MRC ប្រាប់ពលរដ្ឋ​តាម​ដងទន្លេមេគង្គ​ឱ្យប្រយ័ត្នអំពី​ទឹកទន្លេឡើងពណ៌ខៀវ និង​បៃតង​​
ជាតិ
MRC ប្រាប់ពលរដ្ឋ​តាម​ដងទន្លេមេគង្គ​ឱ្យប្រយ័ត្នអំពី​ទឹកទន្លេឡើងពណ៌ខៀវ និង​បៃតង​​
12, Dec 2019 , 4:05 pm        
រូបភាព
ប្រភពរូប គណៈកម្មការទន្លេមេគង្គ (MRC)
ប្រភពរូប គណៈកម្មការទន្លេមេគង្គ (MRC)
​ភ្នំពេញ​៖ ផ្នែក​ខ្លះ​នៃ​ទន្លេមេគង្គ​ដែលមាន​លំហូរ​ទឹក​ទាប នឹង​ប្រែ​ទឹក​ទៅជា​ពណ៌​ខៀវ​បៃតង ដែល​អាច​ប៉ះពាល់​ដល់​ការប្រមូល​ត្រី និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​សហគម​ន៍ក្នុងស្រុក​នីមួយៗ​។  នេះ​ជាកា​លើកឡើង​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ (MRC) ដែល​បាន​បន្ថែមថា មូល​ហេតុដែល​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​ប្រែ​ពណ៌​ដូច្នេះ គឺ​ដោយសារ​លំហូរ​ទឹក​ទាប​ខ្លាំង ហើយ​ការធ្លាក់ចុះ​យឺត​នៃ​សារធាតុ​កករ​ទន្លេ ទឹកថ្លា​និង​វត្តមាន​សារាយ​ឬ​ស្លែរ នៅលើ​ដីខ្សាច់ និង​ស្រទាប់​បាតទន្លេ​។

 
​យោងតាម​ការវិភាគ​ទិន្នន័យបឋម​របស់ MRC បាតុភូត​នេះ​កើតឡើង ដោយសារ​លំហូរ​ទឹក​ទាប​ខ្លាំង​ដែល​ទន្លេមេគង្គ​កំពុង​ជួបប្រទះ ស្រប​នឹង​កំឡុងពេល​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ បាន​កើតឡើង​ក្នុង​តំបន់ ហើយ​បាន​កែប្រែ​ពណ៌​ទឹកទន្លេ​នេះ​។ MRC បាន​បញ្ជាក់ថា  ជាទូទៅ សារធាតុ​កករ​ទន្លេ​ដែល​ធ្វើឱ្យ​ទឹកទន្លេ​មាន​ពណ៌​ត្នោត ត្រូវបាន​ប្រទះឃើញ​នៅក្នុង​លំហូរ​ទឹក​លឿន និង​ក្នុង​កម្រិត​ទឹក​ជ្រៅ​ ហើយ​នៅពេល​សារធាតុ​កករ​ទាំងនេះ​បាត់បង់​នោះ វា​នឹង​ធ្វើឱ្យ​ទឹក​មាន​សភាព​ថ្លា​ជាង​មុន​។​
 
«​ទឹកទន្លេ​កាន់តែ​ថ្លា នោះ​នឹង​ធ្វើឱ្យ​រុក្ខជាតិ​មីក្រូ​ទស្សន៍ (​ល្អិតៗ​) ឬ​សារាយ​ដុះ​លើដី​ខ្សាច់ និង​ស្រទាប់​បាតទន្លេ ដែល​បង្ក​ឱ្យ​រឹម​ទន្លេ​ប្រែ​ពណ៌​បៃតង​។ សារាយ​ទាំងនេះ ជាទូទៅ​ត្រូវបាន​សម្អាត​ដោយ​ចរន្តទឹក​ប៉ុន្តែ​ដោយសារតែ​លំហូរ​ទឹក​ទាប ស្ថានភាព​សម្អាត​នេះ​មិនបាន​កើតមាន​នៅ​ទន្លេមេគង្គ​ក្នុង​តំបន់​ណា​ខន ផា​ណុ​ម ឬ​តាម​កន្លែង​ឯទៀត​នោះទេ​។ ផ្ទុយ​មកវិញ សារាយ​បន្ត​ដុះ​លូតលាស់​យ៉ាងច្រើន ។​លក្ខខណ្ឌ​ទាំងនេះ​អាច​កាន់តែ​អាក្រក់ ប្រសិនបើ​មានការ​បង្ហូរ​ជី​កសិកម្ម​ចូលទៅក្នុង​ទន្លេ ដែល​វា​ចិញ្ចឹម​សារាយ​ឱ្យ​កាន់តែ​លូតលាស់​ច្រើន​ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់ MRC ដែល​បាន​បន្ថែមថា ទឹកទន្លេ​មេគង្គ​ក្នុង​តំបន់​ណា​ខន ផា​ណុ​ម ប្រទេស​ថៃ និង​ខេត្ត​ថា​ខែ​ក ប្រទេស​ឡាវ​បាន​ប្រែ​ពណ៌​ខៀវ​បៃតង​ផងដែរ កាលពី​ថ្មីៗ​នេះ ។​
 
