អន្តរជាតិ
ពលរដ្ឋ​អង់គ្លេស នាំគ្នា​បោះឆ្នោត​ដើម្បី​កំណត់​ជោគវាសនា Brexit
12, Dec 2019 , 4:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ចេញពីមណ្ឌលបោះឆ្នោតថ្ងៃទី១២ ខែធ្នូ ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ចេញពីមណ្ឌលបោះឆ្នោតថ្ងៃទី១២ ខែធ្នូ ។ រូបភាព AFP
​ប្រជាជន​អង់គ្លេស នៅ​ថ្ងៃទី​១២ ខែធ្នូ បាននាំគ្នា​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​។ លទ្ធផល​នៃ​ការបោះឆ្នោត​នេះ នឹង​កំណត់​ជោគវាសនា​ការចាកចេញ​ពី​សហភាព​អឺរ៉ុប (Brexit) ដែល​ជាប់គាំង​។ បើ​បក្ស​អភិរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី បូរី​ស ច​ន​សុន ឈ្នះឆ្នោត​ជាមួយ​សំឡេង​ភាគច្រើន ការចាកចេញ​ពី​សហភាព​អឺរ៉ុប នឹង​កើតឡើង​ដោយ​ស្រួល ប៉ុន្តែ​បើ​លទ្ធផល​ជោគជ័យ​បាន​ទៅលើ​បក្ស​ពលករ​វិញ ការចាកចេញ​នេះ ទំនង​មិនអាច​ទៅរួច​ឡើយ​។​

 
​ការិយាល័យ​បោះឆ្នោត​ជាង​៤៤០០​កន្លែង​នៅ​ទូទាំង​ចក្រភព​អង់គ្លេស បាន​បើក​ដំណើការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ (​ម៉ោង​អង់គ្លេស​) សម្រាប់​ទទួល​ពលរដ្ឋ​មានឈ្មោះ​បោះឆ្នោត​។ ការបោះឆ្នោត​នេះ គឺ​ដើម្បី​ជ្រើសរើស​សមាជិកសភា​ថ្មី​ចំនួន​៦៥០​។ កាន់តែ​សំខាន់​នោះ វា​ក៏​នឹង​កំណត់​វាសនា​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​ផងដែរ​។ 
 
​នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន ជា​អ្នករៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​នេះ ព្រោះ​លោក​ខ្វះ​សំឡេង​ដើម្បី​អនុម័ត​កិច្ចព្រមព្រៀង​ចាកចេញ​ជាមួយ​អឺរ៉ុប​។ ដោយសារ​រឿងនេះ លោក ច​ន​សុន ក៏​រង​ការរិះគន់​យ៉ាងខ្លាំង​ថា កំពុងលែង​ល្បែង​នយោបាយ​ដ៏​គ្រោះថ្នាក់​ដើម្បី​តែ​សម្រេច​បំណង​របស់ខ្លួន​។ ការស្ទង់មតិ​នានា​បង្ហាញថា បក្ស​អភិរក្សនិយម​កំពុងកាន់​អំណាច នាំមុខ​បក្ស​ពលករ​ដែលជា​គូប្រជែង​សំខាន់ ប៉ុន្តែ​មិន​ឃ្លាត​ដាច់​ឆ្ងាយ​ឡើយ​។​
 
​បើសិន​អាច​ទទួលបាន​កៅអី​សភា​ភាគច្រើន​ពី​ការបោះឆ្នោត​លើក​នេះ លោក ច​ន​សុន អាច​បន្តដំណើ​ការចាក​ចេញពី​អឺរ៉ុប​ដោយ​ស្រួល ខុសពី​លើក​មុនៗ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ ចាត់ទុក​ការបោះឆ្នោត​ថ្ងៃទី​១២ ខែធ្នូ ជាការ​បញ្ចប់​ភាពមិនច្បាស់លាស់ និង​ការជាប់គាំង​ផ្នែក​នយោបាយ​។ យ៉ាងណាមិញ បក្ស​អភិរក្ស និង​លោក ច​ន​សុន បាន​ជួប​គូប្រជែង​ដ៏​ស្រួចស្រាល់​មួយ​។ 
 
​លោក ជេ​រេ​មី ខ​ប៊ី​ន មេបក្ស​ពលករ ជា​ដៃគូ​ចម្បង​របស់លោក ច​ន​សុន ។ បើ​ទទួលជោគជ័យ លោក ខ​ប៊ី​ន ដែលមាន​អាយុ​៧០​ឆ្នាំ នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ​របស់​អង់គ្លេស គិត​តាំង​លោក Viscount Palmerston ដែល​កាន់តំណែង​នៅ​ឆ្នាំ​១៨៥៥ ។ លើសពីនោះ លោក​ក៏​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​បក្ស​ពលករ​ដំបូង​គេ​គិត​តាំងពី​ឆ្នាំ​២០១០ ផងដែរ​។ 
 
​ទាក់ទង​ការចាកចេញ​ពី​អឺរ៉ុប លោក ខ​ប៊ី​ន ចង់​ឲ្យ​មានការ​ចរចា​លើ​លក្ខខណ្ឌ​ទន់ភ្លន់​ជាមួយ​អឺរ៉ុប​ក្នុង​រយៈពេល​បី​ខែ បើ​លោក​ឈ្នះឆ្នោត​។ លោក ខ​ប៊ី​ន ក៏មាន​ធ្វើ​ប្រជាមតិ​លើ​ការចាកចេញ​ពី​អឺរ៉ុប​នេះ​ឡើងវិញ​ផងដែរ ខណៈ​ប្រជាជន​អង់គ្លេស​ជាច្រើន​ហាក់​សោកស្ដាយ​ចំពោះ​ការគាំទ្រ​ការចាកចេញ​ក្នុង​ការធ្វើប្រជាមតិ​ឆ្នាំ​២០១៦ ៕ 

Tag:
 Brexit
  អង់គ្លេស​
  អឺរ៉ុប​
  បូរី​ស ច​ន​សុន​
  Jeremy Corbyn
© រក្សាសិទ្ធិដោយ thmeythmey.com