ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក​ថា កំពុង​តាមដាន​ការកាត់ក្តី​លោក កឹម សុខា
12, Dec 2019 , 9:59 pm        
រូបភាព
លោក កឹម សុខា និង លោក Mike Pompeo
លោក កឹម សុខា និង លោក Mike Pompeo
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo បានធ្វើ​សន្និសីទកាសែត នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដោយបាន​លើ​ពី​បញ្ហា​តាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​។


 
​លោក Mike Pompeo ថ្លែងថា អាមេរិក មិនមែន​និយាយ​តែ​មាត់​នោះទេ តែ​បាន​ចាត់វិធានការ​ជាក់ស្តែង ក្នុងការ​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក​។ លោក បាន​ហៅ ការចូលរួម​ការពារ​សិទ្ធិសេរីភាព​នេះ ថា​ជា​កាតព្វកិច្ច​របស់​អាមេរិក​។ ប្រមុខ​ទូត​អាមេរិក បញ្ជាក់​ដូច្នេះ​ថា​៖«​ជា​ឧទាហរណ៍ យើង កំពង់​តាមដាន​មើល​កាត់ក្តី​លើ​សំណុំរឿង​របស់លោក កឹម សុខា មេដឹកនាំ​ប្រឆាំង​នៅ​កម្ពុជា​...»​។​
 
​លោក Mike Pompeo បន្តថា ក្នុង​សប្តាហ៍​នេះ អា​មេ​រិ​ក បានដាក់​ទណ្ឌកម្ម​លើ​បុគ្គល​និង​អង្គភាព​ដល់​ទៅ​៦៨ នៅតាម​ប្រទេស​នានា ដូចជា មី​យ៉ាន់​ម៉ា កម្ពុជា កុង​ហ្គោ ឡេ​តូ​នី ប៉ា​គី​ស្ថាន ស៊ែ​ប៊ី ស្លូ​វ៉ា​គី និង ស៊ូដង់​ខាងត្បូង ជាដើម​។ បើតាម​លោក Mike Pompeo អ្នក​ដែល​រង​ទណ្ឌកម្ម​ទាំងនោះ ជាទូទៅ គឺពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ការប្រព្រឹត្ត​អំពើពុករលួយ​។ ទណ្ឌកម្ម​ដែល​ដាក់​លើ​ពួកគេ មានដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ ដែល​ផ្ញើ​នៅ​អាមេរិក និង ការមិន​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី​អាមេរិក​។ 
 
​ចំពោះ​សំណុំរឿង​របស់លោក កឹម សុខា តុលាការ បានសម្រេច​លើក​ទៅ​បើកសវនាការ​ជំនុំជម្រះ​អង្គសេចក្តី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ក្រោយពី​ឆ្លងកាត់​ការ​ស៊ើបសួរ​រយៈពេល​២​ឆ្នាំ​។ សវនាការ​អង្គសេចក្តី គឺ​ដើម្បី​សម្រេច​ថា​លោក កឹម សុខា មានទោស​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដូច​ការចោទប្រកាន់​ពិតមែន ឬក៏​មិន​មានទោស​។ 
 
​គេ មិនទាន់​ដឹង​ឡើយ​ថា លោក កឹម សុខា នឹងចូលរួម​សវនាការ​ឬ​មិន​ចូលរួម​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​ពី​ក្រុម​មេធាវី​របស់លោក កឹម សុខា នោះទេ ដោយសារ​ពួកគាត់ សុទ្ធតែ​មិនបាន​លើក​ទូរស័ព្ទ​៕ 

Tag:
 អាមេរិក​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com