អន្តរជាតិ
អាមេរិក ប្រគល់​មូលដ្ឋាន​យោធា​ចំនួន​៤ កន្លែង​ឲ្យ​កូរ៉េខាងត្បូង​វិញ​
11, Dec 2019 , 10:39 pm        
រូបភាព
រូបភាព៖ Koreaherald
រូបភាព៖ Koreaherald
​អាមេរិក នៅ​ថ្ងៃទី​១១ ខែធ្នូ បានប្រគល់​មូលដ្ឋាន​យោធា​ចំនួន​៤​របស់ខ្លួន ឲ្យ​កូរ៉េខាងត្បូង​ត្រលប់​មកវិញ បន្ទាប់ពី​មានការ​ពន្យារពេល​យ៉ាងយូរ​។ ការពន្យារ​ពេលនេះ ដោយសារតែ​ទីតាំង​យោធា​ទាំងនោះ ត្រូវការ​សម្អាត​ជាមុនសិន ដើម្បី​ប្រាកដថា វា​គ្មាន​បញ្ហា​បរិស្ថាន ឬ​មេរោគ​ផ្សេងៗ​។


 
​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ អាមេរិក នឹង​ប្រគល់​មូលដ្ឋាន​យោធា​របស់ខ្លួន​ចំនួន ៤ ឲ្យ​មក​កូរ៉េខាងត្បូង​គ្រប់គ្រង​វិញ​។ មូលដ្ឋាន​យោធា​ទាំង​៤​នោះ មានដូចជា បន្ទាយ Camps Eagle និង Long, Camp Market,  Camp Hovey ជាដើម​។ ទីតាំង​ទាំងនោះ​មាន​ចម្ងាយ​ឆ្ងាយ​បំផុត​ត្រឹមតែ ១៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ទីក្រុង​សេ​អ៊ូ​ល​។ បន្ទាយ​ទាំងនេះ បាន​បិទ​ដំណើរការ​ចន្លោះ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១១ ។ 
 
​តាមរយៈ​កិច្ចប្រជុំ​រួមគ្នា​លើក​ទី ២០០ ដែល​ធ្វើឡើង ក្រោម​កិច្ចព្រមព្រៀង​ស្តីពី​កម្លាំងយោធា ភាគី​អាមេរិក និង​កូរ៉េខាងត្បូង បាន​បង្កើត​កិច្ចព្រមព្រៀង​មួយ ដែល​អនុញ្ញាត​ឲ្យ​អាមេរិក ប្រគល់​មូលដ្ឋានទ័ព​មក​កូរ៉េខាងត្បូង​វិញ​។ 
 
​បើតាម​កិច្ចព្រមព្រៀង​មួយ​នេះ អាមេរិក បាន​យល់ព្រម​ប្រគល់​មូលដ្ឋាន​យោធា ឲ្យ​កូរ៉េខាងត្បូង​វិញ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​។ ក្នុង​លក្ខខណ្ឌ​នេះ ភាគី​ទាំងសងខាង​នៅតែ​ផ្តល់​កិច្ច​ពិភាក្សាគ្នា​ទៅវិញទៅមក ដើម្បី​ឆ្លើយតប​ទៅនឹង​ការសម្អាត​បរិស្ថាន​ក្នុង​មូលដ្ឋាន​យោធា​ទាំងនោះ​។ បានសេចក្តីថា​ភាគី​អាមេរិក និង​កូរ៉េខាងត្បូង នឹង​ដោះដូរ​យោបល់​គ្នា ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​បន្សុទ្ធ​ខ្ស​ល់ និង​បញ្ហា​បរិស្ថាន នៅក្នុង​បន្ទាយ​យោធា​។ 
 
​នៅពេល​ទទួលបាន កូរ៉េខាងត្បូង នឹង​សំអាត​មូលដ្ឋាន​យោធា​ទាំងនោះ ដើម្បី​ទុក​ទីតាំង​ទាំង​៤​នេះ សម្រាប់​លក់ ឬ​ទុកជា​សម្បត្តិ​របស់​រដ្ឋ ឬ​សម្រាប់​ជា​មូលដ្ឋាន​យោធា​។ ការធ្វើ​នេះ គឺ​ដើម្បី​ប្រាកដថា ទីតាំង​ទាំងនោះ​មិនមាន​បញ្ហា​បរិស្ថាន ឬ​បញ្ហា​កខ្វក់​ផ្សេងៗ​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​មូលដ្ឋាន​យោធា​នេះ អ្នក​អង្កេត​មួយចំនួន​រំពឹងថា ទីក្រុង​សេ​អ៊ូ​ល អាច​ពិភាក្សា​ការចំណាយ​លើ​ការសម្អាត​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​ការណ៍​នេះ អាច​ត្រូវបាន​អាមេរិក បដិសេធ ដោយ​ផ្អែក​ថា យោធា​អាមេរិក​គ្មាន​បញ្ហា​សុខភាព​ទេ​។​
 
​ដោយសារតែ​ការឈ្លានពាន​របស់​កូរ៉េខាងជើង នៅក្នុង​ឆ្នាំ​១៩៥០ អាមេរិក បាន​នាំ​យោធា​របស់ខ្លួន​មក​ការពារ​កូរ៉េខាងត្បូង ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ អំឡុងពេល​សង្គ្រាម​មួយ​នេះ អាមេរិក​បានដាក់​ទ័ព​ប្រមាណ​ជា ៣២​ម៉ឺន​នាក់ នៅលើ​ទឹកដី​កូរ៉េខាងត្បូង​។ បន្ទាប់ពី​សង្គ្រាម​បានបញ្ចប់ អាមេរិក​បាន​រក្សា​ទ័ព​ជិត​៣​ម៉ឺន​នាក់ នៅលើ​ទឹកដី​មួយ​នេះ​។ 
 
​បច្ចុប្បន្ន អាមេរិក មាន​បន្ទាយ​ធំ​ពីរ​នៅ​កូរ៉េខាងត្បូង​។ បន្ទាយ​មួយ​នៅ Pyeongtaek ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល និង​មួយទៀត​នៅ​ទីក្រុង Daegu ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ប្រឈមមុខ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​៕

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com