​លោក សូ ណា​ម ប្រធាន​មន្ត្រី​ផ្នែក​គ្រប់គ្រង​បរិស្ថាន​MRC បាន​សង្កត់ធ្ងន់ថា «​បាតុភូត​ទឹក​ពណ៌​ខៀវ​បៃតង​»​នេះ  អាច​រាលដាល​ដល់​តំបន់​ទន្លេមេគង្គ​ផ្សេងៗ​ទៀត ដែលមាន​លំហូរ​ទឹក​ទាប​។ បើតាម​លោក សូ ណា​ម បញ្ហា​លំហូរ​ទឹក​ទាប និង​កករ​ទន្លេមេគង្គ​នេះ មិន​ត្រឹមតែ​បង្កឱ្យមាន​ផលប៉ះពាល់​អវិជ្ជមាន ដូច​ការបង្ហាញ​នៅក្នុង​របាយការណ៍​រប​ស់​MRC​នេះ​ទេ គឺ​វា​ថែមទាំង​ធ្វើឱ្យ​កាត់បន្ថយ​នៃ​ផលិតភាព​របស់​ទន្លេ​ក្នុងការ​បង្កើត​អាហារ​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​សត្វ និង​កូន​ត្រី​តូចៗ​។ ជាពិសេស​ផលិតភាព​ជីវៈសាស្ត្រ​ចម្រុះ​ក្នុង​ទឹក រួមទាំង​ត្រី ដោយសារ​ទឹក​ប្រែ​កាន់តែ​ថ្លា​ច្បាស់​។ អ្នកជំនាញ​រូបនេះ បាន​អះអាងថា ៖ «​ស្ថានភាព​បែបនេះ នឹង​ប៉ះពាល់​ដល់​ការប្រមូល​ផល​ត្រី និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​សហគម​ក្នុងស្រុក​»​។​
 
​រីឯ​បញ្ហា​ស្ថានភាព​ទឹកថ្លា​វិញ ក៏បង្ក​ឱ្យមាន​កំណើន​សារាយ​គួរ​ឲ្យ​កត់សម្គាល់ ឬ​បរិមាណ​សារាយ​ច្រើន​លើសលប់ ដែល​ធ្វើឱ្យ​កម្រិត​អុកស៊ីសែន​រលាយ​ខ្ពស់ ក្នុងកំឡុងពេល​ថ្ងៃ ប៉ុន្តែ​ភាព​រំលាយ​មាន​សភាព​ទាប​នៅពេល​យប់ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ត្រី​នានា​។ នេះ​បើ​យោងតាម​ការវិភាគ របស់លោក សូ ណា​ម​។ 
​ប្រធាន​មន្ត្រី​ផ្នែក​គ្រប់គ្រង​បរិស្ថាន​MRC បានលើកឡើង​ដូច្នេះ​ថា​៖« ប្រសិនបើ​ស្ថានភាព​ទឹកថ្លា​នៅតែ​បន្ត កំណើន​សារាយ​អាចបង្កើត​កម្រាល​ពណ៌​បៃតង​កាន់តែ​ក្រាស់ ដែល​នឹង​ប្រែ​រលួយ និង​មាន​ក្លិន​មិនល្អ​។ ហើយ​ប្រសិនបើ​ស្ថានភាព​នេះ​ប្រែ​កាន់តែ​អាក្រក់ ប្រភេទ​ស្លែរ ពណ៌​បៃតង (Chlorophyceae) អាច​ប្រែ​ទៅជា​ប្រភេទ​ស្លែរ​ពណ៌​ខៀវ (Cyanophyceae) ដែល​អាចបង្កើត​សារធាតុពុល​ប៉ះពាល់​ដល់​សត្វពាហនៈ​នានា​»​។ 
 
​ជាមួយគ្នានេះ លោក សូ ណា​ម បាន​បញ្ជាក់ថា ស្ថានភាព​បែបនេះ មិនអាច​កើតមាន​នៅក្នុង​ទន្លេ​មេ​ទេ ព្រោះ​វា​អាច​កើត​មាននៅ​តំបន់​ទឹកនឹង ឬ​តំបន់​ដែល​រង​ឥទ្ធិពល​ទឹក​កល់​ពី​ខ្សែទឹក​ខាងក្រោម​តែប៉ុណ្ណោះ​។ «​ប្រជាពលរដ្ឋ​គួរតែ​ប្រុងប្រយ័ត្ន​ក្នុងការ​ផ្តល់​ទឹក​ដល់​សត្វ ប្រសិនបើ​ទឹក​មាន​ពណ៌​បៃតង​ខ្លាំង​»​។ នេះ​បើតាម​ប្រធាន​មន្ត្រី​ផ្នែក​គ្រប់គ្រង​បរិស្ថាន​MRC​។​
 
​ការលេចឡើង​ទឹក​ពណ៌​ខៀវ​បៃតង​ក្នុង​ទន្លេមេគង្គ នាពេល​បច្ចុប្បន្ននេះ អាច​បន្ត​រហូតដល់​លំហូរ​ទឹកទន្លេ​កើនឡើង​វិញ នៅ​ដើមរដូវ​វស្សា ចាប់ផ្តើម​នៅ​ចុងខែ​ឧសភា​ឆ្នាំ​២០២០​។ ស្ថានភាព​នេះ នឹង​ធូរស្បើយ​វិញ ប្រសិនបើ​មានការ​បញ្ចេញ​បរិមាណ​ទឹក​ច្រើន​ពី​អាង​ស្តុក​ទឹក​ផ្នែក​ខាងលើ​ទន្លេមេគង្គ (​ឡាន​ឆាង​) និង​ពី​ទំនប់​វា​រី​អគ្គិសនី​នានា ដើម្បី​ប្រមូលផ្តុំ​សារធាតុ​កករ និង​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​មាន​ពណ៌​ត្នោត​វិញ​។ នេះ​បើតាម​លោក សូ ណា​ម​៕ 

Tag:
 ​ទន្លេមេគង្គ​
  MRC
© រក្សាសិទ្ធិដោយ thmeythmey.com