កីឡាជាតិ
ជាតិ
​លទ្ធផល​ដ៏​កម្រ​ក្នុង​ស៊ី​ហ្គេម មេដាយប្រាក់ និង​សំរឹទ្ធ​ទាំងពីរ សុទ្ធតែ​ចាញ់ ខាន់ ចេ​សា​
12, Dec 2019 , 6:06 pm        
រូបភាព
​មេដាយប្រាក់ Napolis Jenna Kaila របស់​ហ្វីលីពីន និង​មេដាយ​សំរឹទ្ធ Teh May Yong របស់​សិង្ហ​បុរី និង Duong Thi Thanh Minh របស់​វៀតណាម សុទ្ធតែ​ចាញ់​ក្រោម​ថ្វីដៃ​របស់​កីឡាការិនី ខាន់ ចេ​សា​។ រូបថត CAMSOC
​មេដាយប្រាក់ Napolis Jenna Kaila របស់​ហ្វីលីពីន និង​មេដាយ​សំរឹទ្ធ Teh May Yong របស់​សិង្ហ​បុរី និង Duong Thi Thanh Minh របស់​វៀតណាម សុទ្ធតែ​ចាញ់​ក្រោម​ថ្វីដៃ​របស់​កីឡាការិនី ខាន់ ចេ​សា​។ រូបថត CAMSOC
ដោយ:
កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ជា​ម្ចាស់​មេដាយមាស​លើ​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ​(Jiu-Jitsu)​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​។ ចេ​សា បាន​ក្លាយជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​កីឡាការិនី​ដទៃ​ក្នុងការ​ស្វែងរក​មេដាយ ដ្បិត​ម្ចាស់​ជ័យលាភី​ដែល​បាន​ឡើង​ជាន់​ឈ្នាន់​បំពាក់​មេដាយ សុទ្ធតែ​ធ្លាក់​ក្រោម​ថ្វីដៃ​របស់​នាង​។



​អ្នកគាំទ្រ​ទំនងជា​មិន​ធ្លាប់​ឃើញ​ម្ចាស់​ជ័យលាភី​បី​រូប ដែល​ឈរលើ​ឈ្នាន់​កិត្តិយស​បំពាក់​មេដាយ​តែមួយ ហើយ​ចាញ់​ក្រោម​ថ្វីដៃ​កីឡាការិនី​តែមួយ​រូប​រួមគ្នា​នោះទេ​។ ប៉ុន្តែ​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា បានធ្វើ​ឲ្យ​រឿង​ដ៏​កម្រ​កើតមាន​ក្នុង​វិស័យ​កីឡា​នេះ កើតឡើង​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ដ្បិត​ម្ចាស់​មេដាយប្រាក់ និង​សំរឹទ្ធ​ពីររូប​ដែល​ឈរលើ​ឈ្នាន់​កិត្តិយស​រួមគ្នា សុទ្ធតែ​ចាញ់​ក្រោម​ថ្វីដៃ ខាន់ ចេ​សា ទាំងអស់​។​

ជាក់ស្តែង​កីឡាការិនី ខាន់ ចេ​សា បាន​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន Napolis Jenna Kaila នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​មេដាយមាស​លើ​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​។ បរាជ័យ​នេះ​នាំ​ឲ្យ​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន​ទទួលបាន​មេដាយប្រាក់​។


ខាន់ ចេសា ឈ្នះកីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន Napolis Jenna Kaila នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយលទ្ធផលស្មើ ២-២​ ប៉ុន្តែ​ការវាយមានប្រៀបជាង

