ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​លោក កឹម សុខា ត្រៀមខ្លួន​តតាំង​នឹង​តុលាការ នៅ​ថ្ងៃ​សវនាការ​
13, Dec 2019 , 11:49 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ផាន់ ច័ន្ទសាក់ អ្នកស្រី ម៉េង សុភារី លោក ផែង ហេង និង លោក ចាន់ ចេន ថតនៅក្នុងបរិវេណតុលាការកំពូល ពេលទៅចូលរួមក្នុងសវនាការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា។ រូបពីគណនីហ្វេសប៊ុក Heng Pheng
ពីឆ្វេងទៅស្តាំ៖ លោក ផាន់ ច័ន្ទសាក់ អ្នកស្រី ម៉េង សុភារី លោក ផែង ហេង និង លោក ចាន់ ចេន ថតនៅក្នុងបរិវេណតុលាការកំពូល ពេលទៅចូលរួមក្នុងសវនាការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា។ រូបពីគណនីហ្វេសប៊ុក Heng Pheng
ដោយ: ថ្មីៗ
​សហ​មេធាវី​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​មិន​ធ្វើ​អ្វី​ផ្សេងទៀត​ទេ ក្នុងដំណាក់កាល​នេះ ក្រៅតែពី​រង់ចាំ​ការបើក​សវនាការ​អង្គសេចក្តី មកដល់​។ 


 
​លោក ចាន់ ចេ​ន មេធាវី​ម្នាក់​របស់លោក កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង WhatsApp នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ ថា លោក និង សហ​មេធាវី​ផ្សេងទៀត កំពុង​បន្ត​ប្រមូល​ភស្តុតាង និង​សិក្សា​លម្អិត​ពី​សំណុំរឿង ដើម្បី​ដោះ​បន្ទុក​ឲ្យ​លោក កឹម សុខា នៅក្នុង​សវនាការ​នាពេលខាងមុខ​។ លោក អះអាងថា ក្រុម​មេធាវី ត្រៀមខ្លួន​រួចហើយ ដើម្បី​ចូលរួម​សវនាការ តតាំង​នឹង​តុលាការ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​យើង អត់​មានអី​ក្រៅ​តែ​ទៅ​ចូលរួម​សវនាការ​ទេ​»​។ 
 
​លោក ចាត់ ចេ​ន មិន​វិនិច្ឆ័យ​ជាមុន​ឡើយ ថា​សវនាការ​កាត់ក្តី​លោក កឹម សុខា នឹង​ប្រព្រឹត្ត​ទៅតាម​នីតិវិធី​និង​មាន​យុត្តិធម៌ ឬ​យ៉ាងណា​។ លោក គ្រាន់តែ​បង្ហាញ​ការយល់ឃើញថា សំណុំរឿង​របស់លោក កឹម សុខា គឺពាក់ព័ន្ធ​នឹង​នយោបាយ ដូច្នេះ គួរតែ​ដោះស្រាយ​តាមផ្លូវ​នយោបាយ ទើប​ប្រសើរ​ជាង​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​ឬ​តុលាការ​។ 
 
​លោក បន្តថា ក្រុម​មេធាវី ទើបនឹង​បាន​ទៅសួរសុខទុក្ខ​លោក កឹម សុខា នៅ​គេហដ្ឋាន​។ ប៉ុន្តែ លោក បដិសេធ មិន​បង្ហើប​ឡើយ​ថា លោក កឹម សុខា មានប្រសាសន៍​អ្វីខ្លះ ជាមួយ​ក្រុម​មេធាវី​។ 
 
​ចំណែក​ការសម្រេចចិត្ត​របស់លោក កឹម សុខា ថា​ចូលរួម​សវនាការ​ឬ​មិន​ចូលរួម​នោះ លោក​មេធាវី ក៏​មិនអាច​បញ្ជាក់​បានឡើយ​។ លោក ថ្លែង​បែបនេះ​ថា​៖«​ពេលវេលា​នៅ​យូរ​ដែរ ដូច្នេះ​កូនក្តី​របស់ខ្ញុំ​មិនទាន់​សម្រេចចិត្ត​នោះទេ​»​។ យ៉ាងណា លោក​មេធាវី លើកឡើងថា លោក កឹម សុខា ជា​អ្នកគោរពច្បាប់ ដូច្នេះ​លោក នឹងធ្វើ​អ្វី​តាមច្បាប់​និង​តុលាការ ដែល​បាន​តម្រូវ​។ 
 
​តុលាការ បានសម្រេច​លើកយក​សំណុំរឿង​របស់លោក កឹម សុខា ទៅ​បើកសវនាការ​ជំនុំជម្រះ​អង្គសេចក្តី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ក្រោយពី​ឆ្លងកាត់​ការ​ស៊ើបសួរ​អស់​រយៈពេល​២​ឆ្នាំ​។ សវនាការ​អង្គសេចក្តី គឺ​ដើម្បី​សម្រេច​ថា​លោក កឹម សុខា មានទោស​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដូច​ការចោទប្រកាន់​ពិតមែន ឬក៏​មិន​មានទោស​។ 
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ថា អាមេរិក កំពុង​តាមដាន​មើល​ការកាត់ក្តី​លោក កឹម សុខា​៕ 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com