កីឡាជាតិ
ជាតិ
ឈិន ឈឿន ចូលរួម​ជាមួយ​ស្វាយរៀង ស្របពេល​ទ័ព ចែកផ្លូវ​ជាមួយ ច្រឹង ពលរដ្ឋ និង​បរទេស​បី​រូប​ទៀត​
12, Dec 2019 , 8:59 am        
រូបភាព
កីឡាករ ច្រឹង ពលរដ្ឋ និងកីឡាករ ឈិន ឈឿន (រាប់ពីឆ្វេងទៅស្តាំ), រូបភាពពីទ័ព និងស្វាយរៀង
កីឡាករ ច្រឹង ពលរដ្ឋ និងកីឡាករ ឈិន ឈឿន (រាប់ពីឆ្វេងទៅស្តាំ), រូបភាពពីទ័ព និងស្វាយរៀង
ដោយ:
​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​(​ទ័ព​)​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ ឈិន ឈឿន​, ច្រឹង ពលរដ្ឋ និង​កីឡាករ​បរទេស​៣​រូប​ផ្សេងទៀត​។ មុន​ការប្រកាសរ​បស់ទ័ព​មួយថ្ងៃ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បានប្រកាស​ស្វាគមន៍​ការចូលរួម​របស់​ខ្សែបម្រើ ឈិន ឈឿន សម្រាប់​រដូវ​កាល​ក្រោយ​ផងដែរ​។

 
​បើតាម​កីឡាករ ឈិន ឈឿន រូបគេ​បាន​ចំណាយពេល​១៥​ឆ្នាំ​រួមរស់​ជាមួយ​ក្រសួងការពារជាតិ​។ កីឡាករ​រូបនេះ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង​ដោយ​ធ្វើជា​យុវជន​ថ្នាល​របស់​ក្លិប​នេះ​។ បន្ទាប់មក​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​ត្រូវបាន​ដំឡើង​ឲ្យ​មកលេង​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១០ រហូតដល់​ឆ្នាំ​២០១៩​។ 
 
​ក្រោយ​ប្រឡូក​បាន​១​ឆ្នាំ ឈិន ឈឿន ត្រូវបាន​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​, ២៣​ឆ្នាំ និង​ក្រុម​ជម្រើស​ជាត​នៅ​ឆ្នាំ​២០១១​។ កីឡាករ​រូបនេះ បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​បាន​ចំនួន​៦​លើក និង​រកបាន​មួយ​គ្រាប់ និង​បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម U23 បាន​ចំនួន​១៥​លើក​ដោយ​រកបាន​៣​គ្រាប់​។ កីឡាករ​មកពី​ខេត្តព្រៃវែង​រូបនេះ​បានបង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើសជាតិ​បាន​ចំនួន​៥៥​លើក ដោយ​រកបាន​៤​គ្រាប់​។​
 
​កីឡាករ ឈិន ឈឿន នឹង​ជួយ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​រដូវ​កាល​ក្រោយពី​ឆ្នាំ​២០២០-២០២១​។ នេះ​បើ​យោងតាម​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​កាលពី​ថ្ងៃទី​១០ ធ្នូ ឆ្នាំ​២០១៩​។​
 
​ចំណែក​កីឡាករ ច្រឹង ពលរដ្ឋ ក៏​រីក​ធំធាត់​ផ្នែក​វិស័យ​កីឡាបាល់ទាត់​ជាមួយ​ក្លិប​ក្រសួងការពារជាតិ​ដែរ ដោយ​រូបគេ​ធ្វើជា​យុវជន​ថ្នាល​របស់​ក្លិប​នេះ​ពី​ឆ្នាំ​២០០៨-២០១០​។ បន្ទាប់មក​រូបគេ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ពី​ឆ្នាំ​២០១០-២០១៣ មុន​ផ្ទេរ​ទៅ​រួមរស់​ជាមួយ​ក្លិប​ត្រាយ​អាស៊ី​ភ្នំពេញ​(​អង្គ​រថា​យ​ហ្គឺ​រ​)​ពី​ឆ្នាំ​២០១៣-២០១៥​។ 
 
​ក្រោយ​ចំណាយពេល​រួមរស់​ជាមួយ​ត្រាយ​អាស៊ី​បាន​ពីរ​រដូវ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ បាន​ត្រឡប់មក​រួមរស់​ជាមួយ​ក្រសួងការពារជាតិ​ជាថ្មី​ចាប់ពី​ឆ្នាំ​២០១៥-២០១៨​។ នៅ​រដូវ​កាល​មុន​(​ឆ្នាំ​២០១៩) រូបគេ បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​របស់​ថៃ Buriram United ប៉ុន្តែ​ដោយសារ​របួស​រូបគេ​ក៏​បាត់បង់​ឱកាស​លេង​ឲ្យ​លំដាប់​កំពូល​របស់​ថៃ​មួយ​នេះ ហើយក៏​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រសួងការពារជាតិ​វិញ​។ 
 
​ពលរដ្ឋ បាន​ក្លាយជា​សមាជិក​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​នៅ​ឆ្នាំ​២០១១ ហើយ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​នៅ​ឆ្នាំ​២០១៥​។ រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​នៅ​ឆ្នាំ​២០១៧ ដោយបាន​បង្ហាញ​១០​លើក​និង​រកបាន​១​គ្រាប់​។ តាមពិត​ខ្សែបម្រើ​រូបនេះ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ដោយ​រូបគេ​បង្ហាញខ្លួន​បាន​២៣​លើក តែ​រក​បានតែ​២​គ្រាប់​ប៉ុណ្ណោះ​។ 
 
​ក្រៅពី​កីឡាករ​ឆ្នើម​ទាំង​ពីររូប​ខាងលើ ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ ក៏បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស​៣​រូប​ទៀត​ផងដែរ​។ កីឡាករ​បរទេស​ទាំង​នេះ​រួមមាន Bisan George, Mohamed Hamza Abdelhamed Allam និង Khan Mohammed Faeez៕     

Tag:
 បាល់ទាត់​
  ទ័ព​
  ឈិន ឈឿន​
  ច្រឹង ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com