អន្តរជាតិ
លោក ណា​ជីប សារភាពថា​ទិញ​នាឡិកា​តម្លៃ​១១​ម៉ឺន​ដុល្លារ​លួង​ចិត្ត​ប្រពន្ធ​
12, Dec 2019 , 8:39 am        
រូបភាព
លោក ណាជីប និងភរិយា ក្នុងឆ្នាំ២០១៨ (Malay mail)
លោក ណាជីប និងភរិយា ក្នុងឆ្នាំ២០១៨ (Malay mail)
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ បញ្ជាក់ថា លោក​បាន​ទិញ​នាឡិកា​ប្រណីត​តម្លៃ ១១២ ០៧០​ដុល្លារ ជូន​ដល់​ភរិយា​លោក​ដើម្បី​លួង​ចិត្ត បន្ទាប់ពី​លោក​ស្រូត​មក​ប្រទេស​វិញ​ខណៈ​កំពុងស្ថិត​ក្នុងពេល​វិស្សមកាល​គ្រួសារ​។

 
​ឆ្លើយបំភ្លឺ​ក្នុង​អង្គជំនុំជម្រះ​សំណុំរឿង​ពុករលួយ​របស់លោក នៅ​ថ្ងៃទី​១០ ខែធ្នូ លោក ណា​ជីប បាន​សារភាពថា លោក បាន​ទិញ​នាឡិកា​ម៉ាក Chanel នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ ក្នុង​រដ្ឋ​ហា​វ៉ៃ មុនពេល​លោក​ប្រ​ញ៉ាប់​ប្រញាល់​ត្រលប់​មកកាន់​ប្រទេស​ម៉ាឡេស៊ី​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ធ្ងន់ធ្ងរ​ក្នុង​រដ្ឋ Kelantan ។ អំណោយ​នេះ ត្រូវបាន​ជ្រើសរើស​ដោយ​ភរិយា​លោក​ផ្ទាល់​តែម្តង គឺ​អ្នកស្រី Rosmah Mansor ។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama លោក ណា​ជីប បកស្រាយ​ថា ជាធម្មតា លោក​នឹង​នៅ​ដើរ​កម្សាន្ត​ជាមួយ​គ្រួសារ​លោក ចន្លោះ​ពី​១០​ថ្ងៃ​ទៅ​២​សប្តាហ៍ ក៏ប៉ុន្តែ​លោក​ត្រូវ​ត្រលប់​មកវិញ​ប្រទេស​វិញ​យ៉ាង​ទាន់ហន់​នៅ​ឆ្នាំ​នោះ​។  លោក និយាយ​ដូច្នេះ​៖«​គ្រួសារ​ខ្ញុំ មិន​សប្បាយចិត្ត​ឡើយ ព្រោះតែ​ខ្ញុំ​ត្រូវ​ទុក​ពួកគេ​ចោល ហើយ​ត្រលប់​ទៅកាន់​ម៉ាឡេស៊ី​ភ្លាមៗ ទោះជា​កំពុង​ស្ថិតក្នុង​ថ្ងៃ​ឈប់សម្រាក​ដំណាច់ឆ្នាំ ដោយ​មានបំណង​ប្រារព្ធ​ពិធី​ខួបកំណើត​ភរិយា​ខ្ញុំ […] ក្រោយមក​ខ្ញុំ​បានសម្រេច​ចិត្ត​ទិញ​របស់​អ្វីមួយ​តាម​ក្តី​បំណង​នាង​»​។ 
 
​តុលាការ​ជាន់ខ្ពស់​រប​ស់​ម៉ាឡេស៊ី បាន​បញ្ជា​លោក​ណា​ជីប​ចូលខ្លួន​ការពារ​ក្តី ពាក់ព័ន្ធ​បទចោទប្រកាន់​ចំនួន​៧​នៃ​ការចាត់ចែង​លុយ​មូលនិធិ​អន្តរជាតិ SRC ប្រមាណ​១០​លាន​ដុល្លារ ហើយ​ផ្ទេរ​លុយ​ទាំងនេះ​ចូលទៅក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន​របស់លោក​។ បទចោទប្រកាន់​ទាំងនេះ គឺ​រួមមាន បំពាន​ទំនុកចិត្ត​៣​ករណី​, លាងលុយកខ្វក់​៣​ករណី និង​រំលោភ​អំណាច​១​ករណី ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ថវិកា​មូលនិធិ SRC ដែលជា​ផ្នែក​នៃ​មូលនិធិ​រដ្ឋ 1MDB ។ លុយ​យ៉ាង​ច្រើនសន្ធឹក​ដែល​លួច​ចេញពី​មូលនិធិ​រដ្ឋ 1MDB នេះ ដោយ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប និង​គ្នីគ្នា ត្រូវបាន​យកទៅ​ចំណាយ​លើ​អចល​ទ្រព្យ​ថ្លៃ​កប់​ពពក​, នាវា​ប្រណីត (Yacht) និង​គ្រឿង​អលង្ការ​ជាដើម​។ 
 
