អន្តរជាតិ
លោក Trump នៅតែ​អះអាងថា «​មិនបាន​ធ្វើ​អ្វី​ខុស​» បន្ទាប់​ពីបទ​ចោទ​ប្រឆាំងនឹង​លោក​ត្រូវបាន​ប្រកាស​
12, Dec 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលជំនួបមួយជាមួយអង្គការអូតង់លោក Jens Stoltenberg នៅក្រុងឡុងដ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលជំនួបមួយជាមួយអង្គការអូតង់លោក Jens Stoltenberg នៅក្រុងឡុងដ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។
ដោយ: VOA
​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បានប្រកាសថា លោក​មិន​គិតថា​គណបក្ស​ប្រជាធិបតេយ្យ​នឹង​បោះឆ្នោត​ក្នុង​រដ្ឋសភា​ពេញអង្គ​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង​នោះទេ ដោយសារតែ​លោក «​មិនបាន​ធ្វើ​អ្វី​ខុស​»​។​

 
​លោក Trump បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ គឺ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ប៉ុណ្ណោះ បន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​បានប្រកាស​អំពី​បទ​ចោទ​ពីរ​ករណី​ប្រឆាំងនឹង​លោក​។​
 
​លោក Trump បញ្ជាក់​មុនពេល​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ Marine One ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា វា​ជា​រឿង​អាម៉ាស់​ដែល​គេ​អាចធ្វើ​ការចោទប្រកាន់​ដើម្បី​ទម្លាក់ [​ខ្ញុំ​] ពី​តំណែង នៅពេលដែល​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​នោះ​។ ខ្ញុំ​គិតថា វា​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​»​។​
 
​ក្រោយមក លោក Trump បានបញ្ជាក់​នៅក្នុង​ការ​ជួបជុំ​នយោបាយ​មួយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នោះដែរ​នៅក្នុង​តំបន់ Hershey រដ្ឋ Pennsylvania ថា​៖ «​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ឆ្វេងនិយម​ជ្រុល​កំពុង​ព្យាយាម​គ្រប​សង្កត់​លើ​ការបោះឆ្នោត​។ ខ្ញុំ​មិនមែន​ដេក​មិន​លក់​ដោយសារតែ​រឿងនេះ​នោះទេ​។ ពេលនេះ គណបក្ស​សាធារណរដ្ឋ​មាន​ការរួមសាមគ្គីគ្នា​ជាង​ពេលណាៗ​ទាំងអស់​»​។​
 
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Trump បាន​សរសេរ​នៅលើ Twitter ដោយ​ហៅ​ការចោទប្រកាន់​ដើម្បី​ដក​លោក​ពី​តំណែង​នេះ​ថា​ជា «​ការ​តាម​ព្យាបាទ​» បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​មួយចំនួន​នៃ​រដ្ឋសភា​ដែល​ធ្វើការ​លើ​រឿងនេះ​បានប្រកាសថា ពួកគេ​កំពុងដំណើរការ​នីតិវិធី​ផ្លូវការ​ដើម្បី​ប្រឆាំងនឹង​លោក​។​
 
​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​លោក Jerrold Nadler បានប្រកាសថា គណៈកម្មាធិការ​របស់​លោក​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ពុធ​នេះ និង​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ដើម្បី​ពិភាក្សា​អំពី​ការប្រើ​ភាសា​នៃ​អ្វីដែល​ឥឡូវនេះ​ហៅថា «​សេចក្ដីសម្រេច ៧៥៥ របស់​រដ្ឋសភា អំពី​បទ​ចោទ​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald J. Trump ចេញពី​តំណែង​»៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com