ជាតិ
សេដ្ឋកិច្ច
កម្ពុជា សង្ឃឹមថា អឺរ៉ុប នឹងពិចារណាពីការប៉ះពាល់កម្មករជិត១លាននាក់ បើព្យួរ EBA
× រដ្ឋាភិបាលកម្ពុជា ប្រកាសថា បានឆ្លើយតបរួចហើយ ទៅនឹងរបាយការណ៍បឋមរបស់គណៈកម្មការអឺរ៉ុបស្តីពីនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ (EBA ) ដែលបានផ្ញើមករដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
ក្រសួងការបរទេសកម្ពុជា សរសេរក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា គណៈកម្មការអឺរ៉ុប នឹងពិចារណា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវរាល់ការអនុញ្ញាតិអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ EBA និងពិចារណាលើផលប៉ះពាល់ដល់កម្មការិនីជិតមួយលាននាក់ និងប៉ះពាល់ជាប្រយោលដល់គ្រួសាររបស់ពួកគេ ដែលទទួលបានការឧបត្ថម្ភពីប្រាក់ខែរបស់ពួកគេ, ព្រមទាំងពិចារណាលើការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលផ្ទៃក្នុងកម្ពុជា»។
ក្រសួងការបរទេស អះអាងថា សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយ អំពីសកម្មភាពនិងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តឆ្លើយតបនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ដូចជា ការគោរពសិទ្ធិមនុស្សក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និង សេរីភាពបង្កើតសមាគម ជាដើម។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ សហភាពអឺរ៉ុប បានផ្ញើរបាយការណ៍បឋមស្តីពីនីតិវិធីនៃការដក EBA មកកាន់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជា មានពេល១ខែ ក្នុងការឆ្លើយតបទៅគណៈកម្មការអឺរ៉ុបវិញ ដោយគិតចាប់តាំងពីថ្ងៃទទួលបានរបាយការណ៍ រហូតដល់ថ្ងៃទី១២ ខែធ្នូនេះ។
សហភាពអឺរ៉ុប ប្រកាសថា នៅខែកុម្ភៈ ឆ្នាំ២០២០ គឺមានរយៈពេលគ្រប់១ឆ្នាំហើយ ដែលសហភាពអឺរ៉ុប នឹងចេញរបាយការណ៍ចុងក្រោយ ហើយក៏នឹងធ្វើសេចក្តីសម្រេចចុងក្រោយផងដែរ ថា ដក EBA ពីកម្ពុជាជាបណ្តោះអាសន្ន ឬ បន្តរក្សាទុក។ សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីដំបូងពីរឿងដកឬមិនដក EBA នេះ តាំងខែកុម្ភៈ ឆ្នាំ២០១៩មក។
បើសហភាពអឺរ៉ុប សម្រេចដក EBA ពិតមែន ជានីតិវិធី គឺត្រូវការរយៈពេល៦ខែក្រោយមកទៀត ទើបសេចក្តីសម្រេចនោះ ចូលជាធរមាន។ វា មានន័យថា ៦ខែក្រោយនៃការដក EBA ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប៕ © រក្សាសិទ្ធិដោយ thmeythmey.com