ONE Championship
កីឡាជាតិ
ជាតិ
មាស ម៉ើ គ្រោង​ត្រឡប់​ចូល​សង្វៀន​ជាថ្មី ក្រោយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​
12, Dec 2019 , 8:19 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​ក្បាច់គុន​យូ​ដូ មាស ម៉ើ ដែលមាន​បទពិសោធន៍​នៅ​សង្វៀន ONE Championship ចំនួន​៣​លើក បានដាក់​គោលដៅ​ឡើង​ប្រកួត​លើស​ង្វៀន​វិញ​បន្ទាប់ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម បញ្ចប់ទៅ​នា​ថ្ងៃទី ១១ ខែធ្នូ​។ មាស ម៉ើ  បាន​ខកបំណង​ក្នុង​ការយក​មេដាយ​ជូន​ជាតិ និង សម្រាប់​ខ្លួនឯង​។ រូបគេ​បាន​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី នៅ​ជុំ​ទី​១ ប៉ុន្តែ​បែរ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​ហ្វីលីពីន នៅ​ជុំ​ទី​២​ហើយ​មិនអាច​ឆ្លង​ទៅដល់​វគ្គ​យក​មេដាយ​ជូន​កម្ពុជា​ឡើយ​។​

 
​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​២ និង ជា​កីឡាករ​មានបទពិសោធន៍​ក្រាស់ក្រែល​ នៅ​សង្វៀន​គុន​ចម្រុះ​ក្នុងស្រុក ​និង​អន្តរជាតិ​ បាន​ផ្អាករបរបើកបររថយន្តឈ្នួល ​ជិត​១​ឆ្នាំ​មកហើយ​ ដើម្បី​ត្រៀមខ្លួន​ប្រកួត​នៅ​ស៊ី​ហ្គេម ប៉ុន្តែ​មិនអាច​ទទួលបាន​លទ្ធផល​ល្អ ព្រោះនេះ​ជា​លើក​ទី​១ សម្រាប់​រូបគេ​នៅ​ព្រឹត្តិការណ៍​កីឡា​កម្រិត​អាស៊ាន​មួយ​នេះ​។ មាស ម៉ើ បង្ហាញ​ភាព​សោកស្ដាយ​ ដែល​ធ្វើ​មិន​បានល្អ​នៅ​ស៊ី​ហ្គេម​សម្រាប់​ខ្លួនឯង​យ៉ាង​ដូច្នេះ៖«​ខ្ញុំ​សោកស្ដាយ ​ក្នុងការ​ប្រកួត​លើកដំបូង​នៅ​ស៊ី​ហ្គេម​របស់ខ្ញុំ​ ពេល​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅ​ជុំ​ទី​២​។ ខ្ញុំ​ចង់​ឈ្នះ​មេដាយ​ ដើម្បី​គ្រួសារ​ខ្ញុំ ​និង​ជូន​អ្នកគាំទ្រ​។ ខ្ញុំ​បាន​ប្រឹង​ខ្លាំងណាស់ តែ​លទ្ធផល​វា​មិន​ដូច​ការ​គិតទុក​នោះទេ​»​។ 
 
 
 
​មាស ម៉ើ ដែល​ខកខាន​ឡើង​សង្វៀន និង ហ្វឹកហាត់​តាំងពី​ចុងខែ វិច្ឆិកា ឆ្នាំ២០១៨ បាន​គូសបញ្ជាក់ថា​៖«​ខ្ញុំ​សម្រាក​នៅ​ជាមួយ​គ្រួសារ ប្រពន្ធ​កូន​របស់ខ្ញុំ​រយៈពេល ១ អាទិត្យ ២ អាទិត្យ​សិន​ ព្រោះ​តាំងពី​ហ្វឹកហាត់​មក​ជិត​១​ឆ្នាំ​ពេញ​ ដែល​ខ្ញុំ​មិនសូវ​បាន​នៅ​ជុំ​ប្រពន្ធ​កូន​ជាប់លាប់​នោះទេ​តាំង​ពីមុន រហូតដល់​ចប់​ស៊ី​ហ្គេម​។ ខ្ញុំ​នឹង​ស្វែងរក​ក្លិប​ហាត់​ ដើម្បី​ឡើង​ប្រកួត​វិញ​មិន​ថា​ក្នុងស្រុក ឬអន្តរជាតិ​ឡើយ​»​។ 


