ជាតិ
លោក ស៊ុន ចាន់ថុល​៖ ស្ថានីយ​ថ្លឹង​រថយន្ត ដល់​ដំណាក់កាល​ត្រូវ​វះកាត់​
12, Dec 2019 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទោះ​រង​ការស្ដីបន្ទោស​ពី​សាធារណជន និង​ការតាមដាន​ពី​ក្រសួង​យ៉ាងណាក៏ដោយ តែ​សកម្មភាព​ប្រព្រឹត្ត​ខុស​របស់​ន្ត្រី​នៅតាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកជញ្ជូន​មួយចំនួន នៅតែមាន​សភាព​មិន​ថមថយ​។ ក្នុងពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រតិកម្ម​ចំពោះ​មន្ត្រី​ទាំងនោះ ដោយ​សម្ដេច​បាន​ថ្លែង​ជា​សាធារណ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍​ក្នុង​ខេត្តកំពត​។


 
​អ្នកសារព័ត៌មាន​នៅតាម​ចោទសួរ​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំពោះ​ចំណាត់ការ​ទៅលើ​មន្ត្រី​ស្ថានីយ​ថ្លឹង​រថយន្ត​ដែល​យកលុយ​ក្រៅច្បាប់​ហើយ​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់​បើកបរ​លើផ្លូវ​ថ្នល់​។ នៅ​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​នេះ លោក ស៊ុន ចាន់ ជា​រដ្ឋមន្ត្រី​របស់​ក្រសួង​មួយ​នេះ បាន​អះអាងថា លោក​នឹង​អនុវត្ត​អភិក្រម​ទី​៥​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​វះកាត់ ដែល​សំដៅ​ការដាក់ទណ្ឌកម្ម​ទៅតាម​ច្បាប់ ចំពោះ​មន្ត្រី​ខិ​លខូច​។  
 
​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​ទីតាំង​ឫស្សីកែវ រាជធានី​ភ្នំពេញ​៖



 
«​យើង​ត្រូវតែ​ធ្វើតាម​ច្បាប់ យើង​មានច្បាប់ មាន​អនុក្រឹត្យ ហើយ​មាន​អនុសាសន៍​របស់​សម្ដេច​ទៀត​។ យើង​ដល់​ពេលវេលា​អនុវត្ត​អភិក្រម​ទាំង​៥​របស់​សម្ដេច​ហើយ ឥឡូវ​កន្លែង​ជញ្ជីង​របស់ខ្ញុំ​នេះ ដល់ពេល​វេលា​វះកាត់​»​។ នេះ​ជាការ​អះអាង​របស់លោក ស៊ុន ចាន់ថុល ។​
 
​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ ឲ្យ​ដឹងថា ក្រសួង​បាន​តាមដាន​សកម្មភាព​របស់​មន្ត្រី​ខ្លួន​នៅតាម​ស្ថានីយ​មួយចំនួន ដោយបាន​រកឃើញ​ការ​ព្រឹ​ត្ត​បំពាន​ច្បាប់​។ ទេសរដ្ឋមន្ត្រី​លោក ស៊ុន ចាន់ថុល លើកឡើង​ដូច្នេះ​ថា​៖«​មិន​អនុញ្ញាត​ជាដាច់ខាត​ការធ្វើ​របៀបនេះ ខុសច្បាប់​ហើយ ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​។ ហួសហេតុ​ពេក កន្លែង​ថ្លឹង​ឡាន គាត់​យក​ឡានតូចៗ​របស់គាត់​ដាក់ ហើយ​ឡាន​មកពី​ក្រៅ​ចេញទៅ​បាត់​»៕

Tag:
 ស្ថានីយ​ថ្លឹង​រថយន្ត​
  ស៊ុន ចាន់ថុល​
  ផ្លូវ​
  ដឹក​លើស​ទម្ងន់​
© រក្សាសិទ្ធិដោយ thmeythmey.com