ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ – ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាធនាគារពាណិជ្ជធំទី៣ នៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា សូមប្រកាសនៅថ្ងៃនេះថា ចំណាត់ថ្នាក់ឥណទានរយៈពេលវែងរបស់ខ្លួន ដែលទទួលបានពីភ្នាក់ងារវាយតម្លៃអន្តរជាតិឈ្មោះ Standard & Poor’s (S&P) Global Ratings ត្រូវបានដំឡើងពីកម្រិត «B» ទៅ «B+» ជាមួយនឹងទស្សនវិស័យស្ថិរភាព។
«យើងពិតជារីករាយណាស់ ដែលទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទានពី S&P ព្រោះវាឆ្លុះបញ្ចាំងពីដំណើរការល្អរបស់យើង និងបញ្ជាក់ពីជំហររឹងមាំរបស់ ABA នៅក្នុងទីផ្សារ»។ នេះបើតាមប្រសាសន៍របស់ លោក Zhiger Atchabarov ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA។ លោក Zhiger Atchabarov បន្ថែមថា៖«នេះគឺជាលទ្ធផល នៃការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មត្រឹមត្រូវរបស់យើង ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងម្ចាស់ភាគហ៊ុន»។
អ្នកជំនាញរបស់ S&P ចាត់ទុកសមត្ថភាពនៃការគ្រប់គ្រង និងប្រព័ន្ធឌីជីថលរបស់ធនាគារ ABA ថាមានគុណសម្បត្តិល្អ ក្នុងការប្រកួតប្រជែង រួមជាមួយនឹងការគាំទ្រពីសម្ព័ន្ធធនាគារជាតិកាណាដាផងដែរ។
«យើងបានដំឡើងចំណាត់ថ្នាក់របស់យើង ដល់ធនាគារ ABA ដោយផ្អែកលើសម្ភាររបស់ធនាគារ និងការកើនឡើងចំណែកទីផ្សារ នៃប្រាក់កម្ចី និងប្រាក់បញ្ញើ រួមនឹងការទទួលបានប្រាក់ចំណេញលើសពីមធ្យម។ បច្ចុប្បន្ន ធនាគារ ABA គឺជាធនាគារធំលំដាប់ទី៣នៅកម្ពុជា ហើយសិទ្ធិអាជីវកម្មរបស់ខ្លួន គ្របដណ្តប់អតិថិជនទាំងនៅក្នុងទីក្រុង និងជនបទ ក៏ដូចជាប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងទីផ្សារផងដែរ។ តាមទស្សនៈរបស់យើង គុណសម្បត្តិដ៏មានភាពប្រកួតប្រជែងរបស់ធនាគារ ទំនងជានឹងបន្តគាំទ្រដល់ស្ថិរភាពអាជីវកម្មរយៈពេលវែងបាន»។ នេះបើយោងតាមបច្ចុប្បន្នភាពនៃការស្រាវជ្រាវរបស់ S&P។
«សិទ្ធិអាជីវកម្មរបស់ ABA នៅទូទាំងប្រទេស និងវត្តមានដ៏រឹងមាំរបស់ខ្លួន ក្នុងការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យម (MSME) នឹងបន្តគាំទ្រដល់ជំហរអាជីវកម្មរបស់ខ្លួន។ ធនាគារ ABA បាន និងកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ ២០១០ ជាពិសេសនៅក្នុងផ្នែក MSME។ យើងប៉ាន់ស្មានឃើញថា ចំណែកទីផ្សាររបស់ធនាគារ ABA មានដល់ទៅប្រហែលជា ១០ ភាគរយ សម្រាប់ប្រាក់កម្ចី និងប្រហែលជា ១២ ភាគរយ សម្រាប់ប្រាក់បញ្ញើ។ នេះបើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩»។ អ្នកវិភាគរបស់ S&P បានបន្ថែម។
ទស្សនវិស័យស្ថិរភាពក៏ឆ្លុះបញ្ចាំងពីការយល់ឃើញ ដែលថាធនាគារ ABA នឹងគ្រប់គ្រងកំណើនប្រាក់កម្ចី និងប្រាក់បញ្ញើ យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ហើយនឹងបន្តរាយការណ៍អំពីគុណភាពទ្រព្យសម្បត្តិល្អ នៅក្នុងបរិយាកាសប្រតិបត្តិការដែលមានហានិភ័យខ្ពស់របស់កម្ពុជា។
ភ្នាក់ងារវាយតម្លៃអន្តរជាតិ S&P បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត «B» ដល់ធនាគារ ABA នៅក្នុងឆ្នាំ ២០១៧ និងរក្សាចំណាត់ថ្នាក់នេះដដែល នៅក្នុងឆ្នាំ២០១៨។
អំពី S&P Global Ratings
ជាមួយការផ្តល់ចំណាត់ថ្នាក់ឥណទានដ៏លេចធ្លោប្រមាណជាង ១លាន ដល់ស្ថាប័នរដ្ឋាភិបាល,សាជីវកម្ម, វិស័យហិរញ្ញវត្ថុ, ក្រុមហ៊ុនហិរញ្ញវត្ថុ និងមូលបត្រអន្តរជាតិ S&P Global Ratings គឺជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានឈានមុខកម្រិតពិភពលោក។ ការវិភាគហានិភ័យឥណទាន ការស្រាវជ្រាវ និងទិន្នន័យនានា នៃស្ថាប័ននេះ ជួយគាំទ្រដល់ការរីកចម្រើននៃតម្លាភាព និងសន្ទនីយភាពទីផ្សារលើពិភពលោក។ S&P Global Ratings មានអ្នកជំនាញប្រមាណជាង ១,៥០០ ក្នុង ២៨ប្រទេស លើពិភពលោក និងមានទីស្នាក់ការ កណ្តាលនៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.spratings.com៕
(អត្ថបទពាណិជ្ជកម្ម)