កីឡាអន្តរជាតិ
អន្តរជាតិ
Gattuso ឡើង​ដឹកនាំ Napoli ជំនួស​តំណែង Ancelotti ដែលជា​អតីត​គ្រូ​ខ្លួន​
12, Dec 2019 , 2:17 pm        
រូបភាព
Napoli តែងតាំង​អតីត​អ្នកចាត់ការ AC Milan លោក Gennaro Gattuso ធ្វើជា​គ្រូ​បង្គោល​ថ្មី បន្ទាប់ពី​ក្លិប​នេះ​បណ្តេច​លោក Carlo Ancelotti ចេញពី​តំណែង​។ នៅ​ថ្ងៃទី​១១ ខែធ្នូ Napoli បានបញ្ចប់​តំណែង​លោក Ancelotti ភ្លាមៗ​ក្រោយ​នាំ​ក្រុម​ឡើងទៅ​កាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ Champions League​។​


 
​លោក Ancelotti បាន​ដឹកនាំ Napoli នា​ជំនួប​ចុងក្រោយ​ដោយ​យកឈ្នះ Genk ក្នុង​លទ្ធផល ៤-០ ក្នុងការ​ប្រកួត​ក្របខណ្ឌ​អឺរ៉ុប វគ្គ​ជម្រុះ​ពូ​ល E ដែលជា​ជ័យជម្នះ​ដើម្បី​នាំ​ក្រុម​ពី​អ៊ីតាលី​មួយ​នេះ​បន្តទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ បើ​ទោះ​យ៉ាងនេះ​ក្តី Napoli ដែល​ធ្វើ​មិនបាន​ល្អ​សោះ​ក្នុង​ក្របខណ្ឌ Serie A បានសម្រេច​បញ្ចប់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​តែម្តង​។​
 
Gattuso សញ្ជាតិ​អ៊ីតាលី ដែល​សព្វថ្ងៃ​មាន​វ័យ​៤១​ឆ្នាំ បាន​លាលែង​ពី​តំណែង​អ្នកចាត់ការ AC Milan នៅ​ចុងរដូវ​កាល​មុន ហើយ​ត្រូវបានតែងតាំង​ជា​គ្រូ​បង្គោល Napoli ជំនួស Ancelotti វិញ​។​
«​យើង (Napoli) ត្រូវខិតខំ​ឲ្យ​កាន់តែខ្លាំង ដើម្បី​ទទួលបាន​ពិន្ទុ​ក្នុង​ក្របខណ្ឌ​អ៊ីតាលី​ត្រឡប់មកវិញ និង​ដើម្បី​ឆ្លង​ផុត​សម័យកាល​ដ៏​ពិបាក​នេះ​។ គោលបំណង​ចម្បង​គឺ​រក​ពិន្ទុ​ដើម្បី​ឈានទៅ​កាន់​តំបន់ Top 4 សម្រាប់​កៅអី Champions League រដូវ​កាល​ក្រោយ​»​។ នេះ​ជាស​ម្តី​របស់ Gattuso ក្នុងនាម​ជា​គ្រូ​ថ្មី​។​
 
​ឆ្លងកាត់​ការប្រកួត​ក្នុង​លី​គ​ចំនួន​១៥​លើក Napoli រកបាន​តែ​២១​ពិន្ទុ​ប៉ុណ្ណោះ ឈរ​នៅ​លេខ​៧​ក្នុង​តារាង Serie A ដោយ​តាម​ពីក្រោយ​ក្រុម​ឈរ​ចំណាត់ថ្នាក់​ទី​៤ Cagliari ចំនួន ៨ ពិន្ទុ​។​
Gattuso ក៏​ធ្លាប់ជា​កីឡាករ​ដែល​លេង​ក្រោម​ការដឹកនាំ​របស់ Ancelotti នៅ AC Milan ផងដែរ ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​២០០៩​។ Gattuso បានលើកឡើង​ពី​គុណបំណាច់​របស់លោក Ancelotti ថា​៖«​គាត់​ប្រៀបដូចជា​ឪពុក​របស់ខ្ញុំ​អ៊ីចឹង​។ គាត់​តែងតែ​នៅក្បែរ​ខ្ញុំ​ហើយ​គាំទ្រ​ខ្ញុំ​។ គាត់​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​ជាច្រើន ហើយ​ខ្ញុំ​នៅតែ​គោរព​គាត់​ដល់​សព្វថ្ងៃ​៕

Tag:
 Gennaro Gattuso
  Carlo Ancelotti
  Napoli
© រក្សាសិទ្ធិដោយ thmeythmey.com