 
​កីឡាករ​វ័យ​២៩​ឆ្នាំ​សង្កត់ធ្ងន់ថា​៖«​ប្រពន្ធ​ខ្ញុំ​តែងតែ​ឃាត់​ខ្ញុំ​មិន​ឲ្យ​ឡើង​ប្រកួត ប៉ុន្តែ​ដោយសារ​ខ្ញុំ​ស្រលាញ់ និង ធ្លាប់​ឡើង​វ៉ៃ​ ក៏​នៅតែ​ចង់​ឡើង​សង្វៀន​រហូត ទោះ​កាល​ខ្ញុំ​នៅ​រត់​ឡាន​ក៏ដោយ​។ ឥឡូវ គីឡូ​ខ្ញុំ​ត្រឹម​៦៥​គីឡូ បន្ទាប់ពី​សម្រក​តាំងពី ៨២ គីឡូក្រាម​មក​។ ក្បាច់គុន ឬ គុន​ចម្រុះ​ជា​ក្ដី​ស្រលាញ់​របស់ខ្ញុំ​។ ខ្ញុំ​រក្សា​ទម្ងន់​នេះ​ដើម្បី​ប្រកួត​លើស​ង្វៀន មិន​ឲ្យ​ឡើង​ទម្ងន់​ច្រើន​ទៀត​ទេ​»​។ 
 
​មាស ម៉ើ ជា​កីឡាករ​កំពូល​យូ​ដូ​ម្នាក់​សម្រាប់​កម្ពុជា​ ព្រោះ​រូបគេ​បានធ្វើ​តេស្ត​ប្រកួត​ឆ្លងកាត់​កីឡាករ​ចំនួន ៤ រូប​ទើប​អាចមាន​ឈ្មោះ​ជា​កីឡាករ ​មាន​សមត្ថភាព​ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៩​នេះ​។ 
 
​អតីត​កូនសិស្សលោក ឡា​ច វុទ្ធី បាន​បន្ថែមថា​៖«​ខ្ញុំ​មិនទាន់​ទាក់ទង​ក្លិប​ហ្វឹកហាត់​ទេ​។ ប៉ុន្តែ​បើ​ហ្វឹកហាត់​ដើម្បី​ឡើង​ប្រកួត​លើស​ង្វៀន ខ្ញុំ​អាច​នឹង​ទៅ​ហ្វឹកហាត់​នៅ​ខេត្តសៀមរាប​។ ខ្ញុំ​បាន​ត្រៀម​រួចហើយ​។ វា​ឆ្ងាយ​គ្រួសារ​បន្តិច ប៉ុន្តែ​អាច​ហ្វឹកហាត់​ល្អ ប្រមូល​អារម្មណ៍​បានល្អ ហើយមាន​មិត្ត​ភ័ក្ដិ​ច្រើន​នៅ​ទីនោះ​»​។ 
 
​គួរ​បញ្ជាក់ថា មាស ម៉ើ ជា​ម្ចាស់​ខ្សែក្រវាត់​គុន​ចម្រុះ Khmer Warrior Challenge វគ្គ​២ ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​ពេល​មានការ​ប្រកួត​វ៉ៃ​ដាក់​ទ្រុង​នៅ​កម្ពុជា​ រៀបចំ​ដោយ​ស៊ី​ធី​អិន និង MyTV​។ មាស ម៉ើ ជា​កីឡាករ​គុន​ចម្រុះ​ប្រកួត​ក្នុងស្រុក​មិនដែល​ចាញ់ ហើយរូបគេ​មានបទពិសោធន៍​ប្រកួត​គុន​ចម្រុះ​នៅ​ថៃ រហូតដល់​សង្វៀន​លំដាប់​ពិភពលោក ONE Championship​។ មាស ម៉ើ ឡើង​ប្រឡូក​លើ​ឆាក​អន្តរជាតិ​ចំនួន ៨ ដង​ ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ៣ ដង ក្រោយ​ឡើង​ប្រកួត​គុន​ចម្រុះ​តាំងពី​ឆ្នាំ ២០១៣​។ ប៉ុន្តែ​កំណត់ត្រា​ចាញ់ ៣ លើក​ជាប់​គ្នា​នោះ គឺ​ចាញ់​នៅ​សង្វៀន ONE ទាំង ៣ ដង នៅ​ឆ្នាំ​២០១៨​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 

© រក្សាសិទ្ធិដោយ thmeythmey.com