ជាតិ
ដី​៤០​ហិកតា​៖ អាជ្ញាធរ​អនុញ្ញាតឱ្យ​វៀតណាម​ជួល​ដី ប៉ុន្តែ​មិន​ផ្ដល់​សញ្ជាតិ​ឱ្យ​ឡើយ
12, Dec 2019 , 5:44 pm        
រូបភាព
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធ ចុះជួយរើផ្ទះពលរដ្ឋលើទឹកទន្លេសាប ដែលត្រូវបន្លាស់ទីមកលើគោកកន្លងមក
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធ ចុះជួយរើផ្ទះពលរដ្ឋលើទឹកទន្លេសាប ដែលត្រូវបន្លាស់ទីមកលើគោកកន្លងមក
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ និង​ខ្មែរឥស្លាម ដែល​បន្លាស់​ទី​ពីលើ​ទឹក អាចមាន​សិទ្ធិ​ទិញ​ដី ក្នុង​តំបន់​៤០​ហិកតា ដែល​ស្ថិត​ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ប៉ុន្តែ​ជនអន្តោប្រវេសន៍​វៀតណាម មាន​សិទ្ធិ​ត្រឹម​ជួល​ប៉ុណ្ណោះ ហើយក៏​គ្មាន​ការផ្ដល់​សញ្ជាតិ​ដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាលរង​ខេត្តកំពង់ឆ្នាំង​។​


 
​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អះអាងថា ការជួល ឬ​ទិញ​ដី​នៅ​តំបន់​៤០​ហិកតា​នោះ គឺ​អាស្រ័យ​លើ​ការចរចា​របស់​ពលរ​ដ្ឋ​ខ្មែរ​និង​ខ្មែរឥស្លាម ជាមួយ​ក្រុមហ៊ុន ហើយ​រដ្ឋាភិបាល មិន​ពាក់ព័ន្ធ​លើ​ករណីនេះ ក្រៅពី​ជួយ​សម្របសម្រួល​នោះទេ​។ ចំណែកឯ​ជនអន្តោប្រវេសន៍​វៀតណាម​វិញ មាន​សិទ្ធិ​ត្រឹម​ជួល​ប៉ុណ្ណោះ​។​



 
​ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​មានការ​ព្រួយបារម្ភ​កន្លងមក​ថា ការ​បន្លាស់​ទី​ផ្ទះ​លើទឹក​របស់​ពលរដ្ឋ​នៅតាម​តំបន់​ទន្លេសាប​ខេត្តកំពង់ឆ្នាំង​នេះ វា​នឹង​ផ្ដល់​ភាពស្របច្បាប់​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​។​
 
​នៅពេល​អ្នកសារព័ត៌មាន​សួរថា តើ​ការ​បន្លាស់​ទីនេះ អាចធ្វើឱ្យ​ជនជាតិ​វៀតណាម ទទួលបាន​សញ្ជាតិ​ដែរ​ទេ​? ថ្លែង​នៅក្នុង​សន្និសីទកាសែត ស្តីពី​បញ្ហា​បន្លាស់​ទី​លើដី​៤០​ហិកតា​នេះ អភិបាលរង​ខេត្តកំពង់ឆ្នាំង អះអាងថា គ្មាន​ការផ្ដល់​សញ្ជាតិ​ឱ្យ​វៀតណាម​នោះទេ​។ «​សួរថា គាត់​(​វៀតណាម​)​ទៅ​រស់នៅ​លើគោក (​យើង​)​ឱ្យ​សញ្ជាតិ​ឬ​យ៉ាងម៉េច​? គឺ​អត់​ទេ​។ ព្រោះ​នៅក្នុង​ទឹក​ក៏​ដី​ខ្មែរ នៅលើ​គោក​ក៏​ដី​ខ្មែរ ដូច្នេះ​គាត់​(​វៀតណាម​) រស់​នៅលើ​ទឹកជា​ជនអន្តោប្រវេសន៍ អ៊ីចឹង​រស់នៅ​លើគោក​ក៏​ជា​ជនអន្តោប្រវេសន៍​ដដែល​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន សុវណ្ណ​រិ​ទ្ធ ដែល​បាន​បន្ថែមថា អាជ្ញាធរ​អាច​ផ្ដល់​សញ្ជាតិ​ដល់​ជន​វៀតណាម​នោះ លុះត្រាតែ​ពួកគេ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​អន្តោប្រវេសន៍​កម្ពុជា​។​
 
