FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​ទារប្រាក់​២​លាន​ដុល្លារ​ដែល Blatter ឲ្យ Platini
12, Dec 2019 , 5:20 pm        
រូបភាព
លោក Sepp Blatter (ឆ្វេង) អតីតប្រធាន FIFA និងលោក Michel Platini អតីតប្រធាន UEFA
លោក Sepp Blatter (ឆ្វេង) អតីតប្រធាន FIFA និងលោក Michel Platini អតីតប្រធាន UEFA
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នឹង​ចាត់វិធានការ​ផ្លូវច្បាប់​នៅ​ចុងឆ្នាំ​២០១៩​នេះ​ដើម្បី​បង្ខំ​ឲ្យ​លោក Michel Platini ប្រគល់​ប្រាក់​ចំនួន ២ លាន​ដុល្លារ​មកវិញ ដែល​លោក​ទទួលបាន​ក្នុង​រជ្ជកាល​ដឹកនាំ​របស់លោក Sepp Blatter អតីត​អ្នកគ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ​។​

FIFA បានដាក់​បម្រាម​លើ​លោក Platini ដោយ​ផ្អាក​រាល់​សកម្មភាព​កីឡា​របស់លោក​ទាំងអស់​រយៈពេល​៤​ឆ្នាំ កាលពី​ឆ្នាំ ២០១៥​។ ការហាម​នេះ បន្ទាប់ពី​ស៊ើបអង្កេត​រកឃើញថា​បុរស​សញ្ជាតិ​បារាំង​រូបនេះ​មាន​ជាប់ទាក់ទង​នឹង​ទឹកប្រាក់​ស៊ីសំណូក កាលពី​ឆ្នាំ​២០១១​។​
 
​ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញថា លោក Blatter អតីត​ប្រថាន FIFA បាន​ផ្តល់ប្រាក់ ២​លាន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​លោក Platini ដែលជា​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) នា​ឆ្នាំ​នោះ​។​
 
​នៅក្នុង​ឯកសារ​មួយ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP បានឃើញ​នៅ​ថ្ងៃ​ពុធ​ទី​១១ ខែធ្នូ FIFA បាន​និយាយថា​ពួកគេ​នឹង​ចាត់វិធានការ​តឹងរឹង​ដើម្បី​ប្រមូលប្រាក់​ដែល​លោក Blatter ចំណាយ​ខុសច្បាប់​ទៅកាន់​លោក Platini នោះ​ត្រឡប់មកវិញ​។​
 
​ជុំវិញ​ករណីនេះ Platini វ័យ​៦៣​ឆ្នាំ​ជា​អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​មេធាវី​លោក គឺ​លោក Vincent Solari បាន​ហៅ​វិធានការ​នេះ​ថា​ជា​«​ការ​រុក​គួ​ន​» ដល់​កូនក្តី​របស់លោក​។​
 
«​ជាការ​ពិត នេះ​ជាមាន​គោលបំណង​តែមួយគត់​គឺ​ដើម្បី​បន្ត​ព្យាយាម​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​កូនក្តី​របស់ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Solari​។​
​ក្រៅពី​លោក Platini ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភបលោក​មួយ​នេះ ថែមទាំង​គ្រោង​ប្តឹង​លោក Blatter ដោយ​នឹង​ស្វែងរក​ប្រាក់​ពុករ​លួ​នោះ ព្រមទាំង​គិត​លើ​ការប្រាក់​ដើម្បី​ជាការ​ពិន័យ​ទៀតផង​។​
 
​លើសពីនេះ​ទៀត ក្រុមមន្ត្រី​ពាក់ព័ន្ធ​បាន​ស៊ើបអង្កេត​លើ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ជាប់ទាក់ទង​នឹង​ការផ្តល់​សិទ្ធិ​ប្រកួត World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី និង​ឆ្នាំ​២០២២ នៅ​កាតា​ផង​។ លោក Blatter និង Platini ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងក្តី​នេះដែរ មុនពេល​លោក​ចុះ​ចេញពី​តំណែង​ក្នុង​ឆ្នាំ ២០១៥​។​៕

Tag:
 FIFA
  Michel Platini
  Sepp Blatter
© រក្សាសិទ្ធិដោយ thmeythmey.com