ពីនេះ ពីនោះ
បច្ចេកទេស ចិញ្ចឹម​ទា ទទួលបាន​ទិន្នផល​ល្អ​...
30, Jan 2022 , 7:39 am        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​កសិដ្ឋាន​ចិញ្ចឹមទា
រូបភាពពី​ហ្វេសប៊ុក​កសិដ្ឋាន​ចិញ្ចឹមទា
​ភ្នំពេញ​៖ សត្វ​ទា គឺ​គេ​និយម​ចិញ្ចឹម​យក​សាច់​ផង និង​យក​ពង​ផង ហើយក៏​មានការ​និយម​ទទួលទាន​ច្រើន​ផងដែរ​។ ក្នុងការ​ចិញ្ចឹម​ទា​ឲ្យ​បាន​ទិន្នផល​ល្អ គួរ​ចេះ​រៀបចំ​ទ្រុង​, ការផ្ដល់​ចំណី ក៏ដូចជា​ការថែទាំ​ផងដែរ​។​


 
​ដើម្បី​ឲ្យ​ការចិញ្ចឹម​ទា ទទួលបាន​ទិន្នផល​ល្អ ដំបូង​ត្រូវ​រៀបចំ​ដាក់​ទា​ក្នុង​ទីធ្លា​ទំហំ ១០​ម៉ែត្រ និង​ត្រូវមាន​ដី​ស្រះ​ទំហំ​សមល្មម​ដែលមាន​ជម្រៅ ១,៥​ម៉ែត្រ​។ ក្នុង​ស្រះ​ត្រូវ​ដាំ​ចក និង​កំប្លោក​ដើម្បី​ឲ្យ​ទឹក​ត្រជាក់​។ ជាមួយគ្នានេះ ត្រូវ​រុំ​សំណាញ់​ជុំវិញ​ទីធ្លា​ចិញ្ចឹម និង​ត្រូវ​សង់​ទ្រុង​មួយ​សម្រាប់​ទា​ជ្រក​ទំហំ ២​ម៉ែត្រ ដែល​ទទឹង ១,៥​ម៉ែត្រ ហើយ​ដំបូល​ត្រូវ​ប្រក់​ស្លឹក​។​
 
​សម្រាប់​កូន​ទា​កសិករ​ត្រូវដាក់​ចំណី​ឲ្យ​ស៊ី ២​ដង​ក្នុង​មួយថ្ងៃ ហើយ​ចំណី​ត្រូវដាក់​កន្ទក់ ៣០​ភាគរយ កាក​សណ្ដែកសៀង ៣០​ភាគរយ ចុងអង្ករ ឬ​ពោត​កិន ៣០​ភាគរយ និង​១០​ភាគរយ​ទៀត​អាចជា​ចំណី​ដែល​ទិញ​មកពីផ្សារ​។ លោកអ្នក ត្រូវ​លាយ​ចំណី​ទាំងអស់​បញ្ចូល​គ្នា ហើយ​ដាក់​ក្នុង​ស្នូក​ឲ្យ​ទា​ស៊ី ទោះ​ចិញ្ចឹម​ទា​ក្នុង​ស្រះ ក៏ត្រូវ​ដាក់​ទឹក​ឲ្យ​ទា​ផឹក​ជាប្រចាំ​ផងដែរ​។​
 
​បន្ទាប់ពី​ទា​ធំ​មាន​អាយុ​បាន ២​ខែ កសិករ​ត្រូវ​ផ្ដល់​ចំណី ២​ដង​ក្នុង​ថ្ងៃ​ដូច​កូន​ទា​ដែរ​។ សម្រាប់​ទា​ធំ ត្រូវ​លាយ​ចំណី​ឲ្យ​ស៊ី​ដូចជា កន្ទក់​, កាក​សណ្ដែកសៀង​, ចុងអង្ករ​, ពោត​កិន និង​ដើម​ចេក​ផងដែរ​។ កសិករ​ត្រូវយក​ដើម​ចេក​ទៅបុក​ឲ្យ​ម៉ដ្ឋ​រួច​លាយ​ចូលគ្នា​ឲ្យ​សព្វ​រួច​ដាក់​ឲ្យ​ទា​ស៊ី ទា​ធំ​ក៏ត្រូវ​ដាក់​ទឹក​ឲ្យ​ផឹក​ជាប្រចាំ​ផងដែរ​។ ដើម្បី​ការពារ​កើត​ជំ​ងឹ​លោកអ្នក ត្រូវដាក់​ទឹក​ត្រាំ​ជាមួយ​ដើម​ល្ហុងខ្វង​ឲ្យ​ទា​ផឹក​ពេល​រដូវក្ដៅ​។​
 
​លោកអ្នក ត្រូវ​ឧស្សាហ៍​ពិនិត្យមើល​ទ្រុង​ទា ពិសេស​កូន​ទា​ចៀសវាង​ការជាន់​គ្នា​ងាប់ និង​ដក​ទាណា​ដែល​សំកុក​ចេញ​។ ជា​រឿង​ដែល​សំខាន់​លោកអ្នក ត្រូវ​សម្អាត​ទីធ្លារ​ចិញ្ចឹម និង​លាង​ស្នូក​ទឹក ស្នូក​ចំណី​ជា​រៀងរាល់ថ្ងៃ​៕
 
(​សារព័ត៌មាន​ថ្មីៗ​ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ​នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)

Tag:
 ទាសំពៅ​
 ​ការចិញ្ចឹម​
© រក្សាសិទ្ធិដោយ thmeythmey.com