អន្តរជាតិ
អ្នកស្រី ស៊ូ​ជី ការពារ​ប្រតិបត្តិការ​យោធា​មី​យ៉ាន់​ម៉ា​ចំពោះមុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​
12, Dec 2019 , 10:03 am        
រូបភាព
លោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេស កំពុងផ្តល់សក្ខីកម្មនៅតុលាការយុត្តិធម៌អន្តរជាតិ, រូបភាព៖ AFP
លោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេស កំពុងផ្តល់សក្ខីកម្មនៅតុលាការយុត្តិធម៌អន្តរជាតិ, រូបភាព៖ AFP
​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព អ្នកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃទី​១១ ខែធ្នូ បានផ្តល់​សក្ខីកម្ម​នៅមុខ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​យ៉ាងច្បាស់ៗថា គ្មាន​អំពើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ណាមួយ កើតមាន​នៅក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា​ឡើយ ហើយ​ប្រតិបត្តិការ​យោធា​មី​យ៉ាន់​ម៉ា​កន្លងមក គឺ​គ្រាន់តែ​ជាការ​បោសសម្អាត​ក្រុម​ភេរវកម្ម​តែប៉ុណ្ណោះ​។


 
​តាមរយៈ​ការផ្តល់​សក្ខីកម្ម នៅ​ចំពោះមុខ​ចៅក្រម ១៧​រូប ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​ហ្គំ​ប៊ី​ថា គ្រាន់តែ​មើល​ស្ថានភាព​នៅក្នុង​មី​យ៉ាន់​ម៉ា​តែមួយ​ជ្រុង​តូច និង​មិន​ពេញលេញ​។ ក្នុងន័យនេះ លោកស្រី បាន​ទទួលស្គាល់ថា ក្រុម​យោធា​បាន​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​មែន ប៉ុន្តែ​មិនមែន​មានន័យថា ពួកគេ​កំពុង​ព្យាយាម​លុបបំបាត់ចោល​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នោះទេ​។ 
 
​បើតាម​អ្នកស្រី ស៊ូ​ជី ប្រតិបត្តិការ​យោធា គឺ​គ្រាន់តែ​ឆ្លើយតប​ ទៅនឹង​ការវាយប្រហារ​លើ​ប៉ុស្តិ៍ប៉ូលិស ​ពី​សំណាក់​ក្រុម​យោធា​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​ឆ្នាំ ២០១៧ តែប៉ុណ្ណោះ​។ ក្នុង​សំលៀកបំពាក់​ភូមា​បុរាណ និង​មាន​ចង​ផ្កា​នៅលើ​សក់ អ្នកស្រី ស៊ូ​ជី បាន​ថ្លែង​នៅក្នុង​បន្ទប់​សវនាការ​ថា ក្នុង​ករណីខ្លះ វា​មិនអាច​កំណត់​បានទេ​ថា ប្រតិបត្តិការ​យោធា មិន​គោរព​ទៅតាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដ្បិតតែ​ក្រុម​យោធា មិនអាច​កំណត់​បាន​ច្បាស់​ថា ជន​មួយណា​ជា​ជន​ស៊ីវិល និង​ជន​មួយណា​ជា​យោធា​ឡើយ​។ 
 
​ក្នុងករណីនេះ អ្នកស្រី​ទីប្រឹក្សា​រដ្ឋ​បានចង្អុលបង្ហាញ​ថា ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ មិនមែន​គ្រាន់តែ​ជាការ​សន្ម​ត់​ទេ ប៉ុន្តែ​ពេលនេះ​រដ្ឋាភិបាល​ណៃ​ពិដោ កំពុងតែ​ស៊ើបអង្កេត​ លើ​ករណី​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​។ នេះ​បើតាម​ការចុះ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ការផ្តល់​សក្ខីកម្ម​រយៈ​ពេល ៣០​នាទី​របស់​អ្នកស្រី ស៊ូ​ជី គឺ​ក្នុង​គោលបំណង​ច្រានចោល​ពាក្យបណ្តឹង​របស់​ប្រទេស​ហ្គំ​ប៊ី​ ដែលថាមី​យ៉ាន់​ម៉ាបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ជាពិសេស ការលើកឡើង​របស់លោក​ស្រី​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​រដ្ឋមន្ត្រី​យុត្តិធម៌​ហ្គំ​ប៊ី ដែល​បាន​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា បញ្ឈប់​សកម្មភាព​សម្លាប់​រង្គាល ការប្រព្រឹត្ត​អំពើ​អមនុស្សធម៌ និង​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​របស់ខ្លួន​ជាបន្ទាន់​។ 
 
​សូមបញ្ជាក់ថា ទីក្រុង​ណៃ​ពិដោ បាន​បើក​ប្រតិបត្តិការ​យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​បង្ក្រាប​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន កាលពី​ឆ្នាំ​២០១៧ បន្ទាប់ពី​ក្រុម​យោធា​រ៉ូ​ហ៊ីង​យ៉ា បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​មី​យ៉ាន់​ម៉ា​មួយចំនួន​។ ក្រោយ​ប្រតិបត្តិ​យោធា​មី​យ៉ាន់​ម៉ា វា​បាន​បង្ក​ឲ្យ​ជនជាតិភាគតិច​នេះ  ​​ស្លាប់​ជាច្រើន​នាក់ និង​​ជាង ៧០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស និង​មួយចំនួនទៀត ទៅ​ប្រទេស​ផ្សេងៗ​។ 
 
​ពាក់​ពន្ធ​នឹង​បញ្ហា​នេះ តុលាការ​មី​យ៉ាន់​ម៉ា បាន​កាត់ទោស យោធា​ចំនួន ៧​នាក់ ឲ្យ​ជាប់គុក​១០​ឆ្នាំ ដោយសារតែ​សម្លាប់​មនុស្ស ១០ និង​ក្មេងប្រុស​មួយ​នាក់​។ ប៉ុន្តែ​ពេលនេះ យោធា​៧​នាក់​នោះ ត្រូវ​ដោះលែង​ហើយ បន្ទាប់ពី​ជាប់ឃុំ​ឃាំង​មិន​ដល់​មួយឆ្នាំ​ផង​នោះ៕

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  តុលាការ​យុត្តិធម៌​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com