ONE Championship
កីឡាជាតិ
ជាតិ
ជំនួប​៥​គូ​អស្ចារ្យ​បំផុត​នៅ ONE: MARK OF GREATNESS
11, Dec 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​នេះ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់ ONE Championship និង​ជា​ព្រឹត្តិការណ៍​ដ៏​ទាក់ទាញ​ក្នុងការ​ប្រកួត​ជា​ប្រវត្តិសាស្ត្រ ក្នុង​កម្មវិធី ONE Super Series World Title ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ONE: MARK OF GREATNESS ដែល​រៀបចំ​នៅ​សង្វៀន Axiata Arena បានធ្វើ​ឲ្យ​អ្នកគាំទ្រ​រាប់លាន​នាក់​មាន​ភាពសប្បាយ​រីករាយ​ជុំវិញ​ពិភពលោក​។


 
​មុនពេល​ឈានដល់​ការប្រកួត​នៅ​ឆ្នាំ ២០២០ នេះ​ជា​គូប្រកួត​ចំនួន ៥ គូ​ដែល​មិនអាច​បំភ្លេចបាន​នា​យប់​ថ្ងៃទី ៦ ខែ ធ្នូ ពី​ប្រទេស​ម៉ាឡេស៊ី កន្លងទៅ​។ 
 
#1 Sam-A បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​

 
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ  Sam-A Gaiyanghadao បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយពេល​ឈ្នះ​ខ្សែក្រវាត់ ONE Strawweight Kickboxing World Title ដែល ជា​ខ្សែក្រវាត់​ទើប​ដាក់​ឲ្យ​ប្រកួត​លើកដំបូង​។ គូប្រកួត​របស់គេ Wang Junguang ឬ “Golden Boy” ជា​គូបដិបក្ខ​ដ៏​គ្រោះថ្នាក់​និង​ល្អ​បំផុត​មួយ ដែល​នាំ​ឲ្យ​វីរបុរស​របស់​ថៃ​ត្រូវ​បង្ហាញ​ក្បាច់​ដ៏​អស្ចារ្យ​និង​ប្រើ​កម្លាំង​ខ្លាំងៗ​។ កីឡាករ​ចិន​រូបនេះ​អាច​ចេញ​ក្បាច់​ដៃ និង ជើង​ក្នុងពេល​រួមគ្នា​បាន​យ៉ាង​ល្អ​។ ហេតុនេះ​ទើប​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ជើងចាស់ Sam-A ត្រូវការ​ការពារ​ទាំង​កណ្ដាប់ដៃ និង ការ​ទាត់​ជើង​។ ហើយ វីរបុរស​របស់​ថៃ ត្រូវ​ប្រើ​ភាព​ឆ្លាត​វ៉ៃ​របស់ខ្លួន ទាំង​ការពារ និង ការ​វាយបក​ដើម្បី​យកឈ្នះ «Golden Boy»​។ Sam-A បាន​ប្រើ​កណ្ដាប់ដៃ​និង​ការ​ទាត់​ជើង​សំដៅ Wang បាន​យ៉ាង​ល្អ​។ ក្រោយ​ឈ្នះ​ខ្សែក្រវាត់  Sam-A  បាន​ក្លាយជា​កីឡាករ​ប្រដាល់​ដំបូង​ឈ្នះ​ខ្សែក្រវាត់​ពីរ​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​នៅ​សង្វៀន​អន្តរជាតិ ONE​។ 
 
#2 ក្បាច់​របស់ Ramazanov ពិត​គ្រោះថ្នាក់​ណាស់​

 
​បន្ទាប់ពី​ការប្រកួត ១៥ នាទី Alaverdi Ramazanov ឬ “Babyface Killer” បាន​ប្រើ​កណ្ដាប់ដៃ​ប្រកបដោយ​គុណភាព​ដើម្បី​ក្លាយជា​កីឡា​ករទី​១​ឈ្នះ​ខ្សែក្រវាត់ ONE Bantamweight Kickboxing World Championship​។ កីឡាករ​វ័យ​២៥ ឆ្នាំ​មកពី​រុស្សី ធ្វើបាន​ល្អ​នៅ​ពីរ​ទឹក​ដំបូង និង​បន្តសកម្មភាព​អស្ចារ្យ​នៅ​ទឹក​ទី​៣​។ “Babyface Killer” ជន្ល​ឆ្វេង​ម៉ាត់​ស្ដាំ​ធ្វើ​ឲ្យ​ជើង​ខ្លាំង​កីឡាករ​ចិន Zhang Chenglong ដួល​អុកគូថ​លើ​ក្ដារ​រេញ​។ ហើយពីរ​ទឹក​ចុងក្រោយ កីឡាករ​មកពី​ចិន​រឹ​តែ​ក្ដៅ​ម៉ាស៊ីន​ដើម្បី​ដើរចូល​ស្ដារ​ពិន្ទុ​វិញ ប៉ុន្តែ​មិនទាន់​ល្អ​គ្រប់គ្រាន់​ឡើយ​ក្នុង​ការប៉ង​ផ្ដួល Ramazanov ព្រោះ​កីឡាករ​រុស្សី​ការពារ​បានល្អ​។ ទីបំផុត  Ramazanov ក្លាយជា​កីឡាករ​រុស្សី​ទី​១ ឈ្នះ​ខ្សែក្រវាត់ ONE Super Series ពីស​ង្វៀន ONE Championship​។ 
 