​ត្រង់ចំណុច​នេះ​លោក សុវណ្ណ​រិ​ទ្ធ បាន​ពន្យល់​យ៉ាងខ្លី​ថា ក្នុងករណី​ជនអន្តោប្រវេសន៍​វៀតណាម ដែល​ជួល​ដី​ខ្មែរ​រស់នៅ​ទាំងនោះ អនុវត្ត​តាមច្បាប់​ត្រឹមត្រូវ តាមរយៈ​ការបង់ពន្ធ​នានា រយៈពេល​៧​ឆ្នាំ និង​គ្មាន​ការប្រព្រឹត្តិ​បទល្មើស​អ្វី​នោះ ពួកគេ​នឹង​អាច​សុំ​សិទ្ធិ​សញ្ជាតិ​ខ្មែរ​បាន​ហើយ​។ បើតាម​អភិបាលរង​ខេត្ត​រូបនេះ ការផ្ដល់​សញ្ជាតិ​ឱ្យ​ជនបរទេស​ណា​ម្នាក់ គឺ​អនុលោម​តាមច្បាប់​ស្តីពី​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍​ជាតិ ដែល​ស្របតាម​គោលការណ៍​អន្តរជាតិ និង​ប្រទេស​លើ​ពិភពលោក​កំពុង​អនុវត្ត​ដូចគ្នា​។ 
 
​ដី​នៅ​តំបន់​៤០​ហិកតា​នោះ ជា​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ដែលមាន​ម្ចាស់​ឈ្មោះ នូ ចំរើន​។ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជា​ម្ចាស់​កម្មសិទ្ធិ ដោយបាន​លើកសំណើ​ទៅ​រដ្ឋាភិបាល ធ្វើ​អនុប្រយោគ ដើម្បី​អភិវឌ្ឍ​តំបន់​នោះ​។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​នោះ មិន​អនុវត្តតាម​លក្ខខណ្ឌ​អនុប្រយោគ​តាម​កិច្ចព្រមព្រៀង​ទេនោះ រដ្ឋាភិបាល​នឹង​ចាត់វិធានការ​តាមច្បាប់​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន សុវណ្ណ​រិ​ទ្ធ​។​
 
​ផ្អែកលើ​របាយការណ៍ នៅ​ខេត្តកំពង់ឆ្នាំង អ្នករស់នៅ​ក្នុងផ្ទះ​បណ្តែត​ទឹក​លើ​ដង​ទន្លេសាប សរុប​ទាំងអស់ មាន​៤៥៦៣​គ្រួសារ ដោយ​ក្នុងនោះ មាន​ទាំង​ខ្មែរ ខ្មែរ​-​អ៊ីស្លាម និង វៀតណាម​។ របាយការណ៍ បង្ហាញ​លម្អិត​ថា ពលរដ្ឋ​ខ្មែរ មាន​២០១០​គ្រួសារ ស្មើនឹង​៩១៦៨​នាក់ ខ្មែរ​-​អ៊ិ​ស្លាម មាន​៧៣​គ្រួសារ ស្មើនឹង​២៤២​នាក់ ឯ​វៀតណាម មាន​ដល់​ទៅ​២៤៨០​គ្រួសារ ស្មើនឹង​១០៣១១​នាក់​។​
 
​មូល​ហេតុដែល​រដ្ឋបាល​ខេត្ត បន្លាស់​ទី​ពួកគេ​នេះ គឺ​ដើម្បី​រៀបចំ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​មាន​និរន្តរភាព ស្របតាម​ច្បាប់​ភូមិបាល​, ថែរក្សា​បរិស្ថាន​ទន្លេសាប ធនធានធម្មជាតិ និង​ជីវៈចម្រុះ​, ពង្រឹង​ការថែរក្សា​សន្តិសុខ និង សុវត្ថិភាព​សាធារណៈ​។ ជាពិសេស​ចូលរួម​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ជាពិសេស ធនធាន​ជលផល​។ រដ្ឋបាលខេត្ត ទទួលបាន​ផ្លូវ​សាធារណៈ​ដី​សម្រាប់​សាងសង់​សាលារៀន និង ដី​សម្រាប់​សាងសង់​មណ្ឌល​សុខភាព​ជាដើម ហើយ​ក្រុមហ៊ុន​ឯកជន ទទួលបាន​ប្រាក់ចំណេញ​ស្របច្បាប់​៕

Tag:
 ដីធ្លី​
  វៀតណាម​
  កំពង់ឆ្នាំង​
  ស៊ុន សុវណ្ណារិទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com