អន្តរជាតិ
អង់គ្លេស​៖​បក្ស​អភិរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី ច​ន​សុន ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​សភា​
13, Dec 2019 , 12:29 pm        
រូបភាព
លោក បូរីស ចនសុន នឹងបន្តដឹកនាំអង់គ្លេស ក្រោយបក្សអភិរក្សនិយមឈ្នះការបោះឆ្នោតសភា។ រូបភាព AFP
លោក បូរីស ចនសុន នឹងបន្តដឹកនាំអង់គ្លេស ក្រោយបក្សអភិរក្សនិយមឈ្នះការបោះឆ្នោតសភា។ រូបភាព AFP
​គណបក្ស​អភិរក្សនិយម​របស់​នា​យក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​១២ ខែធ្នូ ជាមួយនឹង​ការកើនឡើង​កៅអី​សភា លើសពី​ពាក់កណ្ដាល​។ ជ័យជម្នះ​នេះ នឹង​បើកផ្លូវ​ដល់​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដែលជា​គោលនយោបាយ​ធំ​របស់លោក ច​ន​សុន បន្ទាប់ពី​បរាជ័យ​ផ្ទួនៗ​នាពេល​កន្លងមក​។ អឺរ៉ុប​ឯណោះ​វិញ ក៏បាន​សាទរ​លទ្ធផល​នេះ ហើយ​ត្រៀមខ្លួន​ចរចា​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​វិញ​ម្ដង​។​

 
​ល្បែង​នយោបាយ​ដ៏​ប្រថុយប្រថាន​របស់ លោក បូរី​ស ច​ន​សុន ពិតជា​ទទួលផល​ដូច​ការគ្រោងទុក​របស់​លោក​។ ការស្ទង់មតិ និង​លទ្ធផល​បឋម​ការបោះឆ្នោត​មុន​អាណត្តិ​ថ្ងៃទី​១២ ខែធ្នូ បង្ហាញថា បក្ស​អភិរក្សនិយម​របស់លោក ច​ន​សុន ស្ថិត​លើ​ដំណើរ​ទៅកាន់​ជ័យជម្នះ​ដ៏​ធំធេង ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ចុងក្រោយ ហើយ​បំណង​អូស​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប ក៏​អាច​សម្រេចបាន​តាម​ផែនការ​ផងដែរ​។ ថ្ងៃ​ចាកចេញ​ចុងក្រោយ គឺ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ ខាងមុខ​។​
 
​លទ្ធផល​រាប់​សន្លឹកឆ្នោត​បឋម​បង្ហាញថា ក្នុងចំណោម​កៅអី​សភា​ទាំង​៦៥០ គណបក្ស​អភិរក្សនិយម បានទទួល​សំឡេង​ភាគច្រើន​ចំនួន​៣៦៨ ដូចនឹង​លទ្ធផល​ស្ទង់​មតិ​ដែរ​។ ចំនួន​នេះ គឺ​លើសពី​សំឡេង​ត្រូវការ​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល និង​ជា​ជ័យជម្នះ​ដ៏​ធំ របស់​បក្ស​អភិរក្ស​គិត​តាំងពី​ឆ្នាំ​១៩៨៧​។ ខណៈ​បក្ស​ពលករ​របស់លោក ជេ​រេ​មី ខ​ប៊ី​ន វិញ អាច​ទទួល​បានតែ​១៩១​កៅ​អ​ប៉ុណ្ណោះ​។ ទាំង​លោក ច​ន​សុន ទាំង​លោក ខ​ប៊ី​ន សុទ្ធតែ​ជាប់ឆ្នោត​ក្នុង​មណ្ឌល​រៀងៗ​ខ្លួន​។​
 
​ជាមួយនឹង​ជ័យជម្នះ​នេះ លោក ច​ន​សុន ដែល​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​ចុងក្រោយ​របស់​អង់គ្លេស ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប អាច​ធ្វើតាម​ការសន្យា​នាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​តាម​ថ្ងៃ​កំណត់ ហើយ​បើក​ការចរចា​ជាមួយ​អឺរ៉ុប​លើ​ទំនាក់ទំនង​អនាគត​។ នៅ​ថ្ងៃទី​១៣ ខែធ្នូ មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត លោក ច​ន​សុន ហៅ​លទ្ធផល​នេះ​ថា ជាការ​ទទួលបាន​អាណត្តិ​ដ៏​មាន​ឥទ្ធិពល​ពី​ប្រជាជន ដើម្បី​សម្រេច​ឲ្យ​បានការ​ចាកចេញ និង​បង្រួបបង្រួម​ប្រទេស​។ 
 
​ចំណែក​លោក ខ​ប៊ី​ន ដែល​ដឹកនាំ​បក្ស​ពលករ​រង​បរាជ័យ​ធ្ងន់ធ្ងរ​នោះ បានប្រកាស​មិន​ដឹកនាំ​បក្ស​ចូលរួម​ការបោះឆ្នោត​លើក​ក្រោយ​ទៀតឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ជ័យជម្នះ​សម្រាប់​លោក ច​ន​សុន ជា​រឿង​គួរ​ឲ្យ​ត្រេកអរ​សម្រាប់​អឺរ៉ុប ដែល​បាន​តាមដាន​ការបោះឆ្នោត​នេះ​យ៉ាង​យកចិត្តទុកដាក់​។ ម្ដង​ជា​ពីរដង អឺរ៉ុប​ត្រូវ​ធ្វើការ​ឡើងវិញ លើ​កិច្ចព្រមព្រៀង​ចាកចេញ​របស់​អង់គ្លេស នៅពេលដែល​បក្ស​អភិរក្ស មិនអាច​ប្រមូល​សំឡេង​គ្រប់​បាន​នាពេល​កន្លងមក​។ នៅក្រៅ​កិច្ចប្រជុំ​អឺរ៉ុប នាយករដ្ឋមន្ត្រី​ស៊ុយអែត Stefan Lofven អះអាងថា លទ្ធផល បានបង្ហាញ​យ៉ាងច្បាស់ ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​បន្តការងារ​ចែកផ្លូវ​គ្នា​ទៀត​៕

Tag:
 អង់គ្លេស​
  អឺរ៉ុប​
  Brexit
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com