អន្តរជាតិ
«​កងកម្លាំង​អវកាស​អាមេរិក​» បាន​ភ្លើង​បៃតង​ពីស​ភា​
11, Dec 2019 , 9:59 pm        
រូបភាព
ដោយ:
​សហរដ្ឋអាមេរិក នឹង​ទទួលបាន​កងកម្លាំង​អវកាស​ថ្មី​មួយ​ជាមួយ​កញ្ចប់​ថវិកា​ការពារជាតិ ៧៣៨​ពាន់​លាន​ដុល្លារ ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​ទទួលបាន​គាំទ្រ​ពី​សំណាក់​អ្នកតាក់តែង​ច្បាប់ នៅ​ថ្ងៃ​អង្គារ ១០ ធ្នូ ។ ការសម្រេច​នេះ គឺ​បំពេញ​បំណង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

 
​ការចំណាយ​ប្រចាំឆ្នាំ​២០២០​ក្នុង «​ច្បាប់​ការពារជាតិ​»  គឺ​កើនឡើង​ចំនួន​២២​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ស្មើនឹង ៧១៦​ពាន់​លាន​ដុល្លារ​។ កញ្ចប់​ថវិកា​ដ៏​ច្រើន​សម្បើម​នេះ នឹង​យកទៅ​ចំណាយ​លើ​សកម្មភាព​យោធា​ជាច្រើន​។ វា ក៏​នឹង​បង្កើត​ទីបញ្ជាការ​កម្លាំង​អវកាស ដែល​ទទួលបន្ទុក​កិច្ចការ​លំហ​អាកាស​ផងដែរ​។ 
 
​តាមពិតទៅ លោក ត្រាំ ចង់​បង្កើត​អង្គភាព​អវកាស​មួយ​ដែលមាន​ឋានៈ​ស្មើ​កងទ័ពជើងគោក ជើង​អាកាស ជើង​ទឹក ម៉ា​រី​ន និង​កង​ឆ្មាំ​ការពារ​ឆ្នេរ​។ យ៉ាងណាមិញ គោលដៅ​នេះ រង​ការជំទាស់​ពិសេស​លើ​រចនាសម្ព័ន្ធ​អង្គភាព​ថ្មី​តែម្ដង​។ ក្រោម​ច្បាប់​ថវិកា​ឆ្នាំ​២០២០ ទីបញ្ជាការ​អវកាស​ថ្មី នឹង​ស្ថិតក្រោម​កងទ័ព​ជើង​អាកាស​។   
 
​សំណើ​ច្បាប់ ទទួលបាន​ការអនុម័ត​ពី​សំណាក់​អ្នកតាក់តែង​ច្បាប់​មកពី​បក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ ទាំង​ក្នុង​គណៈកម្មាធិការ​នីតិបញ្ញត្តិ​របស់​សភា​តំណាង​និង​ព្រឹទ្ធសភា ហើយ​ទំនងជា​អាច​ឆ្លងកាត់​សភា (Congress)​។ សំណើ​ច្បាប់​នេះ ដែល​សភា​ចាំបាច់​ត្រូវ​អនុ​ម័​យ​រៀងរាល់ឆ្នាំ ប្រគល់​លុយ ៦៣៥​ពាន់​លាន​ដុល្លារ​ទៅកាន់​មន្ទីរ​បញ្ច​កោណ ហើយ​២៣,១​ពាន់​លាន​ដុល្លារ​ផ្សេងទៀត​ទៅដល់​ក្រសួង​ថាមពល​សម្រាប់​ការថែទាំ​និង​ជួសជុល​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ និង​ប្រេងឥន្ធនៈ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រតិបត្តិការ​យោធា​ក្នុង​បណ្តា​ប្រទេស ដូចជា អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី និង​សូ​ម៉ាលី ទទួលបាន ៧១,៥​ពាន់​លាន​ដុល្លារ ខណៈ​សំណើ​ច្បាប់​នេះ ក៏​ដំឡើង​ប្រាក់បៀវត្ស​៣,១​ភាគរយ​សម្រាប់​កងទ័ព​ផងដែរ ដែលជា​អត្រា​ខ្ពស់បំផុត​ក្នុង​១០​ឆ្នាំ​ចុងក្រោយ​។ ទន្ទឹមនេះ កញ្ចប់​ថវិកាជាតិ​ថ្មី​នេះ  ក៏​នឹង​ផ្តល់​៥,៣​ពាន់​លាន​ដុល្លារ​ជួសជុល​មូលដ្ឋានទ័ព​អាមេរិក​ក្នុងករណី​ជួប​គ្រោះធម្មជាតិ​ក្នុង​រដ្ឋ Florida និង North Carolina ដែល​ត្រូវ​បំផ្លាញ​ដោយ​ព្យុះ Hurricans កាលពី​ឆ្នាំមុន​។​
 
​តួលេខ​នេះ នៅមានកម្រិត​ទាប​ជាង​សំណើ​៩,២​ពាន់​លាន​ដុល្លារ​របស់​សេត​វិមាន​អាមេរិក ដែល​ចង់​យកលុយ​នេះ​ទៅ​ផ្គត់ផ្គង់​ការសាងសង់​ជញ្ជាំង​នៅតាម​ព្រំ​ប្រទេស​ម៉ិ​ក​ស៊ី​ក ដែល​លោក​ត្រាំ​ចាត់ទុកថា​ជា​រឿង​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ពី​ម៉ិ​ក​ស៊ី​ក​។ ចំណែក នៅក្នុង​សំណើ​ច្បាប់​នេះ អ្នកតាក់តែង​ច្បាប់​អាមេរិក ក៏បាន​បញ្ចូល​លក្ខខណ្ឌ​ខ្លះ ដែល​គ្រប់គ្រង​ការប្រើប្រាស់​ថវិកា​របស់​មន្ទីរ​បញ្ច​កោណ រួមមាន ការរារាំង​លើ​ការកាត់បន្ថយ​ចំនួន​កងទ័ព​ដែល​ឈរលើ​ទឹកដី​កូរ៉េខាងត្បូង និង​ការបញ្ជូន​យន្តហោះ​ចម្បាំង​ទំនើប​ផុត​លេខ F-35 ទៅកាន់​តួ​ក​គី ជាដើម​។​

Tag:
 សហរដ្ឋអាមេរិក​
  កងកម្លាំង​អវកាស
© រក្សាសិទ្ធិដោយ thmeythmey.com