​ម្យ៉ាងទៀត កាលពី​ចន្ទ​ដើម​សប្តាហ៍​នេះ លោក ណា​ជីប បាន​ពន្យល់​ពី​ការទិញ​គ្រឿង​អាល​ង្កា​រ​នៅ​ហាង​ទំនិញ​មួយ ក្នុងប្រទេស​អ៊ីតាលី។ ដោយ​ស្រង់​សម្តី​ពី​សារព័ត៌មាន Malay Mail លោក អះអាងថា លោក​បាន​ទិញ​អំណោយ​តម្លៃ ៧៨,៨​ម៉ឺន​ដុល្លារ ក្នុង​ថ្ងៃ​៨ ខែសីហា ២០១៤ ជូន​ដល់​ភរិយា​របស់​នាយករដ្ឋមន្ត្រី​កាតា​។ លោក​បាន​ទិញ​អំណោយ​នេះ អំឡុង​ដំណើរ​កម្សាន្ត​ឯកជន​មួយ​ជាមួយ​គ្រួសារ​លោក ហើយ​អំឡុង​ដំណើរ​កម្សាន្ត​នេះ លោក បាន​ជួប​ជាមួយ​សម​ភាគី​កាតា​។  នៅមុខ​តុលាការ លោក ណា​ជីប បកស្រាយ​ថា អំណោយ​នេះ គឺជា​ការជូន​ត្រលប់​ទៅវិញ​នូវ​អំណោយ​ដែល លោកនាយក​រដ្ឋមន្ត្រី​កាតា និង​ភរិយា បាន​ជូន​ដល់​លោក និង​ភរិយា​លោក គឺ​អ្នកស្រី Rosmah អំឡុង​ទស្សនកិច្ច​ពួកគេ​នៅ​ម៉ាឡេស៊ី​។ 
 
​លោក បន្តទៀតថា លោក​បាន​ប្រើប្រាស់​លុយ​ឯកជន​លោក​ ដើម្បី​ទិញ​អំណោយ ដ្បិតថា​លោក​មិន​ចង់​ប្រើ​ថវិការដ្ឋ ហើយ​អំណោយ​នេះ គឺ​ផ្តល់​ផលចំណេញ​ដល់​ម៉ាឡេស៊ី តាមរយៈ​ការរក្សា​ចំណងទាក់ទង​ល្អ​ ជាមួយ​មេដឹកនាំ​បរទេស​។ 
 
​សូមបញ្ជាក់ថា សម្ព័ន្ធភាព​របស់លោក ណា​ជីប ត្រូវបាន​ទម្លាក់​នៅ​ការបោះឆ្នោត​កាលពី​ឆ្នាំមុន ក្រោយពី​កាន់អំណាច​៦​ទសវត្សរ៍ ហើយ​កំហឹង​សាធារណៈ​ជុំវិញ​រឿងអាស្រូវ​នេះ ក៏​ជា​ហេតុផល​មួយ ​នៃ​បរាជ័យ​របស់​ពួកគេ​ផងដែរ​។ ចាប់តាំងពី​អស់តំណែង​ជា​នាយករដ្ឋមន្ត្រី​មក លោក ណា​ជីប ត្រូវបាន​ចាប់ខ្លួន ហើយ​ទទួលរង​នូវ​បទចោទប្រកាន់​ជាច្រើន​ ពាក់ព័ន្ធ​នឹង​ការ​លួច​លុយ​ជាតិ​៕

Tag:
 ម៉ាឡេស៊ី​
  ណា​ជីប រ៉ា​ហ្សា​ក់​
  1MDB
© រក្សាសិទ្ធិដោយ thmeythmey.com