#3 Stoica នៅតែ​រក្សា​កំណត់ត្រា​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​

 
 
Andrei Stoica នៅតែ​សក្ដិសម​នឹង​ឈ្មោះ​ហៅ​ក្រៅ «Mister KO» ព្រោះ​បាន​ផ្ដួល Anderson Silva មិន​ដល់ ២​នាទី​ស្រួលបួល​ផង​។ កីឡាករ​រ៉ូ​ម៉ា​នី វ័យ ៣២ ឆ្នាំ នៅតែ​ជា​កីឡាករ​ខ្លាំង​បំផុត​ក្នុង ប្រជែង​ខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Championship​។ ក្រោយ​ខកខាន​ប្រើ​កណ្ដាប់ដៃ​កេវ​ខាងឆ្វេង Stoica បាន​បំបែក​ឃុំ​បានសម្រេច​ដោយ​កណ្ដាប់ដៃ​ឆ្វេង​មួយ​ដៃ​ធ្វើ​ឲ្យ Silva ងីងើ​ប្រកួត​លែងកើត​ទោះបីជា​អាជ្ញាកណ្ដាល Atsushi Onari រាប់​ក្ដី​ក៏​មិនអាច​បន្ត​ការប្រកួត​បានឡើយ​។  ដូច្នេះ​ជ័យជម្នះ​នេះ​បាន​ទៅលើ “Mister KO” នៅ​ទឹក​ទី​១​។ 
 
#4 McLaren បន្ត​ឈ្នះ​៥​លើក​ជាប់​គ្នា​


 
Reece McLaren​ឬ “Lightning” ឆ្លងកាត់​តេស្ត​សមត្ថភាព​ឆ្នាំ ២០១៩ យ៉ាង​ល្អ ហើយ​គេ​បានបញ្ចប់ Gurdarshan Mangat ដើម្បី​ទទួល​ជ័យជម្នះ​៥​លើក​ជាប់​គ្នា​មុន​ឆ្លង​ឆ្នាំ​ថ្មី​។ សល់​ប៉ុន្មាន​វិនាទី​មុន​ចប់​ទឹក​ទី​១ កីឡាករ​ចំបាប់​មកពី​អូស្ត្រាលី​ខិតខំ​ប្រយុទ្ធ​យ៉ាងខ្លាំង​។ ទីបំផុត​
 
​ពេល Mangat ព្យាយាម​វាយបក McLaren ប្រើ​ល្បឿន​យ៉ាង​លឿន​ចូលចាប់​ឃ្លេ​ក ហើយ​គាប​យ៉ាង​ស្អិត​ដើម្បី​បញ្ចប់​ឲ្យ​ចុះចាញ់​តែម្ដង​។ 
 
#5 Yoon ទទួលលទ្ធផល​អស្ចារ្យ​មុន​បញ្ចប់​ឆ្នាំ​

 
​កីឡាករ Yoon Chang Min ឬ “The Big Heart” ទទួលលទ្ធផល​ជាទី​គាប់ចិត្ត​នៅ​ឆ្នាំ ២០១៩​ដោយ​ឈ្នះ​គូប្រកួត​នៅ​ទឹក​ទី​២​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៤​របស់​កីឡាករ​កូរ៉េខាងត្បូង ហើយ​វា​ជា​កំណត់ត្រា​ល្អឥតខ្ចោះ​សម្រាប់​ឆ្នាំ ២០១៩​។  Yoon គ្រប់គ្រង​ការប្រកួត​បានល្អ​និង​បន្ត​បែបនេះ​ទៅ​ទឹក​ទី​២​។ គេ​បានធ្វើ​ឲ្យ Rodian Menchavez ទទួល​ភាពជូរចត់​ដោយសារ​កណ្ដាប់ដៃ និង ជើងឆ្វេង អមដោយ​ជង្គង់​ហោះ​ទៀតផង​។ ពេល​កីឡាករ​ហ្វីលីពីន​ហត់ “The Big Heart” ហក់​ចូលចាប់​និង​ប្រើ​ក្បាច់​ឃ្លេ​ផ្ដាច់​ឲ្យ​ចុះចាញ់​តែម្ដង​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 




© រក្សាសិទ្ធិដោយ thmeythmey.com