ជាតិ
«​ទឹកធ្លាក់​អូ​រយ៉ា​ណាយ​», សក្ដានុពល​ទេសចរណ៍​ថ្មី នៅ​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី​
12, Dec 2019 , 8:19 pm        
រូបភាព
រូបភាពពី​មន្ទីរទេសចរណ៍​ខេត្ត​រតនគិរី
រូបភាពពី​មន្ទីរទេសចរណ៍​ខេត្ត​រតនគិរី
​ភ្នំពេញ​៖ ទឹកធ្លាក់​អូ​រយ៉ា​ណាយ ជា​តំបន់​ទេសចរណ៍​សក្តានុពល​ថ្មី ដែល​លាក់ខ្លួន ក្នុងភូមិ​កា​ហល់ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្តរតនគិរី មាន​ចម្ងាយ​៥៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ លោក ធី ចាន់​ដាលីន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បញ្ជាក់ប្រាប់ ThmeyThmey 25 តាម​ទូរ​សព្ទ​ថា​៖ «​ទឹកធ្លាក់​អូ​រយ៉ា​ណាយ​នេះ ជា​តំបន់​សក្ដានុពល​ថ្មី ដែល​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី គ្រោង​នឹង​រៀបចំ​ចងក្រង​ទៅជា​រមណីយដ្ឋាន​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​»​។​


 
​ទឹកធ្លាក់​អូ​រយ៉ា​ណាយ ដែល​ស្ថិតនៅ​ក្នុងស្រុក​អណ្ដូង​មាស​នេះ មិនសូវមាន​ភ្ញៀវទេសចរ​ស្គាល់ និង​ទៅ​កម្សាន្ត​នោះទេ មានតែ​ពលរដ្ឋ​នៅក្នុង​ស្រុក​អណ្ដូង​មាស​ប៉ុណ្ណោះ​ដែល​ស្គាល់ និង​ទៅ​កម្សាន្ត​ជាប្រចាំ​នៅពេល​បុណ្យទាន​។ លោក ធី ចាន់​ដាលីន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ប្រាប់​ឲ្យ​ដឹងថា​៖ «​ទឹកធ្លាក់​អូ​រយ៉ា​ណាយ​នេះ មាន​ពី​យូរហើយ​។ ពីមុន​មិនមាន​ផ្លូវ​ត​ភ្ជាប់​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​មិនសូវ​ស្គាល់​»​។ 
 
​អនុប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ បន្តថា បច្ចុប្បន្ន​ផ្លូវ​ទៅកាន់​ទឹកធ្លាក់​អូ​រយ៉ា​ណាយ ត្រូវបាន​ស្ថាបនា និង​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​អាច​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​ខេត្តរតនគិរី​ទៅលេង​នៅ​ទី​នោះបាន​។ បើតាម​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​រូបនេះ ក្នុង​តំបន់​ទឹកធ្លាក់​អូ​រយ៉ា​ណាយ​នេះ មាន​ទឹកអូរ​ដ៏​ត្រជាក់ អមដោយ​ព្រៃព្រឹក្សា និង​បក្សាបក្សី​ជាច្រើន​នៅ​ទីនោះ​។ 


រូបភាពពី​មន្ទីរទេសចរណ៍​ខេត្ត​រតនគិរី
 
​លោក ធី ចាន់​ដាលីន បញ្ជាក់ថា ក្រោយ​ចុះ​សិក្សា​ពី​តំបន់​ទេសចរណ៍​នៅ​ស្រុក​អណ្ដូង​មាស មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី នឹង​រៀបចំ​តំបន់​នេះ និង​តំបន់​មួយចំនួន​ក្នុងស្រុក​អណ្ដូង​មាស​ទៅជា​រមណីយដ្ឋាន​។ ក្រៅពី​ទឹកធ្លាក់​អូ​រយ៉ា​ណាយ ស្រុក​អណ្ដូង​មាស មាន​តំបន់​ទេសចរណ៍​សក្ដានុពល​ជាច្រើន​ដូចជា អូរ​ចាល ឆ្នេរ​ទន្លេសេសាន កោះ និង​តំបន់​កប់ស​ពរ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច ដែលមាន​ទីតាំង​មិន​ឆ្ងាយ​ពីគ្នា​នោះទេ​។ 
 
​លោក ធី ចាន់​ដាលីន អះអាងថា តំបន់​ទេសចរណ៍​ទាំងនេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អណ្ដូង​មាស មាន​ចំណូល​ជួយ​ជីវភាព តាមរយៈ​ការ​ទៅ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​។ អនុប្រធាន​មន្ទីរ​ទេសចរណ៍ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មកលេង​កម្សាន្ត​នៅ​ខេត្តរតនគិរី ជាពិសេស​តំបន់​សក្តានុពល​ទឹកធ្លាក់​អូ​រយ៉ា​ណាយ​នេះ​។ 
 
​ដើម្បី​ឲ្យ​តំបន់​ទេសចរណ៍​សក្ដានុពល​ថ្មី​នេះ មាន​សម្រស់​ស្រស់ និង​មិន​រំខាន​ដោយ​កាកសំណល់ មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី នឹង​រៀបចំ​ធុងសំរាម និង​ឲ្យ​ភ្ញៀវទេសចរ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ អនុប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ សំណូមពរ​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​រក្សា​អនាម័យ និង​បរិស្ថាន​ក្នុង​តំបន់​ទេសចរណ៍​មួយ​នេះ​ផងដែរ​៕ 
 
រូបភាពពី​មន្ទីរទេសចរណ៍​ខេត្ត​រតនគិរី៖












 

Tag:
 ទេសចរណ៍​
  អូ​រយ៉ា​ណាយ​
  អណ្ដូង​មាស​
© រក្សាសិទ្ធិដោយ thmeythmey.com