ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង សៀង ចន្ធា ដែលទើបចប់បេសកកម្មជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងបន្តជួយក្រុម U18 កម្ពុជាប្រជែងដណ្តើមពានក្នុងព្រឹត្តិការណ៍ BTV Cup 2019។ ការប្រកួតរៀបចំចន្លោះពីថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្ត Binh Duong ប្រទេសវៀតណាម ដោយមាន៤ក្រុមចូលរួម។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ បានបង្ហាញបញ្ជីឈ្មោះក្រុមយុវជនជម្រើសជាតិអាយុក្រោម១៨ឆ្នាំចំនួន២០រូប ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់មិត្តភាព BTV Cup នៅប្រទេសវៀតណាម។ ខ្សែប្រយុទ្ធ សៀង ចន្ធា រួមជាមួយកីឡាករដែលជួយឲ្យកម្ពុជាឡើងទៅវគ្គបន្តនៃពានរង្វាន់ AFC U19 Championship ជាប្រវត្តិសាស្ត្រជាច្រើនរូប ក៏ស្ថិតក្នុងបញ្ជីនេះដែរ។
ក្រុម U18 កម្ពុជាក្រោមការដឹកនាំរបស់លោក Gyotoku Koji ត្រូវប្រកួតតទល់ជាមួយក្រុម U20 វៀតណាម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ ក្រុមណាឈ្នះក្នុងការប្រកួតនេះនឹងឡើងទៅប្រជែងដណ្តើមពានប្រចាំព្រឹត្តិការណ៍នេះ តែបើចាញ់គឺត្រូវប្រជែងយកចំណាត់ថ្នាក់លេខ៣ជាមួយក្រុមចាញ់ដូចគ្នា។ ពានរង្វាន់ BTV Cup មានក្រុមចូលរួមចំនួន៤រួមមាន U18 កម្ពុជា, U20 វៀតណាម, U20 មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះ Becamex Binh Duong។
កីឡាករកម្ពុជាទាំង២០រូបរួមមាន សៀង ចន្ធា, អាត អូនតូច, សឿត ណាវ៉ា, ចាន់ សុភា, ជា សុខម៉េង, ជូ ស៊ីនទី, អ៊ាន ពិសី, កែវ ឧត្តម, វុធ តុលា, កយ សាលីម, លឹម ពិសុទ្ធ, លី ម៉ាឯល, មិត សាម៉ើយ, មិន រតនៈ, រី លាភផេង, ធី លៀង, សៅ វ៉ៃហ្វី, សៀន សុភ័ក្ត្រា, ស រតនា និង ថា ច័ន្ទឬទ្ធី៕
ក្រុម U19 កម្ពុជាចូលរួមប្រកួតក្នុងពានរង្វាន់ AFC U19 នៅវៀតណាមកន្លងមក