អន្តរជាតិ
ទីក្រុងប៉េកាំង ទាត់ចោលរបាយការណ៍ដែលថា ខ្លួនដាក់គុកអ្នកកាសែត ៤៨នាក់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនអ៊ីង ធ្វើសន្និសីទកាសែត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩។ រូបភាព៖ ក្រសួងការបរទេសចិន
× អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនអ៊ីង (Hua Chunying) នៅថ្ងៃទី ១១ ខែធ្នូ បានច្រានចោលរបាយការណ៍របស់គណៈកម្មាធិការការពារអ្នកកាសែត ដែលថាចិនបានដាក់ពន្ធនាគារអ្នកកាសែតចំនួន ៤៨នាក់។ ប៉ុន្តែលោកស្រីក៏បានអះអាងថា អ្នកប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលទណ្ឌកម្ម។
របាយការណ៍របស់គណៈកម្មាធិការការពារអ្នកកាសែត ដែលមានមូលដ្ឋាននៅអាមេរិក បានបង្ហាញថា យ៉ាងហោចណាស់មានអ្នកកាសែតចំនួន ២៥០រូប ត្រូវបានគេដាក់ពន្ធនាគារ ក្នុងឆ្នាំ ២០១៩ ខណៈពេលឆ្នាំ ២០១៨ មាន ២៥៥ នាក់។ ក្នុងរបាយការណ៍នេះ គណៈកម្មាធិការការពារអ្នកកាសែត បានមើលឃើញថា ចិនបានដាក់គុកអ្នកកាសែតចំនួន ៤៨នាក់ ដែលចំនួនេះ គឺមានការកើនឡើងលើសពីឆ្នាំមុន ស្របពេលមានការពង្រឹងអំណាចនយោបាយរបស់លោកប្រធានាធិបតីស៊ី ជិនភីង។
ពាក់ព័ន្ធបញ្ហានេះ លោកស្រីហួរ ឈុនយីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានច្រានចោលថា របាយការណ៍របស់គណៈកម្មាធិការខាងលើ គឺមិនអាចទុកចិត្តបាន ដោយសារតែអង្គការនេះ មានអាមេរិកនៅពីក្រោយខ្នង។ លោកស្រី បានសំអាងថា មានអ្នកកាសែតបរទេសជិត ៦០០នាក់ កំពុងរស់នៅដោយមានសុភមង្គលនៅក្នុងប្រទេសចិន ហើយពួកគេមានសំណាងណាស់ ដែលបានធ្វើការនៅក្នុងទីក្រុងប៉េកាំងជាជាងនៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរូបនេះក្នុងសន្និសីទកាសែត នៅថ្ងៃទី១១ ខែធ្នូ។
ដោយអះអាងថាមិនបានដឹងពីរបាយការណ៍ខាងលើ អ្នកនាំពាក្យរូបនេះ ឆ្លើយប្រាប់អ្នកកាសែតថា ខ្លួនមិនអាចបញ្ជាក់ពីតួលេខក្នុងរបាយការណ៍បានទេ ប៉ុន្តែអ្វីដែលសំខាន់ គឺចិនជាប្រទេសគោរពនីតិរដ្ឋ ហើយគ្មាននរណាអាចនៅលើច្បាប់បានឡើយ។ ក្នុងន័យនេះ លោកស្រីហួរ បានចង្អុលបង្ហាញថា បុគ្គលទាំងឡាយណា ដែលបំពានច្បាប់ អ្នកទាំងនោះត្រូវតែទទួលទណ្ឌកម្ម។
ទំនងជាចង់ឌឺដងដាក់គណៈកម្មាធិការការពារកាសែត អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បាននិយាយបន្ថែមទៀតថា ក្នុងអំឡុងពេលភាពវឹកវរនៅក្នុងទីក្រុងហុងកុង មានអ្នកកាសែតក្លែងក្លាយមួយចំនួន បានសរសេរព័ត៌មានមិនពិតជាច្រើន។ ការណ៍នេះ បានបង្កឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសហគមន៍អ្នកកាសែតយ៉ាងខ្លាំង ប៉ុន្តែទីក្រុងប៉េកាំង មិនឃើញមានអង្គការពាក់ព័ន្ធណាមួយ រិះគន់ពីបញ្ហានេះទេ។
សូមបញ្ជាក់ថា តាមរយៈរបាយការណ៍គណៈកម្មាធិការការពារអ្នកកាសែត នៅពីក្រោយចិន គឺតួកគីឈរនៅចំណាត់ថ្នាក់ទី២ ដែលបានឃុំខ្លួនអ្នកកាសែត ៤៧នាក់ ហើយអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ឈរនៅចំណាត់ថ្នាក់ទី៣ ដែលបានដាក់ពន្ធនាគារអ្នកកាសែត ២៦នាក់ដូចគ្នា។ រីឯចំណាត់ថ្នាក់ទី៤ គឺអេរីត្រេ ១៦នាក់ និងទី៥ វៀតណាម ១២នាក់។ ក្នុងចំនួននោះ អ្នកសារព័ត៌មានត្រូវជាប់មានចំនួនស្ត្រី ៨ភាគរយ ដែលធ្លាក់ពី ១៣ភាគរយក្នុងឆ្នាំ ២០១៨ ៕
Tag:
ចិន
គណៈកម្មាធិការការពារអ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com