អន្តរជាតិ
អ្នកស្រី​ស៊ូ​ជី​៖ សេចក្តីសម្រេច​របស់​តុលាការ នឹង​ជួយ​មី​យ៉ាន់​ម៉ា​បង្រួបបង្រួម​គ្នា​នៅក្នុង​ប្រទេស​
13, Dec 2019 , 2:53 pm        
រូបភាព
លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា មានវត្តមាននៅក្នុងសវនាការតុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ។ រូបភាព៖ AFP
លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា មានវត្តមាននៅក្នុងសវនាការតុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ។ រូបភាព៖ AFP
​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព នៅ​ថ្ងៃទី​១២ ខែធ្នូ បាន​ជំរុញ​ឲ្យ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ទម្លាក់ចោល​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ការព្រលយ​ពាក្យ​របស់​អ្នកស្រី ស៊ូ​ជី បែបនេះ ដោយ​សង្ឃឹមថា សេចក្តីសម្រេច​របស់​តុលាការ នឹង​ជួយ​ឲ្យ​មី​យ៉ាន់​ម៉ា​អាច​បង្រួបបង្រួម​គ្នា និង​បញ្ចប់​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​។


 
«​ខ្ញុំ​បន់ស្រន់​ឲ្យ​សេចក្តីសម្រេច​របស់​តុលាការ ប្រកបដោយ​គតិបណ្ឌិត និង​យុត្តិធម៌ ដើម្បី​ជួយ​ឲ្យ​យើង [​មី​យ៉ាន់​ម៉ា​] អាចបង្កើត​សាមគ្គីភាព​នៅក្នុង​ប្រទេស​បាន​»​។ នេះ​ជាស​ម្តី​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ថ្លែង​នៅ​ចំពោះមុខ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់​។ 
 
​ក្នុងន័យ​ទទូច​ឲ្យ​តុលាការ​ទីក្រុង​ឡាអេ ទម្លាក់ចោល​បទចោទប្រកាន់​មី​យ៉ាន់​ម៉ា ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ អ្នកស្រី ស៊ូ​ជី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា សេចក្តីសម្រេច​ទម្លាក់​ប​ទ​ចោទប្រកាន់ គឺ​សំខាន់​ណាស់ ដើម្បី​បញ្ចប់​ជម្លោះផ្ទៃក្នុង​មី​យ៉ាន់​ម៉ា និង​ការបង្រួបបង្រួម​ជនជាតិភាគតិច​ទាំងមូល​។ ផ្ទុយទៅវិញ សេចក្តីសម្រេច​របស់​តុលាការ​ក្នុង​គោលបំណង​ដាក់ទណ្ឌកម្ម​ទៅលើ​ទីក្រុង​ណៃ​ពិដោ មានតែ​បង្ក​ឲ្យ​មាន​ជម្លោះ និង​បំផ្លាញ​ដំណើរ​ផ្សះផ្សា​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា​កាន់តែខ្លាំង​ជាមុន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកស្រី ស៊ូ​ជី ក្នុង​សេចក្តីថ្លែងការណ៍​រយៈពេល ៦​នាទី ដើម្បី​បិទ​បញ្ចប់​ការផ្តល់​សក្ខី​កម្មនា​ថ្ងៃទី​១២ ខែធ្នូ​។ 
 
​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បើក​អង្គ​សវនាការ​រយៈពេល​បី​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែធ្នូ តាម​បណ្តឹង​របស់​ប្រទេស​ហ្គំ​ប៊ី​។ ក្នុង​ពាក្យបណ្តឹង​នោះ ហ្គំ​ប៊ី​បាន​ចោទថា មី​យ៉ាន់​ម៉ា​បាន​ប្រព្រឹត្ត «​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​» ដោយ​ការសម្លាប់​រង្គាល ចាប់រំលោភ អំពើហិង្សា​ផ្លូវភេទ និង​ការដុត​ផ្ទះសម្បែង​ជាដើម​។ រដ្ឋ​អាហ្វ្រិក​ដែល​តំណាង​ឲ្យ​ប្រទេស​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម​មួយ​នេះ ចង់​ឲ្យ​តុលាការអន្តរជាតិ ចេញ​វិធាន​ការហាម​មី​យ៉ាន់​ម៉ា​បន្តសកម្មភាព​ធ្វើទុក្ខបុកម្នេញ​នេះ​ទៀត​។​
 
​សូមបញ្ជាក់ថា មី​យ៉ាន់​ម៉ា បានទទួល​ស្គាល់​ជា​ផ្លូវការ ជនជាតិភាគតិច​នៅក្នុង​ប្រទេស​របស់ខ្លួន​ចំនួន ១៣៥​ក្រុម ចំណែក​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនបាន​ទទួលស្គាល់​ឡើយ​។ ការមិនទទួលស្គាល់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ គឺ​ដោយសារតែ​ច្បាប់​ស្តីពី​ប្រជាពលរដ្ឋ ឆ្នាំ​១៩៨២​។ តាមរយៈ​ច្បាប់​នេះ មី​យ៉ាន់​ម៉ា​ទទួលស្គាល់​តែ​ជនជាតិភាគតិច​ណា ដែល​មក​តាំងនៅ​ក្នុង​ទឹកដី​នេះ មុន​ឆ្នាំ ១៨២៣​ប៉ុណ្ណោះ​។ ដោយឡែក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា គឺ​មក​ក្រោយ​ឆ្នាំ​១៨២៣ ទើប​រដ្ឋាភិបាល​មិន​ទទួលស្គាល់​៕  

Tag:
 មី​យ៉ាន់​ម៉ា​
  តុលាការ​យុត្តិធម៌​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com