​មុន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ចេ​សា បាន​ទម្លាក់​កីឡាការិនី​សិង្ហ​បុរី Teh May Yong នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ បរាជ័យ​នេះ តម្រូវ​ឲ្យ​កីឡាការិនី​សិង្ហ​បុរី ត្រូវ​រង់ចាំ​ប្រកួត​ជាមួយ​កីឡាការិនី ដែល​ឡើង​មកពី​វគ្គ​ប្រជែង​កៅអី​ឱកាស​ទី​២ (​កីឡាការិនី​ធ្លាក់​ក្នុង​ជុំ​ទី​១) ដើម្បី​ដណ្តើមយក​មេដាយ​សំរឹទ្ធ​។ Teh May Yong ទទួលបាន​មេដាយ​សំរឹទ្ធ ក្រោយ​យកឈ្នះ​កីឡាការិនី​ឥណ្ឌូណេស៊ី Amalia Nura ក្នុង​លទ្ធផល ១០០-០ នៅ​វគ្គ​ដណ្តើមយក​មេដាយ​សំរឹទ្ធ​។ 

​កីឡាការិនី​វៀតណាម Duong Thi Thanh Minh ដែល​ទទួលបាន​មេដាយ​សំរឹទ្ធ​ផង​នោះ ត្រូវបាន​កីឡាការិនី​ខ្មែរ​-​អាមេរិក​ខាងលើ​យកឈ្នះ​នៅ​ជុំ​ដំបូង​ក្នុង​លទ្ធផល ១០០-០​។ ប៉ុន្តែ​បរាជ័យ​នេះ​មិន​បានធ្វើ​ឲ្យ​រូបគេ​អស់​ឱកាស​នោះទេ ដោយ​កីឡាការិនី​រូបនេះ​ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី ដែល​ចាញ់​នៅ​ជុំ​ដំបូង​ដូចគ្នា ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​ប្រជែង​ដណ្តើមយក​មេដាយ​សំរឹទ្ធ​។


កីឡាការិនី​វៀតណាម Duong Thi Thanh Minh ចាញ់​ ខាន់ ចេសា ១០០-០ ប៉ុន្តែបានយកឈ្នះការប្រកួតក្រោយទៀត នឹងមានឱកាសដណ្តើមមេដាយសំរឹទ្ធ

​ប៉ុន្តែ​ដោយសារ​វិញ្ញាសារ​នេះ មាន​កីឡាការិនី​តែ​៦​រូប​ចូលរួម នាំ​ឲ្យ​កីឡាការិនី​វ័យ​២៧​ឆ្នាំ​រូបនេះ​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​។ បន្ទាប់មក ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​អាស៊ី Asian Games 2018 នៅ​ឥណ្ឌូណេស៊ី​រូបនេះ បាន​យកឈ្នះ​កីឡាការិនី​ថៃ Singchalad Nuchanat ដោយ​ធ្វើ​បានល្អ​ជាង​(Win by Advantages) នៅ​វគ្គ​ដណ្តើមយក​មេដាយ​សំរឹទ្ធ ដើម្បី​ទទួលបាន​មេដាយ​សំរឹទ្ធ​។​


ខាន់ ចេសា បានយកឈ្នះកីឡាការិនី​សិង្ហបុរី ១០០-០ នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ Teh May Yong បានឈ្នះនាការប្រកួតដណ្តើមមេដាយសំរឹទ្ធ

​សរុប​ជារួម​ទាំង​ម្ចាស់​មេដាយប្រាក់ Napolis Jenna Kaila របស់​ហ្វីលីពីន និង​មេដាយ​សំរឹទ្ធ Teh May Yong របស់​សិង្ហ​បុរី និង Duong Thi Thanh Minh របស់​វៀតណាម សុទ្ធតែ​ចាញ់​ក្រោម​ថ្វីដៃ​របស់​កីឡាការិនី ខាន់ ចេ​សា​។ កីឡាការិនី​វ័យ​១៨​ឆ្នាំ​រូបនេះ ជា​អ្នករក​មេដាយមាស​ទី​៤​ឲ្យ​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​៕ 
 



Tag:
 ជឺ​ជិត​ស៊ូ​
  ខាន់ ចេ​សា​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com