ជាតិ
សេដ្ឋកិច្ច
ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​មិន​ឲ្យ​បន្ថោក​តម្លៃ​ស្រូវ​របស់​កសិករ​
11, Dec 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈដែល​ការប្រមូល​ផល​ស្រូវ​កំពុង​មមាញឹក​ក្នុង​រដូវ​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ និង​ឈ្មួញ កុំ​បន្ទាប​តម្លៃ​ស្រូវ​របស់​កសិករ​។ ការអំពាវនាវ​របស់​សម្ដេច​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នៅ​ថ្ងៃទី​១១​ខែធ្នូ​នេះ​។​



​ប្រសាសន៍​សម្ដេច ហ៊ុន សែន ៖



 
​ប្រមុខ​រដ្ឋាភិបាល​បានលើកឡើង​ដូច្នេះ​ថា​៖«​យើង​យល់​ហើយពី​ក្រឹត្យក្រម​សេដ្ឋកិច្ច មាន​តម្រូវការ​ច្រើន​ការផ្គត់ផ្គង់​តិច​អាហ្នឹង​ឡើងថ្លៃ មាន​តម្រូវការ​តិច​តែមាន​ការផ្គត់ផ្គង់​ច្រើន​គឺ​ចុះថ្លៃ ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ម៉ាស៊ីនកិនស្រូវ កន្លែង​ស្តុក​ស្រូវ​ដែល​ទទួល​ទិញ​ពី​កសិករ សុំ​កុំ​បង្អាប់ថ្លៃ​ស្រូវ​របស់​ប្រជាជន​»​។​

អត្ថបទទាក់ទង
​ក្នុងពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​៥០​លាន​ដុល្លារ សម្រាប់​ផ្ដល់​ឥណទាន​ដល់​រោង​ម៉ាស៊ីនកិនស្រូវ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ប្រមូល​ទិញ និង​រក្សា​ស្ថិរភាព​ថ្លៃ​ស្រូវ​កសិករ​។ ក្នុង​ពិធី​ខាងលើ​នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ហាម​មិន​ឲ្យ​យក​កម្ចី​ពី​កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ​នេះ ទៅ​បន្ទាប​ថ្លៃ​ស្រូវ​កសិករ​។ សម្ដេច​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​បាន​បញ្ចេញ ៥០​លាន​ដុល្លារ ដើម្បី​ជួយ​ឲ្យ​ម៉ាស៊ីន​ស្រូវ ប៉ុន្តែ​សូម​អស់លោក​យល់  មិនមែន​យក​៥០​លាន​ដុល្លារ​ទៅ​ច្របាច់ក​ប្រជាជន​សម្រាប់​ទម្លាក់​ថ្លៃ​នោះទេ​»​។​
 
​ពេលនេះ​ជា​រដូវ​ដែល​កសិករ​កំពុង​ប្រមូល​ផល​ស្រូវ ហើយ​បាន​ហូរ​ចូល​ទីផ្សារ​ច្រើន តែ​ស្រូវ​បាន​ធ្លាក់​ថ្លៃ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ។​
 
​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ ៥១​ម៉ឺន​តោន កើន ៣,៤​ភាគរយ​។ អង្ករ​ទាំងនេះ​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ជិត​៦០​ប្រទេស ដែល​ចិន​ឈរ​នៅ​លំដាប់​ទី​១ គឺ​ទំហំ ២០,៥​ម៉ឺន​តោន នាំមុខ​សហគមន៍​អឺរ៉ុប​ដែលមាន​ត្រឹម ១៧,៤​ម៉ឺន​តោន​។ ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​កំពុង​អនុវត្ត​កូតា​នាំចេញ ៣០​ម៉ឺន​តោន​ដែល​ប្រទេស​ចិន​ផ្ដល់​ឲ្យ ហើយ​ថ្មីៗ​នេះ​ប្រទេស​ចិន​បាន​អនុវត្ត​ឲ្យ​ក្រុមហ៊ុន​១៨​ទៀត​ដែល​សរុប​៤៤​ក្រុមហ៊ុន​ហើយ ក្នុង​បញ្ជី​នាំចេញ​អង្ករ​ទៅ​ចិន​។ ក្រៅពី​អង្ករ កម្ពុជា​បាន​នាំចេញ​ស្រូវ​ក្រៅផ្លូវការ ១,៩​លាន​តោន​ទៅ​ប្រទេសជិតខាង ក្នុង​រយៈពេល​១១​ខែ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕

Tag:
 ស្រូវ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com