការងារនាពេលអនាគតរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សានៅខែមិថុនាខាងមុខ។ ខ្ញុំទន្ទឹងរង់ចាំ ចូលរួមជាមួយក្រុមហ៊ុន Smart ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិវិញ»។
កម្មវិធីអាហារូបករណ៍ SmartEdu គឺជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នា ដែលធ្វើឡើងក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ តាមរយៈអនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារ ទៅក្នុងកម្មវិធីចំនួន២ នៃ SmartEdu រួមមាន កម្មវិធីអាហារូបករណ៍ SmartEdu Scholarship និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)។
(អត្ថបទពាណិជ្ជកម្ម)